អាជ្ញាធរបាននិយាយថា មនុស្សជាច្រើននាក់បានរងរបួស បន្ទាប់ពីបុរសម្នាក់បានស្រែកថា «ដោះលែងប៉ាឡេស្ទីន» រួចធ្វើការបោះស្រាក្រឡុក Molotov និងបាញ់ភ្លើងដុតឲ្យ​ឆេះ​ ទៅក្នុងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រចំណាប់ខ្មាំងអ៊ីស្រាអែលក្នុងរដ្ឋ Colorado ។

ប៉ូលិសបាននិយាយថា មានមនុស្ស ៨ នាក់ អាយុចន្លោះពី៥២ ដល់៨៨ ឆ្នាំ បានរងរបួសក្នុងការវាយប្រហារនៅ Pearl Street Mall ដែលជាតំបន់កម្សាន្តដ៏ពេញនិយមមួយនៅទីក្រុង Boulder មានចំងាយប្រហែល ៤៨ គីឡូម៉ែត្រ ពីទីក្រុង Denver។

ប៉ូលិស FBI បានហៅការវាយប្រហារនេះថា ជាអំពើភេរវកម្ម ដោយជនសង្ស័យបានប្រើឧបករណ៍បាញ់ភ្លើង (flamethrower) ស្រាក្រឡុក Molotov និងឧបករណ៍ដុតផ្សេងៗទៀត។ 

វីដេអូ​នៃ​ការ​វាយ​ប្រហារ​បានបង្ហាញ​ថា ​ជន​សង្ស័យ​ដែល​មិនមានពាក់​អាវ​បាន​ស្រែក​ដាក់​ក្រុមអ្នកជួបជុំគាំទ្រអ៊ីស្រាអែល ​ដោយក្នុងដៃមានកាន់​ស្រា​ក្រឡុក Molotov និងឧបករណ៍បាញ់ភ្លើង មុនពេលត្រូវបានចាប់ខ្លួន។

ការវាយប្រហារនេះបានកើតឡើងក្នុងអំឡុងពេលបាតុកម្មប្រចាំសប្តាហ៍ ដែលរៀបចំដោយក្រុម Run for Their Lives ដែលជាក្រុមគាំទ្រអ៊ីស្រាអែល។ ក្រុមនេះរៀបចំឡើងដើម្បីដើរផ្សព្វផ្សាយនៅតំបន់ Pearl Street Mall បង្ហាញពីសាមគ្គីភាពជាមួយចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ Gaza។

ប៉ូលិសបានទទួលការហៅទូរសព្ទ បន្ទាប់ពីបុរសម្នាក់មានអាវុធ និងមនុស្សជាច្រើននាក់ត្រូវបានដុត។ មន្ត្រីបានឃើញអ្នករងរបួសដោយការរលាកភ្លើងជាច្រើនអ្នក។

យោងតាមលោក Rabbi Israel Wilhelm នាយក Chabad នៃសាកលវិទ្យាល័យ Colorado Boulder បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករងរបួសនៅក្នុងការវាយប្រហារគឺជាអ្នករស់រានមានជីវិតរួចផុតពីការសម្លាប់រង្គាល Holocaust។

អត្តសញ្ញាណជនសង្ស័យត្រូវបានស្គាល់ឈ្មោះថា Mohamed Sabry Soliman អាយុ ៤៥ឆ្នាំ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបញ្ជូនទៅពន្ធនាគារក្នុងស្រុក លើបទចោទប្រកាន់មួយចំនួន។

មន្ត្រីរដ្ឋាភិបាលបានប្រាប់ថា ជន​សង្ស័យ Soliman គឺជាជនជាតិអេហ្ស៊ីប ដែលបានមកដល់រដ្ឋកាលីហ្វ័រញ៉ានៅក្នុងឆ្នាំ២០២២ តាមទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលផុតកំណត់ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។

អគ្គសេនាធិការរងសេតវិមាន លោក Stephen Miller បាននិយាយថា លោក Soliman ត្រូវបានផ្តល់លិខិតអនុញ្ញាតការងារ បន្ទាប់ពីទិដ្ឋាការរបស់គាត់បានផុតកំណត់ក្រោមការគ្រប់គ្រងរបស់លោក Biden ។

តាមរបាយការណ៍ចុងក្រោយរបស់ FBI បានបង្ហាញថា បុរសម្នាក់នេះបានរៀបចំគម្រោងមួយឆ្នាំ មុនធ្វើការវាយប្រហារនេះ។

ការវាយប្រហារនេះគឺជាអំពើហិង្សាដែលលេចធ្លោជាលើកទី២ នៅសហរដ្ឋអាមេរិកក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារទៅលើបុគ្គលិក​ស្ថានទូត​អ៊ីស្រាអែល២នាក់បណ្តាលឲ្យ​ស្លាប់ ​នៅ​ខាង​ក្រៅ​សារមន្ទីរ​ជនជាតិ​ជ្វីហ្វ​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែឧសភា ដោយបុរសម្នាក់នោះក៏បានស្រែកថា «ដោះលែង​ប៉ាឡេស្ទីន»៕