នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កំពុងស្វែងរកឱកាសជួប​ប្រជុំកម្រិត​កំពូលដោយផ្ទាល់ជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងដែលទើបតែឈ្នះការបោះឆ្នោត Lee Jae-myung ដើម្បីបង្កើតទំនាក់ទំនងបង្កើន​ទំនុក​ចិត្ត​ នៅ​ក្នុងអំឡុងសន្និសីទអន្តរជាតិដែលនឹងធ្វើឡើងនៅខែនេះ។

លោក Ishiba គ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗ និងមានបំណងអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការផ្នែកការទូត និងសន្តិសុខ រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ។

ក្នុងអំឡុងពេលនិយាយជាមួយអ្នកសារព័ត៌មាននៅការិយាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ លោក Ishiba បានសម្តែងការអបអរសាទរលោក Lee ចំពោះសុន្ទរកថាចូលកាន់តំណែងរបស់លោក។

លោក​ថា៖ «ឆ្នាំនេះជាខួបលើកទី ៦០ នៃការភ្ចាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ខ្ញុំចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាង ជប៉ុន-កូរ៉េខាងត្បូង ជប៉ុន-អាមេរិក​-កូរ៉េខាងត្បូង ជាមួយប្រធានាធិបតី Lee។ កិច្ចប្រជុំកំពូលគួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

មេដឹកនាំទាំងពីរអាចមានឱកាសជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលក្រុម​ប្រទេស​ប្រាំពីរ () នៅប្រទេសកាណាដា ឬកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នៅប្រទេសហូឡង់ ដែលកិច្ចប្រជុំទាំងពីរគ្រោងនឹងធ្វើឡើងក្នុងខែនេះ ក្នុងនោះប្រទេសកូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ទាំង​ប្រាំពីរ។

ថ្ងៃទី ២២ ខែមិថុនា គឺជាខួបលើកទី ៦០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីទំនាក់ទំនងមូលដ្ឋានរវាងប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ហើយព្រឹត្តិការណ៍រំលឹកខួបនេះនេះត្រូវបានកំណត់ធ្វើឡើងនៅក្នុងប្រទេសទាំងពីរ។