
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសពីការរុះរើផ្នែកយោធារបស់ប្រទេសអ៊ុយក្រែន រួមទាំងការតែងតាំងមេបញ្ជាការម្នាក់ទៅកាន់មុខតំណែងថ្មីបន្ទាប់ពីលោកត្រូវបានស្នើឲ្យលាលែងពីតំណែង ក្រោយពីការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីធ្វើឲ្យមានមនុស្សស្លាប់ជាច្រើននាក់។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់លោកបន្ទាប់ពីកិច្ចប្រជុំមេបញ្ជាការពាក់ព័ន្ធថា ការរុះរើនេះមានគោលបំណងធានាថាកងទ័ពយោធានៅតែផ្តោតលើការប្រយុទ្ធដូចដែលបានធ្វើជាងបីឆ្នាំមកនេះ បន្ទាប់ពីការលុកលុយពីប្រទេសរុស្ស៊ីមកលើប្រទេស របស់ខ្លួន។
លោកបានថ្លែងថាឧត្តមសេនីយទោ Mykhailo Drapatyi ដែលបានស្នើឱ្យលាលែងពីតំណែងជាមេបញ្ជាការកងទ័ពជើងគោករបស់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារលើតំបន់ហ្វឹកហ្វឺនកងទ័ពកាលពីចុងសប្តាហ៍មុន នឹងត្រូវចាត់តាំងជាមេបញ្ជាការថ្មីនៃកងសេនាធិការចម្រុះ។ ពេលនេះលោក Mykhailo Drapatyi នឹងផ្តោតទាំងស្រុងលើបញ្ហាប្រយុទ្ធតែមួយមុខគត់ ដូច្នេះលោកអាចធ្វើការបំពេញភារកិច្ចទាំងស្រុងចំពោះសមរភូមិជួរមុខ។
ចំពោះមន្ត្រីម្នាក់ទៀតដែលលោកមិនបានកំណត់អត្តសញ្ញាណនឹងត្រូវដាក់ឱ្យទទួលខុសត្រូវលើកងទ័ពជើងគោក សម្រាប់ភារកិច្ចដូចជា ការហ្វឹកហាត់ ការរៀបចំ និងការផ្លាស់ប្តូរនានា នៅក្នុងមជ្ឈមណ្ឌលជ្រើសរើសកងទ័ពក្នុងតំបន់។
លោក Drapatyi បានបង្ហោះនៅលើបណ្តាញសង្គមថា ប្រធានាធិបតីកំពុងរក្សាទុកតំណែងរបស់លោកអោយនៅសមរភូមិជួរមុខ។ លោកថា «ប្រធានាធិបតី បានស្តាប់ បានបង្ហាញការគាំទ្រ ហើយបានលើកទឹកចិត្តឱ្យខ្ញុំផ្ដោតលើអ្វីដែលសំខាន់បំផុត គឺប្រយុទ្ធជួរមុខ និងជ័យជម្នះ»។
ក្នុងនោះដែរ ការតែងតាំង លោក Oleh Apostol ជាមេបញ្ជាការកងទ័ពឆ័ត្រយោង និង Robert Brovdi ជាមេបញ្ជាការផ្នែកប្រព័ន្ធយន្តហោះគ្មានមនុស្សបើកក៏ត្រូវបានអនុម័តផងដែរ។
លោក Zelensky បានបន្តថា លោក Vadym Sukharevskyi ត្រូវបានតែងតាំងជាមេបញ្ជាការកងប្រតិបត្តិការខាងកើត ដោយមានភារកិច្ចធ្វើទំនើបកម្មឡើងវិញ ចំណែកលោក Ihor Skybiuk ត្រូវបានតែងតាំងជាអគ្គសេនាធិការរង។
លោកបានលើកឡើងថា៖ «នេះគឺជាផ្នែកមួយនៃការផ្ដោតយ៉ាងទូលំទូលាយលើបញ្ហាការប្រយុទ្ធ បទពិសោធន៍ជោគជ័យនៃកងពលតូចល្អបំផុតត្រូវតែពង្រីកវិសាលភាពទៅលើទូទាំងកងទ័ពទាំងមូល»៕