
ផ្សេងចេញពីការវាយប្រហារនៅទីក្រុងតេហេរ៉ង់។ AP
ធូលី និងកម្ទេចកម្ទីស្ថិតនៅពេញស្ទូឌីយ៉ូទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ហើយអ្នកអានព័ត៌មានម្នាក់បានរត់ចេញពីមុខកាមេរ៉ា កាលពីថ្ងៃចន្ទនៅទីក្រុងតេហេរ៉ង់ នៅពេលដែលអ៊ីស្រាអែលបានវាយប្រហារក្នុងអំឡុងពេលផ្សាយផ្ទាល់ មួយម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានចេញសេចក្តីព្រមានសម្រាប់ទីក្រុងតេហេរ៉ង់។
នាង Sahar Emami អ្នកអានព័ត៌មាននៅបណ្តាញព័ត៌មានអ៊ីរ៉ង់ ត្រូវបានគេឃើញរត់ចេញពីកាមេរ៉ាយ៉ាងប្រញាប់ ខណៈអេក្រង់នៅពីក្រោយនាងត្រូវបានផ្តាច់។ មនុស្សនៅកន្លែងផ្សាយត្រូវបានឮនិយាយថា «Allahu akbar» ដែលជាឃ្លាអារ៉ាប់ ប្រែថា «ព្រះជាម្ចាស់ដ៏អស្ចារ្យ»។
ការផ្សាយបានប្តូរទៅកម្មវិធីដែលបានថតទុកជាមុនភ្លាមៗ។ មិនយូរប៉ុន្មាន Emami បានត្រឡប់មកផ្សាយផ្ទាល់ពីស្ទូឌីយ៉ូមួយផ្សេងទៀត ហើយត្រូវបានគេឃើញនិយាយជាមួយអ្នកអានព័ត៌មានម្នាក់ទៀត។ រូបភាពបង្ហាញពីផ្សែង និងអណ្តាតភ្លើងត្រូវបានគេឃើញនៅលើមេឃ។ ក្រោយមកស្ថានីយ៍នេះបានប្រកាសថា អគារនេះត្រូវបានវាយប្រហារដោយគ្រាប់បែកចំនួនបួនគ្រាប់។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះ ដោយអះអាងថា៖ «អាជ្ញាធរផ្សព្វផ្សាយការឃោសនា និងការញុះញង់របស់របបអ៊ីរ៉ង់ត្រូវបានវាយប្រហារដោយកងកម្លាំងការពារអ៊ីស្រាអែល បន្ទាប់ពីមានការជម្លៀសប្រជាជននៅតំបន់នោះយ៉ាងទូលំទូលាយ»។លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងនឹងវាយប្រហារមេដឹកនាំអ៊ីរ៉ង់នៅគ្រប់ទីកន្លែង»។
លោក Esmaeil Baqaei អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារនេះ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិទាមទារយុត្តិធម៌ចំពោះការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ។
វីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គមបង្ហាញថា អគារ IRINN ដែលគេស្គាល់ថាជា «អគារកញ្ចក់» នៅតែកំពុងឆេះ។ មិនទាន់មានរបាយការណ៍ផ្លូវការណាមួយអំពីចំនួនអ្នករងរបួសពីឧបទ្ទវហេតុនេះទេ។
អ្នកអានព័ត៌មានម្នាក់បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា មានសហសេវិកមួយចំនួនបានរងរបួស ប៉ុន្តែក្រុមគ្រួសាររបស់ពួកគេមិនគួរព្រួយបារម្ភឡើយ។បណ្តាញព័ត៌មានដដែលនិយាយថា កម្មវិធីផ្សាយផ្ទាល់របស់ខ្លួនឥឡូវនេះត្រូវបានផ្ទេរទៅកាន់ស្ទូឌីយ៉ូមួយផ្សេងទៀត ដែលស្រដៀងនឹងស្ទូឌីយ៉ូវិទ្យុ។
មួយម៉ោងមុនព្រឹត្តិការណ៍កើតឡើង យោធាអ៊ីស្រាអែលបានចេញសេចក្តីព្រមានឱ្យជម្លៀសប្រជាជនដែលអាចមានមនុស្សរហូតដល់ ៣៣ម៉ឺននាក់នៅតំបន់មួយស្ថិតនៅកណ្ដាលទីក្រុងតេហេរ៉ង់ ដែលរួមមានទូរទស្សន៍រដ្ឋ និងទីស្នាក់ការប៉ូលិសរបស់ប្រទេសអ៊ីរ៉ង់ ព្រមទាំងមន្ទីរពេទ្យធំៗចំនួនបី។
ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានប្រកាសថាខ្លួនបានបាញ់មីស៊ីលចំនួនប្រមាណ ១០០ គ្រាប់ និងបានសន្យាថានឹងសងសឹកបន្ថែមទៀតចំពោះការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធយោធា និងនុយក្លេអ៊ែររបស់ខ្លួន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២៤ នាក់នៅក្នុងប្រទេសនេះចាប់តាំងពីថ្ងៃសុក្រ។
រហូតមកដល់ពេលនេះ មនុស្ស ២៤ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល និងជាង ៥០០ នាក់ទៀតរងរបួស បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាង ៣៧០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង។ នេះបើតាមមន្ត្រីអ៊ីស្រាអែល។
អង្គការគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បាននិយាយថា ខ្លួន «មានការរន្ធត់ចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់អំឡុងពេលផ្សាយផ្ទាល់»។
CPJ ថ្លែងថា៖ «ការសម្លាប់អ្នកសារព័ត៌មានជិត ២០០ នាក់នៅហ្គាហ្សាដោយគ្មានទោសពៃរ៍របស់អ៊ីស្រាអែល បានជំរុញឱ្យអ៊ីស្រាអែលកំណត់គោលដៅលើប្រព័ន្ធផ្សព្វផ្សាយនៅកន្លែងផ្សេងទៀតក្នុងតំបន់»
យោងតាមកំណត់ត្រារបស់អង្គការសហប្រជាជាតិ និង CPJ យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សាបានសម្លាប់អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ១៧៣ នាក់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕