ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងសម្រេចចិត្តក្នុងរយៈពេលពីរសប្តាហ៍ខាងមុខថា តើយោធាអាមេរិកនឹងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឬយ៉ាង​ណា។ លោកគិតពីឱកាសម្រាប់ការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈដែលអ៊ីស្រាអែល​និង​អ៊ីរ៉ង់​ បានវាយប្រហារគ្នាទៅវិញទៅមកអស់រយៈពេល៧ថ្ងៃ​មក​ហើយ។

លោក ត្រាំ​ កំពុងថ្លឹងថ្លែងថាតើត្រូវវាយប្រហារប្រទេសអ៊ីរ៉ង់ ដោយការវាយលុកលើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Fordo ដែលស្ថិតនៅក្រោមភ្នំ និងមានការការពារយ៉ាងខ្លាំងឬយ៉ាងណា​ ដោយទីនោះត្រូវបានគេចាត់ទុកថាពិបាកនឹងវាយលុយចូលដល់ លើកលែងតែការប្រើប្រាស់គ្រាប់បែក «bunker-buster» របស់អាមេរិក។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានគំរាម​មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បន្ទាប់ពីមីស៊ីលអ៊ីរ៉ង់បានបាញ់ចូលមកលើមន្ទីរពេទ្យដ៏ធំមួយនៅភាគខាងត្បូងអ៊ីស្រាអែល ហើយបានវាយប្រហារអគារស្នាក់នៅជិតទីក្រុង Tel Aviv បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៤០នាក់រងរបួស។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz បាននិយាយថា «យោធារបស់អ៊ីស្រាអែលត្រូវបានណែនាំថា ដើម្បីសម្រេចបាននូវគោលដៅទាំងអស់ មេដឹកនាំ​អ៊ីរ៉ង់​រូបនេះមិនគួរបន្តមានជីវិតតទៅទៀតឡើយ»។

ខណៈពេលដែលក្រុមជួយសង្គ្រោះកំពុងរុញអ្នកជំងឺចេញពីមន្ទីរពេទ្យដែលកំពុងឆេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារចុងក្រោយបំផុតរបស់ពួកគេទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បន្ថែមទៀត។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu បាន​និយាយ​ថា លោក​ជឿជាក់ទៅលើលោក ត្រាំ ថាគាត់នឹងធ្វើ​អ្វីមួយ​ដែល​ល្អ​បំផុត​សម្រាប់​អាមេរិក។

យុទ្ធនាការការទូតថ្មីមួយកំពុងចាប់ផ្តើម ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងជួបប្រជុំជាមួយជំនួយការទីមួយនៃសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីការបរទេសមកពីចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់នៅថ្ងៃសុក្រនេះ។

រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសបាននិយាយថា លោក​បានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និងបេសកជន​ពិសេស​ Steve Witkoff នៅសេតវិមាន ដើម្បីពិភាក្សាលើលទ្ធភាពពាក់ព័ន្ធនឹងការធ្វើកិច្ចព្រមព្រៀងមួយដែលអាចជួយបន្ធូរបន្ថយជម្លោះនេះបាន។

លោក David Lammy រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងសារមួយ​បន្ទាប់ពីការជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍តាមរយៈបណ្តាញសង្គមថា «ឥឡូវនេះមានរយៈពេលពីរសប្តាហ៍ដើម្បីសម្រេចបាននូវដំណោះស្រាយការទូត»៕

ប្រភព៖ https://apnews.com/article/israel-iran-attacks-nuclear-news-06-19-2025-b508817b78ed8d2f6067c1516215cf94