បន្ទាប់ពីការហៅទូរស័ព្ទអស់រយៈពេល ៩០នាទីដ៏យូរជាមួយមេដឹកនាំចិន ស៊ី ជីនពីង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមកបង្ហាញពីអារម្មណ៍ធូរស្រាល ដែល​ភាពតានតឹងពាណិជ្ជកម្មអាចនឹងត្រូវបានគេដោះស្រាយក្នុងពេលឆាប់ៗនេះ។

លោក ត្រាំ បានហៅការសន្ទនានេះថា «ល្អណាស់» និងបានធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គមបន្ទាប់ពីការហៅទូរស័ព្ទថា កិច្ចពិភាក្សបន្ទាប់នឹងត្រូវរៀបចំក្នុងពេលឆាប់ៗជាមួយក្រុមសេដ្ឋកិច្ចរបស់លោក។ ក្នុងនោះដែរ លោក និងលោក ស៊ី​ បានអញ្ជើញគ្នាឲ្យទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួនរៀងៗខ្លួនទៀតផង។

ការហៅទូរស័ព្ទនេះផ្ដោតស្ទើរតែទាំងស្រុងលើបញ្ហាពាណិជ្ជកម្ម ដោយមិនបានប៉ះពាល់ដល់បញ្ហាភូមិសាស្ត្រនយោបាយផ្សេងទៀតដូចជាអ៊ីរ៉ង់ និងអ៊ុយក្រែន​នោះ​ទេ។ សមិទ្ធផលបន្ទាប់ពីការហៅទូរស័ព្ទនេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់ប្រទេសទាំងពីរយ៉ាងខ្លាំង។

អំឡុងពេលនៃការពិភាក្សាតាមទូរស័ព្ទ លោក ស៊ី​ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិន ស្វែងរកលទ្ធផល ឈ្នះ-ឈ្នះ ក្នុងស្មារតីសមភាព និងធ្វើការគោរពនូវបញ្ហារបស់គ្នាទៅវិញទៅមក ខណៈដែលជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនដកចេញនូវវិធានការអវិជ្ជមានដែលធ្វើឡើងដើម្បីប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសចិន។

ក្រសួង​បាន​ស្រង់​សម្ដី​លោក ស៊ី ដែល​ប្រាប់ទៅសមភាគីអាមេរិក​ថា៖ «ការកែតម្រូវឡើងវិញនូវ​ទិសដៅថ្មីសម្រាប់ទំនាក់ទំនងចិន និង អាមេរិក គឺទាមទារឱ្យយើងដឹកនាំ និងកំណត់ផ្លូវត្រូវ»។

នៅក្នុងការសន្ទនានោះដែរ លោក ត្រាំ​ បានលើកឡើងពីបញ្ហារ៉ែកម្រ ដែលប្រទេសចិនបានដាក់កម្រិត ដែលជាកន្លែងដែលត្រូវ​ធ្វើ​ឲ្យ​រីកចម្រើន​ជាមួយគ្នា ដោយលោកបានលើកឡើងថា វាមិនគួរមានសំណួរស្មុកស្មាញណាមួយទាក់ទងនិងផលិតផលរ៉ែកម្រនោះទៀតទេ។

ការជួបពិភាក្សាគ្នារវាងក្រុមការងារផ្នែកសេដ្ឋកិច្ច​ និងកើតឡើងក្នុងពេលឆាប់ៗនេះ ក្នុងទីតាំងដែលបានកំណត់  ហើយមេដឹកនាំទាំងពីររំពឹងថានឹងមានការបំពេញទស្សនកិច្ចទៅវិញទៅមក៕