ជនអន្តោប្រវេសន៍​រាប់​សែននាក់​ដែល​ត្រូវ​បានអនុញ្ញាត​ឱ្យមក​សហរដ្ឋអាមេរិក​ជាពិសេស​នឹង​ត្រូវ​បាន​ជូន​ដំណឹង​ថា​ពួក​គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ប្រទេស​នេះ​ជា​បន្ទាន់។ នេះ​បើ​យោង​តាម​ក្រសួង​សន្តិសុខមាតុភូមិ (DHS)។

DHS បាន​និយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជនជាតិគុយបា ​ហៃទី នីការ៉ាហ្គា និង​វ៉េណេស៊ុយអេឡា ដែល​ពីមុន​ត្រូវ​បាន​ការពារ​ជា​បណ្តោះអាសន្ន​ពី​ការ​និរទេស នឹង​ទទួល​បាន​សេចក្តី​ជូនដំណឹង​តាម​អ៊ីមែល​ឱ្យ​ចាក​ចេញ​ពី​អាមេរិក។

DHS បាននិយាយថា មនុស្ស​ជាង​កន្លះ​លាន​នាក់​មក​ពីប្រទេស​ទាំង​បួន​នេះ​ត្រូវបានអនុញ្ញាតឱ្យ​ស្នាក់​នៅ​ក្នុងសហរដ្ឋអាមេរិករយៈ​ពេល​ពីរ​ឆ្នាំ​ក្រោម​បទបញ្ជារបស់​អតីតប្រធានាធិបតី Joe Biden។

ប៉ុន្តែ បទ​បញ្ជា​នេះ​នឹង​ជួប​ប្រទះ​នឹង​ការប្រឈម​ផ្លូវច្បាប់​ពីអ្នក​ប្រឆាំង​នឹងក​ម្មវិធីនិរទេស​ដ៏​ធំ​របស់​រដ្ឋបាល​លោក​ ត្រាំ។

ក្នុង​អំឡុង​ពេល​កាន់​តំណែង លោក Biden បានពង្រីក​ការការពារ​ដល់​ជន​អន្តោប្រវេសន៍​ដែល​ហៅ​ថា «ការ​លើក​លែង​មនុស្សធម៌» ដែល​ជា​គោល​ការណ៍​​មាន​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់ ដោយសារ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ទាំង​បួន។

ក្រសួង​សន្តិសុខមាតុភូមិ ​(DHS) ​ធ្លាប់​បាន​និយាយ​ថា រហូតដល់​ចុង​ខែ​វិច្ឆិកា ២០២៤ មនុស្ស​សរុប ៥៣១,៦៧០ នាក់​ត្រូវបានផ្តល់​ការអនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្រោម​កម្មវិធី​នេះ ហើយ​ជាលទ្ធផល ការឆ្លង​ដែន​ខុសច្បាប់​របស់​ពលរដ្ឋ​នៃ​ប្រទេសទាំង​បួន​បាន​ថយ​ចុះ ៩៨%។

ទោះជា​យ៉ាង​ណា មិនទាន់ច្បាស់​ថា មនុស្ស​ប៉ុន្មាន​នាក់​នឹង​រងផលប៉ះពាល់​ដោយ​បទបញ្ជា​ថ្មី​នេះ​ទេ ព្រោះ​ជនអន្តោប្រវេសន៍​មួយ​ចំនួន​ពីប្រទេស​ទាំងនោះអាចទទួល​បានស្ថានភាព​ស្របច្បាប់ដើម្បី​ស្នាក់នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្រោម​កម្មវិធី​ទិដ្ឋាការ​ផ្សេង​ទៀត។

រដ្ឋបាល Biden បាន​និយាយថា ជនអន្តោប្រវេសន៍​ទាំង​នេះ ដែល​តម្រូវឱ្យមាន​អ្នកឧបត្ថម្ភ​នៅ​សហរដ្ឋអាមេរិក ត្រូវបានពិនិត្យ​និង​ស៊ើប​អង្កេត។ ទោះជាយ៉ាងណា រដ្ឋបាល ត្រាំ​ មិន​យល់​ស្រប​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​ គឺ​លោកស្រី ​Tricia McLaughlin បាន​ហៅ​កម្មវិធី​របស់​លោក ​Biden ថា «គ្រោះមហន្តរាយ» ហើយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា កម្មវិធី​របស់​លោក Biden ​បានបើកទ្វារសម្រាប់​ការ​ទាមទារ​ក្លែងក្លាយ​ ឧក្រិដ្ឋកម្ម និង​ប៉ះ​ពាល់​ដល់កម្មករ​អាមេរិក៕