
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀ ពូទីន បានបដិសេធមិនពិភាក្សាអំពីលទ្ធភាពដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកអាចសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នោះទេ ហើយលោកបានថ្លែងថា ប្រជាជនអ៊ីរ៉ង់កំពុងបង្រួបបង្រួមគ្នាជុំវិញការដឹកនាំនៅទីក្រុងតេហេរ៉ង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ចាក់ជាសាធារណៈថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ អាចនាំឲ្យមានការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកដឹងពីទីកន្លែងដែលមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei លាក់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងមិនសម្លាប់គាត់នៅពេលនេះទេ។
នៅពេលសួរថាតើលោកនឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើអ៊ីស្រាអែលសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Khamenei ដោយមានជំនួយពីសហរដ្ឋអាមេរិកនោះ លោក ពូទីន បានឆ្លើយថា «ខ្ញុំមិនចង់ពិភាក្សាអំពីលទ្ធភាពនោះទេ ខ្ញុំមិនចង់ទេ»។
នៅពេលដែលអ្នកសារព័ត៌មានព្យាយាមសួរលោក ពូទីន អំពីរបញ្ហានេះ លោកបាននិយាយថា លោកបានឮការពិភាក្សាអំពីផែនការសម្លាប់មេដឹកនាំអ៊ីរ៉ង់លោក Khamenei ប៉ុន្តែលោកមិនចង់ពិភាក្សាអំពីរឿងនេះទេ។
លោកបានលើកឡើងថា៖ «យើងមើលឃើញថាសព្វថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាមានភាពស្មុគស្មាញនៃដំណើរការនយោបាយផ្ទៃក្នុងបានកើតឡើងនៅទីនោះក៏ដោយ ក៏យើងឃើញនៅតែមានការរួបរួមគ្នានៅជុំវិញភាពដឹកនាំនយោបាយផងដែរ»។
លោក ពូទីន ក៏បានថ្លែងបន្តផងដែរថា ភាគីទាំងអស់គួរតែស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាម ដោយធានាថាមានការគោរពសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព និងសិទ្ធិរបស់អ៊ីស្រាអែលក្នុងការទទួលបានសុខសុវត្ថិភាពយ៉ាងពេញលេញដោយគ្មានលក្ខខណ្ឌ។
លោក ពូទីន បានអត្ថាធិប្បាយបែបនេះខណៈដែលលោក ត្រាំ កំពុងធ្វើឲ្យពិភពលោកសង្ស័យថា តើសហរដ្ឋអាមេរិកនឹងចូលរួមជាមួយអ៊ីស្រាអែលក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងផលិតនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ឬយ៉ាងណា។ នៅក្នុងនោះ លោក ត្រាំ បានព្រមានម្តងហើយម្តងទៀតឲ្យប្រជាជនអ៊ីរ៉ង់ជម្លៀសខ្លួនចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់។ គិតមកដល់ថ្ងៃនេះគឺឈានចូលដល់ថ្ងៃទី ៦ហើយនៃការវាយប្រហារតាមអាកាសនេះ។
លោក ពូទីន បាននិយាយថា លោកបានទាក់ទងជាមួយលោក ត្រាំ និងជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Netanyahu ដោយលោកបានបង្ហាញពីគំនិតនានារបស់ទីក្រុងម៉ូស្គូជុំវិញការដោះស្រាយជម្លោះ ក្នុងនោះរួមមានការធានាឲ្យអ៊ីរ៉ង់នៅតែមានសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងស៊ីវិល និងគោលបំណងសន្តិភាពបន្តទៀត៕