កាលពី​ ២ ​សប្តាហ៍​មុន ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​​ផ្សព្វផ្សាយ​ ២ ​វគ្គ​រួចមកហើយ​អំពី​លក្ខខណ្ឌ​ដែល​អាច​សុំ​សិទ្ធិ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​​ដីធ្លី​ និង​សមត្ថកិច្ច​ដែល​ទទួល​ខុសត្រូវ​​លើ​ករណី​ចេញ​បណ្ណ​ត្រួតស៊ីគ្នា តាមរយៈ​ការពន្យល់​ពី​លោក មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដែលមាន​ការិយាល័យ​បម្រើ​ការងារ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ​ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។ រីឯ​​លេខ​នេះ​យើង​សូម​យក​វគ្គ​បញ្ចប់​មក​ផ្សព្វផ្សាយ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

តាមច្បាប់​ការរស់នៅ​លើ​ដី​ដោយ​សន្ដិភាព​រយៈពេល​ ៥ ​ឆ្នាំ​ឡើងទៅ​គឺ​ពលរដ្ឋ​អាច​សុំ​សិទ្ធិ​កាន់កាប់​លើដី​នោះ​​បានតែ​ត្រូវ​ខាង​ជំនាញ​អះអាងថា ជា​ដី​របស់​រដ្ឋ​។ តែបើ​មាន​ក្រុមហ៊ុន​មួយ​ចង់​កាន់កាប់​ដី​នោះ​ជា​លក្ខណៈ​ឯកជន​វិញ តើ​គេ​អាចធ្វើ​បានទេ​ និង​ដោយ​វិធី​ណា​?

ជាគោលការណ៍​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​បែងចែក​ជា ២​ ប្រភេទ គឺ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​។ ទ្រព្យសម្បត្តិ​ទាំងនេះ​អាចជា​ចលនទ្រព្យ និង​អចលនទ្រព្យ​។ អ៊ីចឹង​សួរថា តើ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​មាន​អ្វីខ្លះ​?

មាត្រា ៣ នៃ​អនុក្រឹត្យ​ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការធ្វើ​អនុប្រយោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ​បានកំណត់​និយមន័យ​ថា ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ គឺជា​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​រដ្ឋ ក្រៅពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូចបាន​កំណត់​ក្នុង​មាត្រា​ ៥៨ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ ព្រមទាំង​មាត្រា ១២ និង​មាត្រា​ ១៥ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​។ ​ត្រង់ចំណុច​នេះ​បាន​កំណត់ថា ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អាចមាន​ដូចជា​៖ ដីធ្លី ក្រោម​ដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោម​បាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌ មូលដ្ឋាន​ការពារ​ប្រទេស សំណង់​ផ្សេងៗ​ទៀត​។

អ្វីដែល​ខ្ញុំ​លើកទ្បើង​អំពី​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ និង​ទ្រព្យសម្បត្តិ​សាធារណៈ​​របស់​រដ្ឋ​នៅទីនេះ គឺ​ចង់​បញ្ជាក់ថា កាលណា​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ទ្រព្យ​នោះ​អាច​ក្លាយជា​កម្មវត្ថុ​នៃ​ការជួល ការលក់ និង​ការដូរ​ប្រទានកម្ម សម្បទាន​សង្គមកិច្ច ឬ​សម្បទាន​សេដ្ឋកិច្ច​។ ចំណែកឯ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពុំ​អាចជា​កម្មវត្ថុ​នៃ​ការលក់ ការដូរ ឬ ការផ្ទេរកម្មសិទ្ធិ​ណាមួយ​បាន​ទ្បើយ​។

ប៉ុន្តែ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អាចជា​កម្មវត្ថុ​នៃ​ការធ្វើ​អនុប្រយោគ​។ អនុប្រយោគ គឺជា​ប្រតិបត្តិការ​នៃ​ការធ្វើ​ចំណាត់ថ្នាក់​ទ្បើង​វិញ លើ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែលនាំឱ្យ​មានការ​ផ្លាស់ប្តូរ​ឋានៈ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​។ ​ហេតុដូច្នេះ​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​កាន់កាប់​ដី​នោះ​ជា​លក្ខណៈ​ឯកជន​អាច​ធ្វើការ​​ស្នើសុំ​ជួល​ទិញ​ ឬ​ដូរ​ទៅលើ​ទ្រព្យសម្បត្តិ​​ឯកជន​របស់​រដ្ឋ ឬ​ប្រសិនបើ​ដី​នោះ​ជា​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ គឺអាច​ធ្វើការ​ស្នើសុំ​អនុប្រយោគ​លើដី​នោះ ប៉ុន្តែ​ការសម្រេច​បែបណា​នោះ គឺជា​សមត្ថកិច្ច​របស់​ស្ថាប័នរដ្ឋ​។

ក្នុង​ករណី​មាន​ប្លង់ដី​ជាន់គ្នា តើ​មន្ដ្រី​មាន​សមត្ថកិច្ច​ដោះស្រាយ​បែបណា​?

ការបែងចែក​វិវាទ​ដីធ្លី​មាន​ ២ ​ប្រភេទ ៖ វិវាទ​ដីធ្លី​ដែល​បាន​ចុះបញ្ជី​ (​ប្លង់រឹង​) ​និង​​វិវាទ​ដីធ្លី​ដែល​មិនទាន់​ចុះបញ្ជី (​ប្លង់ទន់​) ​ហើយ​គូភាគី​បាន​អះអាង​អំពី​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ យោងតាម​ប្រកាស​អន្តរក្រសួង​លេខ ០២ ប្រកច.០៣ ចុះ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​ ២០០៣ ស្តីពី​ការកំណត់​ភារកិច្ច​របស់​តុលាការ​ និង​គណៈកម្មការ​សុរិយោដី​ពាក់ព័ន្ធ​នឹង​វិវាទ​​ដីធ្លី​បាន​កំណត់ថា វិវាទ​ដីធ្លី​ដែល​បាន​ចុះបញ្ជី​រួចហើយ​ស្ថិតក្រោម​សមត្ថកិច្ច​​របស់​តុលាការ​ក្នុង​ការដោះស្រាយ​។

រីឯ​វិវាទ​ដីធ្លី​ដែល​មិនទាន់បាន​ចុះបញ្ជី​ស្ថិតក្រោម​គណៈកម្មការ​សុរិយោដី​រួមមាន​៖ គណៈកម្មការ​សុរិយោដី​ថ្នាក់ស្រុក ខណ្ឌ គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត ក្រុង និង​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ​។ ​ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា វិវាទ​កិច្ចសន្យា​ពាក់ព័ន្ធ​នឹង​​ដីធ្លី​មិនទាន់​ចុះបញ្ជី​សុរិយោដី​ដូចជា​៖

វិវាទ​អំពី​ការបែងចែក​មរតក​ និង​វិវាទ​អំពី​កិច្ចសន្យា​ទិញ លក់ ជួល បញ្ចាំ​ជាដើម​គឺជា​សមត្ថកិច្ច​របស់​តុលាការ​៕