ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យឆ្មាំជាតិចំនួន ២,០០០ នាក់ទៅកាន់ទីក្រុងឡូសអាន់ជឺឡេស (Los Angeles) ដើម្បីដោះស្រាយភាពចលាចលជុំវិញការធ្វើ​បាតុកម្ម​របស់​ជនអន្តោប្រវេសន៍គ្មានឯកសារ និង​ការ​វាយ​ឆ្មក់​លើ​ពួក​គេ។

លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ «ចូលជ្រៀតជ្រែក​និងដោះស្រាយបញ្ហា» បន្ទាប់ពីទីក្រុងនៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​មានការប៉ះទង្គិចជានៅថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​រវាងក្រុមបាតុករ និងភ្នាក់ងារសហព័ន្ធ។

ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ដើម្បីបំបែកហ្វូងមនុស្ស ខណៈប្រជាជននៅសង្កាត់ Paramount ដែលភាគច្រើនជាជនជាតិ​អាមេរិក​ឡាទីន បានប៉ះទង្គិចជាមួយភ្នាក់ងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគយ (ICE) នៅ​ថ្ងៃ​សៅរ៍។​

មានការចាប់ខ្លួនរហូតដល់ ១១៨ នាក់នៅទីក្រុងឡូសអាន់ជឺឡេសក្នុងសប្តាហ៍នេះ ជាលទ្ធផលនៃប្រតិបត្តិការរបស់ ICE។ អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក ហ្គេវីន នូសម (Gavin Newsom) បានថ្កោលទោសការវាយឆ្មក់ទាំងនេះថា​ជា​អំពើ​«ឃោរឃៅ»។

មន្ត្រីអនុវត្តច្បាប់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូទៅលើក្រុមបាតុករដែលប្រមូលផ្តុំគ្នាធ្វើ​ការតវ៉ាជាលើកទីបីនៅទីក្រុងឡូសអាន់ជឺឡេស។

ក្រុមបាតុករបានប្រមូលផ្តុំនៅជិតទីតាំងដែលភ្នាក់ងារ ICE បានធ្វើការវាយឆ្មក់នៅថ្ងៃសៅរ៍ ដោយបានបិទផ្លូវហាយវ៉េដ៏សំខាន់មួយ។

អភិបាលក្រុងឡូសអាន់ជឺឡេស លោកស្រី ការ៉េន បាស (Karen Bass) បាននិយាយថា ភាពចលាចលនៅក្នុងទីក្រុងគឺជា «ភាពវឹកវរដែលបង្កឡើងដោយរដ្ឋបាល» របស់​លោក​ ត្រាំ។

លោក ហ្គេវីន នូសម និយាយ​ថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយឆ្មាំជាតិទៅកាន់ការតវ៉ាគឺ «ជាការបង្កហេតុដោយចេតនា»។

គណបក្សប្រជាធិបតេយ្យបានហៅសកម្មភាពរបស់លោក ត្រាំ ថាជា «ការប្រើអំណាចខុសគួរឱ្យព្រួយបារម្ភ»។ វាជារឿងមិនធ្លាប់មានសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការបញ្ជា​​ឆ្មាំជាតិដែល​កំពុង​បំពេញ​ភារកិច្ច​របស់រដ្ឋមួយ ដោយគ្មានសំណើពីអភិបាលរដ្ឋនោះ។

លោក ដូណាល់ ត្រាំ បានព្រមានថា នឹងមានទាហាន «គ្រប់ទីកន្លែង» ប្រសិនបើការតវ៉ានៅតែបន្ត ដោយលោក​បញ្ជាក់​ថា «យើងនឹងមិនអនុញ្ញាតឱ្យប្រទេសរបស់យើងត្រូវបានបំបែក​បំបាក់​នោះទេ»។

រដ្ឋមន្ត្រីការពារជាតិ លោក ភីត ហេកសេត (Pete Hegseth) បាននិយាយថា កងម៉ារីន ដែលកំពុងបម្រើការអាចនឹងត្រូវបានហៅ ប្រសិនបើភាពតានតឹងកើនឡើង។

សេតវិមានបាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ «បានចូលជ្រៀតជ្រែកដោយត្រឹមត្រូវដើម្បីស្ដារ​ការ​អនុវត្ត​ច្បាប់ និងសណ្តាប់ធ្នាប់ ដោយសារតែភាពខ្សោយនៃភាពជាអ្នកដឹកនាំរបស់លោក ហ្គេវីន នូសម និងការបដិសេធរបស់លោក​ស្រី​ក្នុងការបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅទៅលើមន្ត្រីអនុវត្តច្បាប់អាមេរិក»។

អ្នកនាំពាក្យសេតវិមាន លោកស្រី អាប៊ីហ្គែល ជែកសុន (Abigail Jackson) បានចេញសេចក្តីថ្លែងការណ៍នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក ហ្គេវីន នូសម ដែល​បាននិយាយថា ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដាក់ពង្រាយឆ្មាំជាតិទៅកាន់ការបាតុកម្មគឺ «ជាការបង្កហេតុដោយចេតនា»។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានបន្តថា៖ «វាជាការកុហកដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់លោក នូសម ក្នុងការអះអាងថាមិនមានបញ្ហានៅទីក្រុងឡូសអាន់ជឺឡេស មុនពេលលោក ត្រាំ ចូលជ្រៀតជ្រែក។ អ្នកគ្រប់គ្នាបានឃើញភាពវឹកវរ អំពើហិង្សា និងភាពគ្មានច្បាប់ – លើកលែងតែលោក ហ្គេវីន នូសម មិនគិតថាអ្វីទាំងនេះជាបញ្ហា»៕