ធម្មតា​ទ្រព្យសម្បតិ្ត​រួម​របស់​ប្ដី​ប្រពន្ធ​គឺ​ចាំបាច់​ត្រូវមាន​ចំណែក​ស្មើគ្នា។ ក៏ប៉ុន្តែ​ក្នុងករណី​ប្ដី ឬ​ប្រពន្ធ មាន​គូ​ថ្មី​រស់នៅ​ជាមួយ​គ្នា តើ​ការមិន​បាន​បែងចែក​ទ្រព្យសម្បត្តិ​ចាស់​ជាមួយ​ដៃគូ​ថ្មី ខុសច្បាប់​ឬទេ?

ជុំវិញ​បញ្ហា​នេះ​ ភ្នំពេញ​ ប៉ុស្ដិ៍​ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ផុន ធារិន ដែល​កំពុង​បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន នៅ​បុរី​ដឹមេគង្គរ៉ូយ៉ាល់ ផ្ទះ លេខ ៧១ ផ្លូវ M08 ភូមិ ខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី-ភ្នំពេញ​តាមរយៈ​សំណួរ​ដូចតទៅ៖

ឧបមាថា នាង (ក) មានកូន ៥ នាក់ តែ​ប្តី​មុន​របស់​នាង​បាន​ស្លាប់ចោល នាងក៏​យកប្តី​ថ្មី ហើយ​ប្តី​ថ្មី​នេះ​នាង​ (ក) បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍ និង​បញ្ចូល​ឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ​ផងដែរ។ ក្រោយមក​នាង (ក) បាន​លក់​ដី​ដែល​ជា​ទ្រព្យ​រួម​របស់​ប្តី​មុន តែ​មិនបាន​បែងចែក​លុយ​ឱ្យទៅ​ប្តី​ក្រោយ​ទេ។តើ​នាង (ក) ធ្វើ​បែបនេះ​ត្រឹមត្រូវ​ឬទេ បើ​ប្តី​ថ្មី​នាង​ត្រូវបាន​ដឹងឮ​អស់​ហើយ​នោះ?

ទាក់ទង​ទៅនឹង​ករណីនេះ យើង​ចាំបាច់​ត្រូវតែ​មាន​ការយល់ដឹង​អំពី​ប្រព័ន្ធ​ទ្រព្យសម្បត្តិ​របស់​ប្ដី​ប្រពន្ធ​ ដែល​ច្បាប់​បានកំណត់​ជា​ទ្រព្យសម្បត្តិ​ ដោយឡែក​ពីគ្នា។ ផ្អែក​តាម​មាត្រា ៩៧២ នៃ​ក្រម​រដ្ឋប្បវេណី ទ្រព្យសម្បត្តិ​ដែល​កំណត់ថា ជា​ទ្រព្យសម្បត្តិ​ដោយឡែក​ដែល​ស្ថិត​នៅ​ក្រោម​កម្មសិទ្ធិ​របស់​សហព័ទ្ធ (ប្ដី​ ឬ​ប្រពន្ធ) ណា​ម្នាក់​គឺជា​ទ្រព្យសម្បត្តិ​ដែល​សហព័ទ្ធ​មាននៅ​មុនពេល​រៀប​អាពាហ៍ពិពាហ៍​ ឬ​ជា​ទ្រព្យសម្បត្តិ​ដែល​សហព័ទ្ធ​ទទួលបាន​ដោយ​ប្រទានកម្ម (អំណោយ) សន្តតិកម្ម (មរតក​សាច់ញាតិ) អច្ច័យទាន (បណ្ដាំមរតក) នៅក្នុង​អំឡុងពេល​មាន​អាពាហ៍ពិពាហ៍​របស់​ប្ដី​ប្រពន្ធ​នោះ។ យោងតាម​ការបង្ហាញ​នេះ យើង​អាច​បញ្ជាក់​បាន​ថា​ទោះបី​នាង (ក) និង​ប្ដី​ក្រោយ​មាន​ចំណង​អាពាហ៍ពិពាហ៍​ដោយ​មាន​ការបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ​ក៏ពិតមែន តែ​ជា​គោលការណ៍​ច្បាប់ ទ្រព្យសម្បត្តិ​ ឬ​ប្រាក់​ដែល​នាង (ក) ទទួល​បាន​ពី​ការលក់​ដី​នោះ​គឺជា​ទ្រព្យសម្បត្តិ​ ដោយឡែក​តាម​ផ្លូវច្បាប់​របស់​នាង (ក)។

ក្នុង​ករណីនេះ​បើ​ប្តី​ថ្មី​របស់​នាង (ក) ប្តឹង​ទាមទារ​ចំណែក​ទ្រព្យ​តើ​បាន​ឬទេ? ព្រោះ​គាត់​សំអាង​ថា​គាត់​មានឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ និង​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ផងដែរ​នោះ?

ក្នុង​ករណី​ប្ដី​ថ្មី​របស់​នាង (ក) ប្ដឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​ចំណែក​ទ្រព្យសម្បត្តិ​ ឬ​ប្រាក់​ដែល​នាង (ក) បាន​លក់​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​នាង (ក) និង​ប្ដី​មុន ដោយ​សំអាង​លើ​ខ្លួន​ថា​មាន​ចំណង​អាពាហ៍ពិពាហ៍ និង​មានឈ្មោះ​នៅក្នុង​សៀវភៅ​គ្រួសារ​នោះ មិនមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុងការ​ទាមទារ​ទ្រព្យសម្បត្តិ​នោះឡើយ។ តុលាការ​នឹង​ច្រានចោល​ចំពោះ​ការទាមទារ​របស់​ប្តី​ថ្មី​នាង (ក) ដោយ​ផ្អែកលើ​ទំនាក់ទំនង​គតិយុត្ត​ និង​សិទ្ធិ​ក្នុង​ការទាមទារ​ទ្រព្យសម្បត្តិ​រួម​ ឬ​ទ្រព្យសម្បត្តិ​ដោយឡែក​របស់​សហព័ទ្ធ​ណា​ម្នាក់។ ជា​គោលការណ៍​ច្បាប់​ប្ដី​ថ្មី​របស់​នាង (ក) មាន​សិទ្ធិ​ក្នុង​ការទាមទារ​ចំណែក​លើ​តែ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ណា​ដែល​បាន​កើតឡើង​រួមគ្នា​អំឡុងពេល​អាពាហ៍ពិពាហ៍​តែប៉ុណ្ណោះ។ ប្រាក់​ដែល​នាង (ក) ទទួល​បាន​ពី​ការលក់​ដី​នោះ​គឺជា​ទ្រព្យសម្បត្តិ​ដោយឡែក​របស់​នាង (ក) និង​សន្តតិជន ឬ​កូនៗ​របស់​នាង (ក) នឹង​ប្ដី​មុន​ប៉ុណ្ណោះ។

ករណី​ស្រដៀង​គ្នា​នេះដែរ ឧបមាថា នាង (ក) មាន​កូន​ចិញ្ចឹម​ជាមួយ​ប្តី​មុន​ហើយ​កូនចិញ្ចឹម​នោះ​ក៏​ត្រូវបាន​បញ្ចូល​ឈ្មោះ​នៅក្នុង​សៀវភៅ​គ្រួសារ​ដែរ តើ​កូនចិញ្ចឹម​នោះ​មាន​ចំណែក​ដែល​ទទួល​ទ្រព្យ​ដែរឬទេ?

ក្នុង​ករណី​នេះ កូនចិញ្ចឹម​របស់​នាង (ក) និង​ប្តី​មុន មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការទទួល​បាន​ចំណែក​មត៌ក​តាមច្បាប់​កំណត់។ កូនចិញ្ចឹម​នេះ​ត្រូវ​ទទួលបាន​ចំណែក​ដែលជា​មរតក​របស់​ឪពុក​ចិញ្ចឹម​ដែល​បាន​ស្លាប់​នោះ។ ក្នុង​ករណី​នេះដែរ ប្រសិនបើ​នាង (ក) និង​ប្តី​មុន​ដែល​បាន​ស្លាប់​នោះ​មាន​តែ​កូនចិញ្ចឹម​នេះ​ម្នាក់​គត់ មិនមាន​កូនបង្កើត មានន័យ​ថា ចំណែក ៥០ ភាគរយ​ដែល​ជា​មរតក​របស់​ប្ដី​មុន​ត្រូវបាន​បែងចែក​ទៅ​ឲ្យ​នាង (ក) ពាក់កណ្ដាល​ និង​កូនចិញ្ចឹម​នោះ​ពាក់កណ្ដាល។ ចំណែកឯ​កូនៗ​បង្កើត​របស់​នាង (ក) ជាមួយ​ប្ដី​ថ្មី​នោះ​មិនមាន​ចំណែក​ក្នុង​ការទទួល​បាន​មរតក​នេះឡើយ៕