អ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តប្រយុទ្ធ​គ្នា​ ដោយបានសម្លាប់ និង​បង្ក​របួស​ដល់​ជនស៊ីវិល​ជាច្រើនរយនាក់ និងបានបង្កើនការព្រួយបារម្ភដល់មេដឹកនាំពិភពលោកដែលជួបប្រជុំគ្នានៅប្រទេសកាណាដាក្នុងសប្តាហ៍នេះ ដោយ​លើក​ឡើង​ថា សង្គ្រាមរវាងសត្រូវចាស់ទាំងពីរអាចរាលដាលទៅ​ក្នុងតំបន់។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយថា ចំនួនអ្នកស្លាប់នៅ​អ៊ីរ៉ង់ក្នុងរយៈពេលបួនថ្ងៃនៃការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងគោលបំណងលុបបំបាត់​កម្មវិធីផលិតនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ២២៤នាក់ ដោយ ៩០ភាគរយ​នៃអ្នកស្លាប់គឺជាជនស៊ីវិល។

រីឯប្រទេសអ៊ីស្រាអែលវិញ យ៉ាងហោចណាស់មានមនុស្ស ១០នាក់រួមទាំងកុមារបានស្លាប់។ នេះបើយោងតាមការចេញផ្សាយពីអាជ្ញាធរ។

ក្រុមមេដឹកនាំទាំង ៧ប្រទេស (G7) ចាប់ផ្តើមប្រជុំគ្នានៅប្រទេសកាណាដាកាលពីថ្ងៃអាទិត្យ និង​បាន​ពិភាក្សា​អំពី​ជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលស្ថិតក្នុងចំណោមអាទិភាពខ្ពស់បំផុតក្នុងកិច្ចប្រជុំ។

អធិការបតី​អាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា គោលដៅរបស់លោក​សម្រាប់កិច្ចប្រជុំកំពូលនេះរួមមាន ការទប់ស្កាត់មិនឲ្យអ៊ីរ៉ង់អភិវឌ្ឍ ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ការធានាសិទ្ធិការពារខ្លួន​របស់ប្រទេសអ៊ីស្រាអែល ការ​ការពារជម្លោះមិនឲ្យ​កើនឡើង និងលទ្ធភាពសម្រាប់ការទូត ដែលបញ្ហាទាំងនេះគឺជាបញ្ហាសំខាន់បំផុតនៅក្នុងកិច្ចប្រជុំ G7 នេះ។

មុនពេលចាកចេញពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរថា តើអ្វីជាវិធានការ​ដើម្បីបន្ថយស្ថានការណ៍តានតឹងដែល​កំពុងកើតឡើង? លោកបានឆ្លើយថា៖ «ខ្ញុំសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយ ខ្ញុំគិតថា​វាដល់ពេលសមរម្យមួយសម្រាប់កិច្ចព្រមព្រៀងហើយ»​។ លោកបន្តទៀតថា៖ «ពេលខ្លះពួកគេត្រូវតែដោះស្រាយបញ្ហាដោយការប្រយុទ្ធ»។

អ៊ីរ៉ង់បានប្រាប់​មេដឹកនាំ​កាតា និងអូម៉ង់ ដែល​ជា​ប្រទេស​សម្របសម្រួលថា ខ្លួនមិនបើកចំហរក្នុងការចរចាបទឈប់បាញ់នោះទេ ខណៈពេលដែលខ្លួនកំពុងស្ថិតក្រោមការវាយប្រហាររបស់​អ៊ីស្រាអែល។ នេះបើយោងតាមមន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ៕