កាលពី​សប្តាហ៍​មុន ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចហើយ​អំពី​លក្ខខណ្ឌ​ ៥ ​ចំណុច​ដែល​អាច​សុំ​ធ្វើ​បណ្ណកម្មសិទ្ធិ​ដីធ្លី​បាន តាមរយៈ​ការពន្យល់​ពី​លោក មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដែល​មាន​ការិយាល័យ​បម្រើ​ការងារ​នៅ​អគារ​​លេខ​ ៣៦ ​ជាន់​ទី​ ១០ ​បន្ទប់​លេខ​ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។ រីឯ​លេខ​នេះ​យើង​សូម​យក​វគ្គ​បន្ដ​មក​ផ្សព្វផ្សាយ​តាមរយៈ​សំណួរ-ចម្លើយ​ដូចខាងក្រោម​៖

ឧបមាថា ដី​ដែល​លោក​ (​ក​) ​រស់នៅ​ និង​អាស្រ័យផល​គឺជា​ដី​កេរ​ពី​ដូនតា​​តែ​ត្រូវ​អ្នកផ្សេង​គេ​រស់​នៅមុន​គាត់​។ ករណីបែបនេះ តើ​លោក​ (​ក​) ​អាច​សុំ​​សិទ្ធិ​កាន់កាប់​បានទេ​? ​តើ​ច្បាប់​បកស្រាយ​យ៉ាងម៉េច​ដែរ​?

ផ្អែក​តាម​អង្គហេតុ​របស់លោក (​ក​) គួរតែ​ព្យាយាម​ស្វែងរក​ភ័ស្តុតាង​ដើម្បី​បញ្ជាក់ថា គាត់​ជា​សន្តតិ​ជន​ទៅ​លើដី​កេរមរតក​នោះ​។ ផ្អែក​តាម​មាត្រា​​ ១១៤៧ ​កថាខណ្ឌ​ ១ ​នៃ​ក្រមរដ្ឋប្បវេណី​​បាន​ចែងថា​ “​សន្តតិជន​ត្រូវ​ទទួល​បន្ត​នូវ​សិទ្ធិ និង​ករណីយកិច្ច​ទាំងអស់​ដែល​ស្ថិតនៅក្រោម​ទ្រព្យសម្បត្តិ​របស់​មតកជន​ចាប់ពី​ពេលដែល​ចាប់ផ្តើម​សន្តតិកម្ម ។

ប៉ុន្តែ​បញ្ញត្តិ​នេះ​មិនត្រូវ​យកមក​អនុវត្ត​ទ្បើយ ចំពោះ​សិទ្ធិ និង​ករណីយកិច្ច​ផ្តាច់មុខ​ទាំងស្រុង​របស់​មតកជន”​។ ហេតុដូច្នេះ​សន្តតិ​ជន​អាច​ទទួលបាន​ចំណែក​នៃ​ដី​ខាងលើ​បន្ត​ពី​មតកជន​ដែល​បានទទួល​មរណភាព​ទៅហើយនោះ​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា លោក​ (​ក​) ​មាន​ការលំបាក​ក្នុង​ការស្វែងរក​ភ័ស្តុតាង​បញ្ជាក់ជូន​តុលាការ​ ដើម្បី​ជា​មូលដ្ឋាន​សម្រេច​​សេចក្តី​។ ​លើសពីនេះ បញ្ហា​ចោទឡើង​ផងដែរ កាលបើ​អ្នកកាន់កាប់​មុន​គឺអាច​លើកទ្បើង​ពី​អាជ្ញាយុកាល​ដើម្បី​ទទួល​បាន​លទ្ធកម្ម​កម្មសិទ្ធិ​។

ប្រសិនបើ​ជន​ដែល​បាន​កាន់កាប់​មុន​នោះបាន​កាន់កាប់​អស់​ពេល​ ១០ ​ឆ្នាំ​ដោយ​ភាពសុចរិត ​គ្មាន​កំហុស ដោយ​សន្ដិវិធី ដឹង​ឮ​ជា​សាធារណៈ និង​មាន​ឆន្ទៈ​យក​ជា​កម្មសិទ្ធិ ដី​នោះ​អាច​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​ជន​នោះ​។ ​ដូចគ្នា​ផងដែរ​ជន​ដែល​បាន​​កាន់កាប់​មុន​នោះបាន​កាន់កាប់​អស់​​រយៈពេល​ ២០ ​ឆ្នាំ​ដោយ​សន្ដិវិធី ដឹង​ឮជា​សាធារណៈ​ និង​មាន​ឆន្ទៈ​យក​ជា​កម្មសិទ្ធិ ដី​នោះ​អាច​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​ជន​នោះ​ហើយ​លោក​ (​ក​) ​អាច​នឹង​ប្រឈម​ក្នុង​ការបាត់បង់​ការកាន់កាប់​ដូចដែល​បាន​ពន្យល់​លម្អិត​ក្នុង​សំណួរ​ទី​ ១​។

មាន​ករណីខ្លះ ប្លង់​កម្មសិទ្ធិ​កាន់កាប់​​ដី​ត្រួតស៊ីគ្នា​ ឬ​ក៏​ចូល​ដី​អ្នកដទៃ​តើ​បញ្ហា​​នេះ​ខាង​ស្ថាប័ន​ ឬ​អាជ្ញាធរ​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​?

ដើម្បី​មាន​ភាពច្បាស់លាស់ និង​​មូលដ្ឋាន​ពិចារណា​ទាំងអស់​គ្នា​សូម​ពិនិត្យ​បទប្បញ្ញត្តិ​គតិយុត្ត ដូចខាងក្រោម៖ មាត្រា ៣៩ នៃ​រដ្ឋធម្មនុញ្ញ​ព្រះជាណាចក្រ​កម្ពុជា​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ប្តឹង​បរិហារ ប្តឹងតវ៉ា ឬ​ប្តឹង​​ទារ​សំណង​ជួសជុល​ការខូចខាត​ ដែល​បណ្តាល​មកពី​អំពើ​ខុសច្បាប់​របស់​អង្គការ​រដ្ឋ​របស់​អង្គការ​សង្គម និង​របស់​បុគ្គលិក​នៃ​អង្គការ​ទាំងនោះ​។ ការដោះស្រាយ​បណ្តឹងតវ៉ា និង​សំណង​ជួសជុល​ការខូចខាត​ជា​សមត្ថកិច្ច​របស់​តុលាការ​។ ​មាត្រា​ ១២៨ ​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ចែងថា អំណាច​តុលាការ គ្របដណ្តប់​ទៅលើ​រឿងក្តី​ទាំងអស់ រួមទាំង​រឿងក្តី​រដ្ឋបាល​ផង​។

ហេតុដូច្នេះ​ប្រសិនបើ​នៅ​អំទ្បុងពេល​បំពេញភារកិច្ច​របស់ខ្លួន​ក្នុង​នាម​រដ្ឋ ឬ​​ក្នុង​អំឡុងពេល​បំពេញការងារ​ឱ្យ​រដ្ឋ ក្នុង​​ការកសាង​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ហើយ​រកឃើញ​ថា មាន​ចេតនា​ប្រព្រឹត្ត​កំហុស​បង្កឱ្យ​មាន​ប្លង់​កម្មសិទ្ធិ​ត្រួតគ្នា ឬ​ចូល​ដី​របស់​អ្នកដទៃ គឺអាច​ប្រឈម​ការទទួល​ខុសត្រូវ​រដ្ឋប្បវេណី វិន័យ​រដ្ឋបាល ហើយ​ជាយថាហេតុ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​កាលបើ​ធាតុ​ផ្សំ​នៃ​​បទល្មើស​ត្រូវបាន​បំពេញ​។ ត្រង់ចំណុច​នេះ​សូមបញ្ជាក់​ផងដែរ​ថា វិវាទ​នេះ​សំដៅ​ដល់​បុគ្គល​ដែលមាន​កំហុស​ផ្ទាល់ ឬ​វិវាទ​រដ្ឋបាល​រវាង​បុគ្គល​ឯកជន និង​ស្ថាប័នរដ្ឋ​កាលបើ​បុគ្គល​នោះ​ប្រព្រឹត្ត​កំហុស​ក្នុងនាម​ស្ថាប័ន និង​ដើម្បី​ផលប្រយោជន៍​ស្ថាប័ន​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)