តាមច្បាប់ ប្រភេទ​នៃ​បណ្ដឹង​​មាន​ការបែងចែក​ទៅតាម​បទល្មើស​នីមួយៗ បើទោះជា​ដំណើរការ​សវនាការ​ធ្វើឡើង​នៅ​តុលាការ​តែមួយ​ក៏ដោយ​។ ករណី​ដូចជា បណ្តឹង​ព្រហ្មទណ្ឌ​ និង​បណ្តឹងរដ្ឋប្បវេណី​ជាដើម​គឺមាន​លក្ខណៈ​ខុសគ្នា​។

ដើម្បី​​បានដឹង​ពី​ភាពខុស​យ៉ាងណា​នោះ ​ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​សុំ​ការពន្យល់​ពី​លោក មេធាវី ឡោ គីមហ្គិច ជា​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ ​១៦R ផ្លូវ​ ២៥២ ​សង្កាត់​ចតុមុខ រាជធានី-​ភ្នំពេញ​តាមរយៈ​សំណួរ ដូចខាងក្រោម​៖

តើ​បណ្តឹង​ព្រហ្មទណ្ឌ និង​បណ្តឹងរដ្ឋប្បវេណី ខុសគ្នា​យ៉ាង​ដូចម្តេច​?

មុននឹង​ខ្ញុំ​ឆ្លើយ​នូវ​សំណួរ​នេះ​ខ្ញុំ​សូម​ទាញអារម្មណ៍​អ្នកអាន​បន្តិច​ថា ពាក់ព័ន្ធ​បណ្តឹង​ទៅ​តុលាការ​មាន​ ២ ​បណ្តឹង​គឺ​បណ្តឹងរដ្ឋប្បវេណី និង​បណ្តឹង​ព្រហ្មទណ្ឌ​។ បើ​យោងតាម​មាត្រា ១៣១ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​ ១៩៩៣ បាន​បញ្ញត្តិ​ថា មានតែ​អង្គការ​អយ្យការ​ទេ ដែលមាន​សិទ្ធិ​ធ្វើបណ្ដឹង​អាជ្ញា​បាន​។ ​ចំពោះ​អ្នក​ដែល​ធ្វើ​បណ្តឹងអាជ្ញា​នេះ មាន​ព្រះរាជអាជ្ញារង និង​ព្រះរាជអាជ្ញា​។

បណ្តឹង​ព្រហ្មទណ្ឌ​ជា​បណ្តឹង​មួយ​ដែល​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​អំពី​ការ​មាន​ពិរុទ្ធភាព ឬ​គ្មាន​ពិរុទ្ធភាព​នៃ​ជនណាម្នាក់​ ឬ​ច្រើន​នាក់​។ ​បណ្តឹង​ព្រហ្មទណ្ឌ​ជា​បណ្តឹង​ដែល​សំដៅ​​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​បង្ហាញឱ្យឃើញ​​អំពី​ការមាន​ពិរុទ្ធភាព​ ឬ​គ្មាន​ពិរុទ្ធភាព​នៃ​ជនណាម្នាក់​ ឬ​ច្រើន​នាក់​។ ​តាមច្បាប់​ចែង​បណ្តឹង​ព្រហ្មទណ្ឌ​ ឬ​បណ្តឹងអាជ្ញា​អនុវត្ត​ទៅលើ​បុគ្គល​គ្រប់រូប​គ្រប់​សញ្ជាតិ​សាសនា​។ ​បណ្តឹង​ព្រហ្មទណ្ឌ​គឺជា​បណ្តឹង​របស់​ព្រះរាជអាជ្ញា​។ ​

ចំពោះ​ពលរដ្ឋ​គ្រប់រូប​យល់ថា រឿង​​ហេតុ​ ឬ​ហេតុការណ៍​ដែល​យើង​បានឃើញ​ ឬ​ដឹងថា អំពើ​របស់​ជនណាម្នាក់​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​គឺ​ពលរដ្ឋ​អាច​ប្តឹងទៅ​តុលាការ​ ឬ​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​នៅ​ជិត​កន្លែង​កើតហេតុ​។ ​ម្យ៉ាងទៀត​បើ​បទល្មើស​កំពុងតែ​ប្រព្រឹត្ត​ ឬ​កំពុងតែ​កើត​គឺ​អ្នក​នៅ​ទី​កើតហេតុ​នោះ​អាច​ចាប់​ជនបង្ក​នោះ​ប្រគល់ឱ្យ​មន្ត្រី​​នគរបាល​យុត្តិធម៌​ (​បទល្មើស​ជាក់ស្តែង​)​។ ​

តាមន័យ​ច្បាប់​គឺជា​ការផ្តល់​ព័ត៌មាន​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​ ឬ​តុលាការ​តែប៉ុណ្ណោះ​។ ​ហេតុដូច្នេះ​ព្រះរាជអាជ្ញា​ទេ​ដែល​ត្រូវ​ចោទ​ប្រកាន់​ ឬ​មិន​ចោទ​។ ​ដូច្នេះ​បណ្តឹង​ព្រហ្មទណ្ឌ​គឺ​ផ្តើមចេញពី​ព្រះរាជអាជ្ញា​។ តាម​ការចែង​ក្នុង​ច្បាប់​គឺ​បណ្តឹង​ព្រហ្មទណ្ឌ​ត្រូវ​ទទួលពិន័យ​ផ្នែក​ព្រហ្មទណ្ឌ​ទោស​ដាក់ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់​ជូន​រដ្ឋ​។ ​បណ្តឹង​ព្រហ្មទណ្ឌ​តុលាការ​សកម្ម​ស្វែងរក​ភ័ស្តុតាង​ដាក់បន្ទុក និង​ដោះ​បន្ទុក​។ ​

ចំពោះ​បណ្តឹងរដ្ឋប្បវេណី​វិញ​អ្នក​ផ្តើម​បណ្តឹង​គឺ​បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ប្តឹង​នូវ​បទល្មើស​ណាមួយ​ដែល​ខ្លួន​យល់ថា អ្នកដទៃ​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ ឬ​ធ្វើឱ្យ​ខូចខាត​ប៉ះពាល់​​ដល់​សិទ្ធិ​របស់ខ្លួន​។ ដើម្បីឱ្យ​បណ្តឹងរដ្ឋប្បវេណី​មាន​ចលនា​បាន​នៅ​ផ្លូវ​តុលាការ គឺ​ម្ចាស់បណ្តឹង​ត្រូវមាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ជាមុន​៕