ពលរដ្ធប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានបាញ់សម្លាប់នៅជិតកន្លែងចែកជំនួយមនុស្សធម៌ក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអែលបានបដិសេធរបាយការណ៍នេះថាជាវា​រឿងមិនពិត។

ឧបទ្ទវហេតុនេះគឺជាអ្វី​ដែល​កើត​ឡើង​ចុងក្រោយបំផុត​ដែលជនជាតិប៉ាឡេស្ទីនត្រូវបានសម្លាប់ ខណៈពេលដែលព្យាយាមទទួលជំនួយពីមូលនិធិមនុស្សធម៌ Gaza (GHF) ដែលជាយន្តការដ៏ចម្រូងចម្រាសគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីចែកចាយជំនួយមនុស្សធម៌ដល់ក្រុមដែលកំពុងស្រេកឃ្លានបន្ទាប់ពីការបិទផ្លូវរបស់អ៊ីស្រាអែលអស់រយៈពេលជាច្រើនខែ។

GHF បានទទួលការរិះគន់ពីអង្គការសហប្រជាជាតិ និងភាគីផ្សេងទៀត ដែលបានព្រមានថា វាអាចនាំឲ្យប្រជាជនប៉ាលេស្ទីនត្រូវផ្លាស់ទីបន្ថែម ហើយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ដោយកាលពីសប្តាហ៍មុន ការចែកជំនួយនៅតំបន់ Gaza បានបង្ក​ឲ្យ​មានភាពវឹកវរ និងអំពើហិង្សា។

សាក្សីជាច្រើននាក់បាននិយាយ​ថា​ ពួកគេត្រូវបានបាញ់ប្រហារ នៅតំបន់ដែលគេស្គាល់ថា ជា «Al-Alam» ដែលស្ថិតនៅប្រហែល ៨០០​ម៉ែត្រ ពីទីតាំងដែលដំណើរការដោយ GHF នៅភាគខាងត្បូង Gaza ។

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន មន្ត្រី​ពេទ្យ និង​សាក្សីជាច្រើននាក់បាននិយាយថា កងទ័ព​អ៊ីស្រាអែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ប្រហារនេះ។ មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន ៣១ នាក់ត្រូវបានបាញ់សម្លាប់ ខណៈដែលកងទ័ពអ៊ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួន មិនបានបាញ់ទៅលើពលរដ្ឋ​ដែលនៅជិត ឬនៅក្នុងតំបន់ចែកជំនួយនោះឡើយ ប៉ុន្តែប្រភពមួយពីកងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថា កងទ័ពបានបាញ់ទៅលើបុគ្គលខ្លះប្រហែល ១ គីឡូម៉ែត្រ ពីទីតាំងនោះ មុនពេលទីតាំងចែកជំនួយដំណើរការ។

ក្រសួង​សុខាភិបាល​​ប៉ាឡេស្ទីន​បាន​និយាយ​ថា អ្នក​ស្លាប់​និង​របួស​ជាង ២០០ នាក់ត្រូវ​បាន​បញ្ចូនទៅ​​មន្ទីរពេទ្យ​ដោយក្នុង​នោះ​រាប់​សិប​នាក់​រង​របួស​ធ្ងន់ធ្ងរ។ អ្នក​ដែល​ស្លាប់​ទាំងអស់​ត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល និងទ្រូង៕ CNN