កាលពី​សប្ដាហ៍​មុន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចហើយ ពី​ភាព​មាន​​ទោស ឬ​គ្មាន​ទោស​នៃ​បើកបរ​បង្ក​ឱ្យ​អ្នកដទៃ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​ដូចជា បើក​សុខៗ​ខូច​យានយន្ត​តាមផ្លូវ​ធ្វើឱ្យ​អ្នកបើក​តាម​ក្រោយ​បុក​ស្លាប់​ខ្លួនឯង តាមរយៈ​ការពន្យល់​ពី​លោក​មេធាវី ផុន ធារិន បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន នៅ​បុរី​ដឹមេគង្គរ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ផ្លូវ ​M08​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ឥឡូវនេះ​យើង​សូម​ផ្សព្វផ្សាយ​នូវ​វគ្គ​បញ្ចប់​ដែលមាន​ខ្លឹមសារ​តាមរយៈ​សំណួរ​ដូច​ខាង​​ក្រោម៖

ឧបមាថា បើ​ភាគី​ដែល​ជិះ​បុក​ឡាន​លោក​ (​ក​) ​ពី​ក្រោយ​ត្រឹមតែ​របួស ពេលនោះ​ភាគី​ទាំង​ ២ ​ព្រម​ស្រុះស្រួល​គ្នា​បញ្ចប់រឿង​ហើយ​។ តើ​លោក​ (​ក​) ​មាន​ពាក់ព័ន្ធ​ទោស​ព្រហ្មទណ្ឌ​ទេ​ឬ​យ៉ាងណា​?

ផ្អែក​តាម​មាត្រា​ ៣៦ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បានចែង​ថា បើ​គ្រោះថ្នាក់​កើតឡើង​បណ្តាល​ឱ្យ​ខូចខាត​តែ​ទ្រព្យសម្បត្តិ ភាគី​ទាំង​ ២ ​អាច​សម្របសម្រួល​គ្នា​បាន ដោយ​មិនចាំបាច់​សុំ​អន្តរាគមន៍​ពី​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​។

ម្យ៉ាងទៀត តាម​ការចង្អុល​បង្ហាញ​ក្នុង​មាត្រា​ ៦៤ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ក៏បាន​បញ្ជាក់ថា មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​អាច​សម្រុះសម្រួល​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ ដែល​បណ្តាល​ឱ្យ​សង​តែ​សំណង​ខូចខាត​។ ផ្អែក​តាម​មាត្រា​ខាងលើ ភាគី​ទាំង​ ២ ​អាច​ធ្វើការ​សម្រុះសម្រួល បញ្ចប់រឿង​បាន ចំពោះ​ករណី​លើ​សំណង​ដែល​បាន​ខូចខាត​របស់​ភាគី​។

ផ្ទុយ​មកវិញ ក្នុង​​ករណី​ដែល​សមត្ថកិច្ច​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​ជា​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ និង​ត្រូវ​ផ្តន្ទាទោសពិន័យ​ជា​ប្រាក់​ជា​សមត្ថកិច្ច​តុលាការ​។ ក្នុង​ករណី​នេះ មន្ត្រី​នគរបាល​ចរាចរណ៍ ដែល​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​បទល្មើស​​ចរាចរណ៍​ផ្លូវគោក ត្រូវ​បញ្ជូន​កំណត់ហេតុ​ស្តីពី​បទល្មើស​ចរាចរណ៍​ផ្លូវគោក ទៅ​អយ្យការ​អម​សាលាដំបូង​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​គឺ​ជនរងគ្រោះ​ត្រឹមតែ​របួស​ទេ ហើយ​កាលពី​គ្រោះ​ថ្នាក់ដំបូង ភាគី​ជនរងគ្រោះ​បាន​ទទួល​ប្រាក់​សំណង​ពី​លោក​ (​ក​) ​រួច​​ហើយ ប៉ុន្តែ​ ១ ​ឆ្នាំ​ក្រោយមក ភាគី​ជនរងគ្រោះ​ក៏​ធ្លាក់ខ្លួន​ពិការ​។ ករណី​បែប​នេះ តើ​ភាគី​រងគ្រោះ​អាច​សើរើ​ប្តឹង​ឡើងវិញ​បានទេ​?

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ភាគី​បាន​សម្របសម្រួល​ដោះស្រាយ​សំណង​​រួចរាល់ មិនមែន​មាន​ន័យថា ជនល្មើស​រួចផុត​ពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​អំពើ​របស់ខ្លួន​ឡើយ​។ តាម​មាត្រា​ ៧២ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក អ្នកបើកបរ​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការបើកបរ​យានជំនិះ​។

ក្នុង​ករណីនេះ ភាគី​ជនរងគ្រោះ​នៅ​តែ​អាចដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ ដើម្បី​​ចំណាត់ការ​តាម​នីតិវិធី ដោយ​ផ្អែក​តាម​អាជ្ញាយុកាល​នៃ​បទល្មើស ឬ​នៅតែ​បន្ត​នីតិវិធី​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ឬ​តុលាការ​ដដែល​៕