ប្រទេសចិនបានថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដែលបាន «ប្រមាថ»​ប្រទេសចិនថាបានគំរាមកំហែង និងបង្កើតភាពតានតឹងដែលបង្កឲ្យ​មានការប្រឈមមុខដាក់គ្នា។ ចិន​ថា សហរដ្ឋ​អាមេរិក​ជា​កត្តា​ចម្បង​ដែល​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

នៅក្នុងសុន្ទរកថានៅឯកិច្ចសន្ទនា Shangri-La កាលពីថ្ងៃសៅរ៍ លោក Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងម្តងហើយម្តងទៀតអំពីអ្វីដែលគេហៅថា «ការគំរាមកំហែង»ដែលចិនបានបង្កឡើង និងបានបញ្ចេញមតិអវិជ្ជមានលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ជាដើម។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា៖ «ការលើកឡើងនោះពោរពេញទៅដោយការញុះញង់ និង​មាន​បំណង​សាប​ព្រោះ​ការ​បែក​បាក់។ ប្រទេសចិនបដិសេធយ៉ាងដាច់អហង្កាប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក»។

អ្នក​នាំ​ពាក្យ​ដដែល​ថ្លែង​ថា៖ «លោក Hegseth មិនបានអើពើចំពោះការអំពាវនាវឲ្យមានសន្តិភាព និងការអភិវឌ្ឍពីបណ្តាប្រទេសក្នុងតំបន់ បែរជាជំនួសមកវិញនូវ​​ចិត្តគំនិតសង្រ្គាមត្រជាក់សម្រាប់ការប្រឈមមុខដាក់គ្នា និងបានធ្វើការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិនជាមួយនឹងការចោទប្រកាន់ ចិនថាជាអ្នកបង្ករការ គំរាមកំហែង»។

អ្នក​នាំពាក្យ​រូប​នេះបន្ត​​ថា​៖ «​គ្មាន​ប្រទេស​ណា​ក្នុង​ពិភពលោក​ស័ក្តិសម​នឹង​ត្រូវបាន​ហៅ​ថា​ជា​មហាអំណាច​អនុត្តរភាព​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ទេ ដែល​នេះ​ក៏​ជា​កត្តា​ចម្បង​ដែល​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ»។

អ្នកនាំពាក្យរូបនេះបានព្រមានថា៖ «អាមេរិកកំពុងប្រែក្លាយតំបន់នេះទៅជាតំបន់មានហានិភ័យខ្ពស់ក្នុងការផ្ទុះជាសង្គ្រាម និងធ្វើឱ្យប្រទេសក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំង»។

ចំពោះសំណួរពាក់ព័ន្ធនឹងតៃវ៉ាន់ អ្នកនាំពាក្យបានរំលឹកឡើងវិញថា វាជាកិច្ចការផ្ទៃក្នុងរបស់ប្រទសចិនទាំងស្រុង ហើយគ្មានប្រទេសណាមួយអាចជ្រៀតជ្រែកបានឡើយ។ សហរដ្ឋអាមេរិកមិនគួរសួរសំណួរពាក់ព័ន្ធទៅនឹងតៃវ៉ាន់ ដើម្បីជាឥទ្ធិពលប្រឆាំងនឹងចិន ហើយមិនត្រូវលេងសើចនឹងសំណួរនេះឡើយ។

ចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ «ចិនតែមួយ» និងសន្ធិសញ្ញរួមចំនួនបីរវាងចិន និងសហរដ្ឋអាមេរិក ដោយពេញលេញ និងបញ្ឈប់ការគាំទ្រការពង្រឹងកងកម្លាំងបំបែកខ្លួន «ឯករាជ្យតៃវ៉ាន់»។

នៅសមុទ្រចិនខាងត្បូង អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា មិនដែលមានបញ្ហាណាមួយទាក់ទងទៅនឹងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅទីនោះទេ។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​តាម​ពិត​គឺ​​សហរដ្ឋអាមេរិក​ទេ​​ដែល​ជា​កត្តា​ចម្បង​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ខណៈពេលដែលកិច្ច​ការពារអធិបតេយ្យភាពដែនដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ ធ្វើ​ឡើង​​ស្របតាមច្បាប់ និងបទប្បញ្ញត្តិ។

ចិនអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងពេញលេញចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព បញ្ឈប់ការបំពាន និងចេតនាបំផ្លាញសន្តិភាព និងស្ថិរភាពដែលបណ្តាប្រទេសក្នុងតំបន់ខិតខំថែរក្សារ និងបញ្ឈប់ការញុះញង់បង្កើតជម្លោះ និងការប្រឈមមុខដាក់គ្នាដែលបង្ករឲ្យ​មានភាពតានតឹងនៅក្នុងតំបន់៕