
ប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលបាញ់ស្ទាក់មីស៊ីលរបស់អ៊ីរ់ងនៅទីក្រុង Tel Aviv នៅថ្ងៃទី១៨ មិថុនា។ AP
មេដឹកនាំកំពូលអ៊ីរ៉ង់កំពុងលាក់ខ្លួន និងបានបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យចុះចាញ់នៅចំពោះមុខការវាយប្រហារបន្ថែមរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធ និងបានព្រមានថា ការជ្រៀតជ្រែកផ្នែកយោធាណាមួយរបស់អាមេរិកនឹងបណ្តាលឱ្យ «មានការខូចខាតមិនអាចជួសជុលបានចំពោះពួកគេ»។
ការបង្ហាញខ្លួនជាសាធារណៈលើកទីពីររបស់ Ayatollah Ali Khamenei (អាយ៉ាតុឡស អាលី ខាមេនី) ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមកាលពីប្រាំមួយថ្ងៃមុន បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានដកចេញការរឹតបន្តឹងមួយចំនួនលើជីវិតប្រចាំថ្ងៃ ដែលបង្ហាញថាការគំរាមកំហែងពីមីស៊ីលរបស់អ៊ីរ៉ង់កំពុងបន្ធូរបន្ថយ។
មេដឹកនាំអ៊ីរ៉ង់ Khamenei និយាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទាមទារនៅក្នុងការបង្ហោះលើបណ្តាញសង្គមថា អ៊ីរ៉ង់ត្រូវចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងបានព្រមានថា សហរដ្ឋអាមេរិកដឹងថាគាត់នៅទីណា ប៉ុន្តែមិនមានផែនការសម្លាប់គាត់ទេ «យ៉ាងហោចណាស់មិនមែននៅពេលនេះទេ»។
លោក ត្រាំ ដំបូងឡើយបានដកខ្លួនចេញពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែលដែលមានគោលដៅលើកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ លោកបានបង្ហាញពីការពាក់ព័ន្ធរបស់អាមេរិកកាន់តែខ្លាំងឡើង ដោយនិយាយថា លោកចង់បានអ្វីមួយ «ធំជាង» ជាងការឈប់បាញ់។ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះយោធា និងនាវាចម្បាំងបន្ថែមទៅកាន់តំបន់នេះផងដែរ។
លោក Khamenei បានច្រានចោល «សេចក្តីថ្លែងការណ៍ដែលមានលក្ខណៈគំរាមកំហែង និងឥតន័យ« របស់ ត្រាំ។
លោកថ្លែងក្នុងវីដេអូឃ្លីបមួយថា៖ «បុគ្គលដែលមានប្រាជ្ញា ដែលស្គាល់អ៊ីរ៉ង់ ប្រជាជនរបស់ខ្លួន និងប្រវត្តិសាស្ត្ររបស់ខ្លួន មិនដែលនិយាយជាមួយប្រជាជាតិនេះដោយភាសានៃការគំរាមកំហែងឡើយ ពីព្រោះប្រជាជាតិអ៊ីរ៉ង់មិនមែនជាប្រជាជាតិដែលនឹងចុះចាញ់ឡើយ»។
លោកបន្តថា៖ «ជនជាតិអាមេរិកគួរតែដឹងថា ការជាប់ពាក់ព័ន្ធផ្នែកយោធាណាមួយរបស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខូចខាតដែលមិនអាចស្តារឡើងវិញបានចំពោះពួកគេជាមិនខាន»។
អ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់មេដឹកនាំ Khamenei មុនពេលវីដេអូនេះត្រូវបានចាក់ផ្សាយ ប្រហែលជាជាវិធានការសន្តិសុខ។ ទីតាំងរបស់លោក Khamenei មិនត្រូវបានគេដឹងទេ។
មន្ត្រីការទូតអឺរ៉ុបជាន់ខ្ពស់ម្នាក់បាននិយាយថា កិច្ចប្រជុំមួយនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស ដែលរួមមានអ្នកការទូតជាន់ខ្ពស់មកពីអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ព្រមទាំងអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប។
កិច្ចប្រជុំនេះទំនងជាគ្មានវត្តមានអាមេរិកទេ ទោះបីជាអ្វីៗអាចប្រែប្រួល។ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ដែលបាននិយាយក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
អ៊ីស្រាអែល បានលើកឡើងថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសជុំថ្មីមួយនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងតេហេរ៉ង់ និងតំបន់ផ្សេងទៀតនៃប្រទេអ៊ីរ៉ង់ ដោយមិនបានបញ្ជាក់លម្អិត។
យុទ្ធនាការតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ និងមូលដ្ឋានយោធាជាច្រើន ដោយបានសម្លាប់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៣៩ នាក់ រួមទាំងជនស៊ីវិល ២៦៣ នាក់ ត្រូវបានសម្លាប់នៅក្នុងអ៊ីរ៉ង់ និងជាង ១៣០០ នាក់រងរបួស។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល ៤០០ គ្រាប់ និងដ្រូនរាប់រយគ្រឿង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់នៅអ៊ីស្រាអែល និងធ្វើឱ្យរបួសរាប់រយនាក់។ មីស៊ីលខ្លះបានវាយប្រហារអគារផ្ទះល្វែងនៅកណ្តាលអ៊ីស្រាអែល បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ៕