The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ការសុំ​កាន់កាប់​ដីធ្លី ​ត្រូវ​ផ្អែកលើ​លក្ខខណ្ឌ​អ្វីខ្លះ?




តើ​ការសុំ​កាន់កាប់​ដីធ្លី ​ត្រូវ​ផ្អែកលើ​លក្ខខណ្ឌ​អ្វីខ្លះ?

Content image - Phnom Penh Post
លោក មេធាវី កុយ ដុល្លា កាលពីពេល​កន្លងមក​។ រូបថត សហការី

តើ​ការសុំ​កាន់កាប់​ដីធ្លី ​ត្រូវ​ផ្អែកលើ​លក្ខខណ្ឌ​អ្វីខ្លះ?

តាមច្បាប់ មុននឹង​កាន់កាប់​ទ្រព្យសម្បតិ្ត​អ្វីមួយ​តែងតែមាន​លក្ខខណ្ឌ​ ដើម្បី​បំពេញ​​តាម​នីតិវិធី​ដូចជា កម្មសិទ្ធិ​លើ​ម៉ូតូ ឬ​រថយន្ត​គឺ​ត្រូវមាន​ឯកសារ​ពាក់ព័ន្ធ​​ជាដើម​។ រីឯ​ការកាន់កាប់​ដីធ្លី​ក៏មាន​​លក្ខខណ្ឌ​ដែល​ត្រូវបំពេញ​ផងដែរ មុន​​ពេល​បាន​ក្លាយជា​ម្ចាស់​។

ចង់ដឹងថា តើ​មុននឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​​ស្របច្បាប់​តើ​ត្រូវមាន​កត្តា​អ្វីខ្លះ​? ​ជុំវិញ​​ចម្ងល់​នេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​​ពី​លោក មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដែលមាន​ការិយាល័យ​បម្រើ​ការងារ​នៅ​អគារ​​លេខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (Email:k.dolla@bakc.org.kh) ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

តើ​ពលរដ្ឋ​គ្រប់រូប​អាច​សុំ​កាន់កាប់​ដីធ្លី​បាន​ដោយ​ផ្អែកលើ​កត្តា​អ្វីខ្លះ​?

ដើម្បី​ងាយស្រួល​ក្នុង​ការបកស្រាយ​នូវ​សំណួរ​ខាងលើ យើង​ត្រូវ​ស្វែងយល់​​ពី​សញ្ញាណ​នៃ​ការកាន់កាប់​ជាមុន​សិន តើ​ការកាន់កាប់​មាន​អត្ថន័យ​ដូចម្ដេច​? យោងតាម​មាត្រា​ ២២៧ ​នៃ​​ក្រមរដ្ឋប្បវេណី ចែងថា​ “​ការកាន់កាប់ សំដៅ​ទៅលើ​ការក្ដាប់​ទុក​វត្ថុ​មានន័យថា ការគ្រប់គ្រង​លើ​រូប​វត្ថុ​តាម​ការ​ជាក់ស្ដែង ទោះ​ចំពោះ​ក្ដី ឬ​ដោយ​ប្រយោល​ក្ដី​”​។

ប៉ុន្តែ​ការកាន់កាប់​នេះ​ទាមទារ​នូវ​លក្ខខណ្ឌ​មួយចំនួន​ដែល​កំណត់ដោយ​ច្បាប់​។ ផ្អែក​តាមច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១ ដែលមាន​មាត្រា​មួយចំនួន​នៅ​​ជា​ធរមាន​ពាក់ព័ន្ធ​ទៅនឹង​ការកាន់កាប់​នេះ​ជាអាទិ៍​ក្នុង​មាត្រា​ ៣៨ និង​ ៤៣​។ នៅក្នុង​នោះ ការកាន់កាប់​ដីធ្លី គឺ​ត្រូវតែ​ប្រាកដថា ដី​នោះ​មិនមែន​ជា​ដី​របស់​រដ្ឋ ហើយ​ការកាន់កាប់​នេះ គឺជា​ការកាន់កាប់​ដោយ​ពិតប្រាកដ មាន​ការដឹង​ឮ​ជា​សាធារណៈ គ្មាន​អំពើហិង្សា គ្មាន​​ការអាក់ខាន និង​ដោយ​សុចរិត​។ ​

បន្ថែម​ពីលើ​នេះ បុគ្គល​ទាំងទ្បាយ​ដែល​បាន​អាស្រ័យផល​លើ​ភោគៈ​ដោយ​សន្តិវិធី និង​មិនមាន​ការជំទាស់​ចាប់ពី​ ៥ ​ឆ្នាំ យ៉ាងតិច​គិត​មកដល់​កាលបរិច្ឆេទ​នៃ​ការប្រកាស​ឱ្យ​ប្រើ​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១ មាន​សិទ្ធិ​ស្នើសុំ​បណ្ណ​កម្មសិទ្ធិ​ស្ថាពរ (​មាត្រា​ ៣០ នៃ​ច្បាប់​ភូមិបាល ឆ្នាំ ២០០១)​។ ដោយទ្បែក ប្រសិនបើ​ពិនិត្យ​មើល​ក្រមរដ្ឋប្បវេណី​ដែល​កំពុង​អនុវត្ត​ជា​ធរមាន​ក៏បាន​កំណត់​អាជ្ញាយុកាល​ក្នុង​ការទទួល​បាន​លទ្ធកម្ម កម្មសិទ្ធិ​ផងដែរ​។

ទី​១ គឺ​បុគ្គល​ដែល​បាន​កាន់កាប់​ដី​អស់​រយៈពេល​ ១០ ​ឆ្នាំ ដោយ​ភាពសុចរិត គ្មាន​កំហុស ដោយ​សន្ដិវិធី ដឹង​ឮជា​សាធារណៈ និង​មាន​ឆន្ទៈ​យក​​ជា​កម្មសិទ្ធិ មាន​សិទ្ធិ​ក្នុង​ការកាន់កាប់​​ដីធ្លី​តាមរយៈ​លទ្ធកម្ម​កម្មសិទ្ធិ​។

ទី​២ បុគ្គល​ដែល​បាន​កាន់កាប់​ដី​អស់​រយៈពេល ២០ ​ឆ្នាំ ដោយ​សន្ដិវិធី ដឹង​ឮជា​សាធារណៈ និង​មាន​ឆន្ទៈ​យក​ជា​កម្មសិទ្ធិ មាន​សិទ្ធិ​ក្នុង​ការកាន់កាប់​ដីធ្លី និង​អាច​ទទួល​លទ្ធកម្ម កម្មសិទ្ធិ​ផ្អែកលើ​​លក្ខខណ្ឌ​ខាងលើ​ (​មាត្រា​ ១៦២ នៃ​ក្រមរដ្ឋប្បវេណី​)​។ ការកំណត់​អំពី​លទ្ធកម្ម កម្មសិទ្ធិ​លើ​អចលនវត្ថុ​ដោយ​អាជ្ញាយុ​កាល​បែបនេះ គឺ​ដើម្បីឱ្យ​ទំនាក់ទំនង​គតិយុត្ត​មាន​ស្ថិរភាព ពោលគឺ​ជន​ដែល​បាន​កាន់កាប់​ជាក់ស្តែង​នូវ​អចលនវត្ថុ​អស់​រយៈពេល​វែង ដោយមាន​ឆន្ទៈ​យកមក​ធ្វើជា​កម្មសិទ្ធិ គួរតែ​ចាត់ទុកថា​ជន​នោះ​ជា​កម្មសិទ្ធិករ ទោះ​ជន​នោះ​ពុំមែន​ជា​កម្មសិទ្ធិករ​ពិតប្រាកដ​ក៏ដោយ​។

ក្រៅពីនេះ នៅមាន​វិធី​មួយទៀត​ដែល​ប្រជាពលរដ្ឋ​អាច​ស្នើសុំ​កាន់កាប់​បាន គឺ​ទទួល​តាមរយៈ​ដី​សម្បទាន​សង្គមកិច្ច​។ ប៉ុន្តែ​អ្នកស្នើសុំ​ដីសម្បទាន​សង្គមកិច្ច​ត្រូវមាន​លក្ខណ​សម្បតិ្ត​ស្របតាម​មាត្រា​ ១០ នៃ​អនុក្រឹត្យ​ស្តីពី​សម្បទាន​ដី​សង្គមកិច្ច រួមមាន​ដូចជា ៖

១-​មាន​សញ្ជាតិ​ខ្មែរ និង​មាន​សមត្ថភាព​តាមផ្លូវ​ច្បាប់​ដើម្បី​ធ្វើជា​ម្ចាស់​ដី​។

២-​ជា​មេ​គ្រួសារ​នៃ​គ្រួសារ​ដែលមាន​សមាជិក​ ២ ​នាក់ ឬ​ច្រើន​នាក់​ដែលមាន​សាច់សាលោហិត​ជាមួយគ្នា ឬ​មាន​ចំណងអាពាហ៍ពិពាហ៍ និង​រស់នៅ​ជាមួយ​គ្នា​ក្នុង​លំនៅឋាន​តែមួយ​។

៣-​បំពេញ​លក្ខណវិនិច្ឆ័យ​ខាង​​ហិរញ្ញវត្ថុ​ដែល​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយ​ផ្អែកលើ​យោបល់​របស់​គណៈកម្មាធិការ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ​។ គោលការណ៍​ណែនាំ​ស្ដីពី​ការវាយតម្លៃ​ប្រាក់ចំណូល ត្រូវ​ពិចារណា​ដោយ​ផ្អែកលើ​ទំហំ​គ្រួសារ និង​លក្ខខណ្ឌ​អាយុ និង​សុខភាព​នៃ​​សមាជិកគ្រួសារ​។

៤-​មិនមែន​ជា​កម្មសិទ្ធិករ ឬ​ភោគី​នៃ​ដី​ផ្សេងទៀត​ដែលមាន​ទំហំ​ស្មើ​ ឬ​លើសពី​​ការកំណត់​ទំហំ​ដីសម្បទាន​សង្គមកិច្ច​។

៥-​បាន​ត្រៀមខ្លួន​ជាស្រេច មាន​ឆន្ទៈ និង​មានលទ្ធភាព​ចូលរួម​ក្នុង​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ស្របតាម​ផែនការ​សម្បទាន​ដី​សង្គមកិច្ច​ដែល​បាន​យល់ព្រម ។ ​(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)

អត្ថបទគួរចាប់អារម្មណ៍