តាមច្បាប់​អ្នក​ដែល​ប្រព្រឹត្ត​លើ្មស​បង្ក​ឱ្យស្លាប់​មនុស្ស តែងតែ​ត្រូវ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស។ ចុះបើ​អ្នក​ប្រព្រឹត្តល្មើស​ជា​ក្មេង​អាយុ​ក្រោម ១៤ ឆ្នាំ តើ​ត្រូវ​ចាប់​ខ្លួន​ឬទេ? ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ឡោ គីមហ្គិច ជា​ក្រុម​មេធាវី​អាស៊ាន អន្តរជាតិ ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦ R ផ្លូវ ២៥២ សង្កាត់​ចតុមុខ រាជធានី​ភ្នំពេញ តាមរយៈ​សំណួរ​ដូចខាងក្រោម៖

ឧបមាថា​ កុមារ​អាយុ ១៣ ឆ្នាំ​ម្នាក់​បាន​យក​កាំបិត​ចាក់​ក្មេង​គ្នាឯង​ស្លាប់ ប៉ុន្តែ​ពេល​នគរបាល​ស៊ើបអង្កេត​ក៏មាន​ការដោះលែង​ក្មេង​ដៃដល់​នោះ​វិញ។ តើ​មូលហេតុអ្វី​បានជា​មាន​ការដោះលែង?

យោងតាម​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ត្រង់​មាត្រា ១៤ បាន​ចែងថា អនីតិជន​ក្រោម​អាយុ ១៤ ឆ្នាំ ដែល​ជាប់​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ពុំ​អាច​ត្រូវបាន​ឃាត់ខ្លួន​ឡើយ ហើយ​មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវប្រគល់​អនីតិជន​នោះ​ទៅឱ្យ​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់។

ក្នុងករណី​ដែល​អនីតិជន​ត្រូវការ​កិច្ចការពារ​ និង​ថែទាំ មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវបញ្ជូន​អនីតិជន​នោះ​ទៅ​មន្ត្រី​ ឬ​ការិយាល័យ​ទទួលបន្ទុក​វិស័យ​សង្គមកិច្ច​រាជធានី ខេត្ត ក្រុង ខណ្ឌ ដើម្បី​ចាត់វិធានការ​សមស្រប​ទៅតាម​សុខុមាលភាព និង​ស្ថានភាព​សង្គម​របស់​អនីតិជន។ មន្ទីរ​ ឬ​ការិយាល័យ​ទទួលបន្ទុក​វិស័យ​សង្គមកិច្ច​រាជធានី ខេត្ត ក្រុង ខណ្ឌ​ត្រូវធ្វើ​របាយការណ៍​អំពី​ការទទួល​អនីតិជន​ពី​មន្ត្រីនគរបាល​យុត្តិធម៌​ជូនទៅ​ព្រះរាជអាជ្ញា។

ចុះបើ​ក្មេង​ចាប់ពី​អាយុ ១៤ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ​ប្រព្រឹត្ត​បទល្មើស តើ​នគរបាល​អាច​ចាប់ខ្លួន​ក្មេង​នោះ​បាន​ទេ?

ករណីនេះ​យោង​មាត្រា ១៥ នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ដដែល ចែងថា​នគរបាល​យុត្តិធម៌​អាច​ចាប់ខ្លួន​អនីតិជន​ដែលមាន​អាយុ​ចាប់ពី ១៤ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ ក្នុងករណី​ដែល​អនីតិជន​ប្រព្រឹត្ត​បទមជ្ឈិម ឬ​បទឧក្រិដ្ឋ​ជាក់ស្តែង​តែប៉ុណ្ណោះ។ ប៉ុន្តែ​អនីតិជន​ដែលមាន​អាយុ​ចាប់ពី ១៤ ឆ្នាំ​ដល់​ក្រោម​អាយុ ១៦ ឆ្នាំ​ការចាប់ខ្លួន​អាច​ធ្វើទៅ​បានតែ​ក្នុង​ករណី​ដែល​អនីតិជន​នោះ​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម​ដោយ​ចេតនា។ រាល់​ការចាប់ខ្លួន​អនីតិជន​ត្រូវរាយការណ៍​ជូន​ព្រះរាជអាជ្ញា​ភ្លាម។ ការអនុវត្ត​ការចាប់​ខ្លួន នគរបាល​យុត្តិធម៌​ត្រូវ​ចៀសវាង​ការធ្វើឱ្យ​អាម៉ាស់មុខ និង​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់​អនីតិជន​ និង​ត្រូវបញ្ជូន​អនីតិជន​ទៅឱ្យ​ផ្នែក​ ឬ​អង្គភាព​ដែលមាន​នគរបាល​យុត្តិធម៌​ជំនាញ​ទទួលបន្ទុក​ការងារ​អនីតិជន​ដែល​នៅ​ជិត​បំផុត។

នៅពេល​នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​អនីតិជន តើ​អាច​បង្ហាញ​មុខជា​សាធារណៈ​បានទេ?

សម្រាប់​ក្មេង​ជា​អនីតិជន​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ណាមួយ​ហើយ​បើ​យោងតាម​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ត្រង់​មាត្រា ២៣ ចែងថា មន្ត្រី​នគរបាល​យុត្តិធម៌​មិន​ត្រូវយក​អនីតិជន​ដាក់​បង្ហាញ​មុខជា​ជួរ​ឡើយ ក្នុងករណី​គ្មាន​ការយល់ព្រម​ជាមុន​ពី​អនីតិជន ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​មេធាវី អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​ ឬ​អ្នក​ទំនុកបម្រុង​របស់​អនីតិជន។ ក្នុង​ករណី​អនីតិជន​យល់ព្រម​ត្រូវមាន​កំណត់ហេតុ​ជា​លាយលក្ខណ៍អក្សរ និង​ផ្តិត​ម្រាម​មេដៃ។ អនីតិជន​ដែល​ត្រូវ​ឃាត់ខ្លួន​ត្រូវដាក់​ដាច់ដោយឡែក​ពី​អនីតិជន និង​ទៅតាម​ភេទ។ អនីតិជន​មិនត្រូវ​បានទទួល​រង​ទារុណកម្ម ការបង្ខិតបង្ខំ ការគំរាមកំហែង ការ​សម្លុត​បំភិតបំភ័យ​ ឬ​ទង្វើ​ណាមួយ​ផ្សេងទៀត​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អនីតិជន​ ឬ​ទទួលរង​អំពើ​អមនុស្សធម៌​ណាមួយ​ឡើយ។ វិធាន​ដែល​បានកំណត់​នៅក្នុង​មាត្រា​នេះ​មាន​លក្ខណៈ​ដាច់ខាត​ត្រូវតែ​គោរព​តាម បើ​មិន​ដូច្នោះ​ទេ​នឹង​នាំឱ្យមាន​មោឃភាព​នៃ​នីតិវិធី។

ចំពោះ​ការផ្តន្ទាទោស​អនីតិជន​ដែលមាន​អាយុ​ចាប់ពី ១៤ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ​តើ​កម្រិត​ទោស​ដូច​មនុស្សពេញវ័យ​ឬ​យ៉ាងណា?

ករណី​ដែល​តុលាការ​សម្រេច​ផ្តន្ទាទោស​អនីតិជន​មាន​អាយុ​ចាប់ពី ១៤ ឆ្នាំ​ឡើងទៅ បើ​យោង​មាត្រា ១៦០ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា កាលណា​តុលាការ​សម្រេច​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​ចាប់ពី ១៤ ឆ្នាំ​ឡើងទៅ មូលទោស​លើ​បទល្មើស​ដែល​ចោទប្រកាន់​ត្រូវបាន​បន្ថយ​ក្នុង​លក្ខខណ្ឌ​ដូចតទៅៈ អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​ត្រូវ​បន្ថយ​ពាក់កណ្តាល។

ប្រសិនបើ​អតិបរមា​នៃ​ទោស​នោះ​គឺជា​ទោស​ដាក់​ពន្ធនាគារ​អស់ ១ ជីវិត​អតិបរមា​ត្រូវ​បន្ថយ​មក​ដាក់ពន្ធនាគារ ២០ ឆ្នាំ។ អប្បបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​ត្រូវ​បន្ថយ​ពាក់កណ្តាល​ប្រសិនបើ​អប្បបរមា​នេះ​លើសពី ១ (មួយ) ថ្ងៃ។ ក្នុងករណី​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រសិនបើ​បទប្បញ្ញត្តិ​នៃ​មាត្រា​នេះ​មាន​អានុភាព​បន្ថយ​អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​មក​ត្រឹម​ថិរវេលា​មួយ​ស្មើ​ ឬ​តិចជាង ៥ ឆ្នាំ​នោះ​បទល្មើស​ដែល​ចោទប្រកាន់​នៅតែ​ជា​បទឧក្រិដ្ឋ​ដដែល៕