កិច្ចចរចា​ថ្មី​មួយ​ក្នុង​គោល​បំណង​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក ​និង​ចិន​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃ​ចន្ទនេះ។ គណៈប្រតិភូជាន់ខ្ពស់អាមេរិកនឹងជួបជាមួយតំណាងចិន​ដឹកនាំ​ដោយ​ ឧបនាយក​រដ្ឋមន្ត្រី He Lifeng។

ជំនួប​នេះ​​​កើតមាន​​ឡើង​បន្ទាប់​ពី​លោក ត្រាំ និង​មេដឹកនាំ​ចិន Xi Jinping បាន​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​សប្តាហ៍​មុន ដែល​ប្រធានាធិបតី​អាមេរិក​បាន​ពណ៌នា​ថាវា​ជា​ការ​សន្ទនា​ដ៏​ល្អបំផុត​មួយ។

កាលពីខែមុន ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរបានព្រមព្រៀងគ្នាចំពោះសន្ធិសញ្ញាសន្តិភាពបណ្ដោះអាសន្នមួយ ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញពី​ប្រទេស​របស់ពួកគេ ប៉ុន្តែចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងនោះ។

កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍មុន លោក Trump បាន​បង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក លោក Scott Bessent, រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer នឹងជួបជាមួយមន្រ្តីចិននៅទីក្រុងឡុងដ៍ នៅថ្ងៃចន្ទនេះ។

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសចិនក៏បានប្រកាសថា ឧបនាយក​រដ្ឋមន្ត្រី He Lifeng នឹងស្នាក់នៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ មិថុនា ហើយនឹងមានកិច្ចប្រជុំ «យន្តការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក»ធ្វើឡើងនៅទីនោះ៕