តាមច្បាប់​ការធ្វើឱ្យ​អ្នកណាម្នាក់​ស្លាប់​ដោយ​ចេតនា តែងតែ​ប្រឈមមុខ​នឹង​​ទោសទណ្ឌ​ចៀស​មិន​ផុត​ឡើយ​។ ​ក៏ប៉ុន្តែ​ក្នុង​ករណី​ទទួល​កូន​អ្នកដទៃ​មក​ស្នាក់​ផ្ទះ​ ហើយ​ស្លាប់​ដោយ​ចៃដន្យ តើ​ត្រូវ​មានទោស​ដែរឬទេ​? ​ជុំវិញ​ចម្ងល់​នោះ​ ភ្នំពេញ ប៉ុស្ដិ៍​ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖

លោក​ (​ក​) ​បាន​យក​កូន​គាត់​ទៅ​ផ្ញើ​នឹង​នាង​ (​ខ​) ​ហើយ​កូន​របស់​លោក​ (​ក​) ​បាន​លង់ទឹក​ស្លាប់​។ ​តើ​បញ្ហា​នេះ​នាង​ (​ខ​) ​ត្រូវ​មានទោស​ឬទេ បើ​លោក​ (​ក​) ​មិន​ប្តឹង​នគរបាល​ផង​នោះ​?

តាម​អង្គហេតុ​ដែល​ផ្តល់ឱ្យ​ខាងលើ ប្រសិន​បើ​នាង​ (​ខ​) ​ពិតជា​មិនបាន​ចូលរួម​ ឬ​ប្រព្រឹត្ត​អំពើ​ដែលនាំឱ្យ​ស្លាប់​ក្មេង​ដែល​ជា​កូនលោក​ (​ក​) ​នោះទេ គឺ​មិន​​ត្រូវបាន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ទេ​។

អង្គហេតុ​ខាងលើ គឺ​ច្បាប់​អាច​ឱ្យ​មានការ​ទទួលខុសត្រូវ​សំណង​រដ្ឋប្បវេណី ចំពោះ​បុគ្គល​ដែល​មាន​ករណីយកិច្ច​ដែល​បាន​កំណត់ដោយ​ច្បាប់​ក្នុង​ការត្រួតពិនិត្យ អនីតិជន ស្ថិត​នៅក្នុង​ស្ថានភាព​មិនអាច​យល់ដឹង និង​វិនិច្ឆ័យ​បាន​អំពី​ការទទួល​ខុសត្រូវ​របស់​ខ្លួន យោងតាម​មាត្រា​ ៧៤៦ នៃ​ក្រមរដ្ឋប្បវេណី ដូច្នេះហើយ​នាង​ (​ខ​) ​មិន​មាន​ករណីយកិច្ច​ត្រូវ​សង​ការខូចខាត​ដែល​កើតឡើង​ដល់​លោក​ (​ក​) ​ទេ ផ្ទុយទៅវិញ​អំពើ​នេះ​គឺជា​ការទទួល​ខុសត្រូវ​របស់​លោក​ (​ក​) ​វិញ​ទេ ដែល​គាត់​មាន​កាតព្វកិច្ច​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការមើលថែរក្សា​កូន​របស់គាត់​។

ករណីនេះ ប្រសិនបើ​លោក​ (​ក​) ​មិន​ប្តឹង​នាង​ (​ខ​) ​ទេ តើ​មន្ត្រី​នគរបាល​យុត្តិធម៌​មាន​សិទ្ធិអំណាច​ក្នុង​ការប្តឹង​ទៅ​តុលាការ ទាំង​បណ្តឹងរដ្ឋប្បវេណី និង​បណ្តឹង​ព្រហ្មទណ្ឌ​បានដែរ​ទេ​?

មន្ត្រី​នគរបាល​យុត្តិធម៌ គឺជា​ជំនួយ​របស់​អំណាច​តុលាការ​ (​មាត្រា​ ៥៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​)​។ ​នគរបាល​យុត្តិធម៌​មាន​ភារកិច្ច​ធ្វើការ​ត្រួតពិនិត្យ​បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ កំណត់​អត្តសញ្ញាណ និង​ចាប់​ជនល្មើស​​ព្រមទាំង​ប្រមូល​ភ័ស្តុតាង​។ ក្នុងន័យនេះ​មន្ត្រីនគរបាល​យុត្តិធម៌​គឺមាន​ភារកិច្ច​តែ​លើ​រឿង​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ សម្រាប់​រឿង​រដ្ឋប្បវេណី នគរបាល​យុត្តិធម៌​គ្រាន់តែ​អាចជួយ​សម្របសម្រួល​តែប៉ុណ្ណោះ ករណី​ដើមបណ្តឹង​រដ្ឋប្បវេណី មិន​ប្តឹង​ទាមទារ​សំណង​ទេនោះ មន្ត្រីនគរបាល​យុត្តិធម៌​មិនមាន​សិទ្ធិ​ក្នុង​ការប្តឹង​តាំងខ្លួន​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ជំនួស​នោះទេ​។

ករណី​នេះដែរ បើ​លោក​ (​ក​) ​ប្តឹង​នាង​ (​ខ​) ​តើ​នគរបាល​យុត្តិធម៌​មាន​សមត្ថកិច្ច​ប្តឹង​ ១ ​ជាន់​ទៀត​ (​បណ្តឹង​ ២ ​ក្នុង​បទល្មើស​តែ​ ១) ​បាន​ទេ​?

ករណី​នេះ​បើ​លោក​ (​ក​) ​ប្តឹង​នាង​ (​ខ​) ​គឺអាច​ប្តឹង​ត្រឹម​សំណង​រដ្ឋប្បវេណី​​ដោយ​យោងតាម​មាត្រា​ ៦៤០ ​នៃ​ក្រម​រដ្ឋប្បវេណី​ត្រង់​កថាខណ្ឌ​ទី​ ២ ​ចែងថា​ «​អាណត្តិគាហក​បាន​ធ្វើឱ្យ​ខូចខាត​ដល់​អាណត្តិ​ទាយក អាណត្តិ​ទាយក​អាច​ទាមទារ​សំណង​នៃ​ការខូចខាត​នោះ​ពី​អាណត្តិគាហក​បាន​។ នៅក្នុង​ករណីនេះ ប្រសិនបើជា​អាណត្តិ​ដោយ​មិន​យក​កម្រៃ តុលាការ​អាច​បន្ថយ​ចំនួន​ទឹកប្រាក់​សំណង​នៃ​ការខូចខាត​បាន​»​។

រាល់​បទល្មើស​កើតឡើង​ ឬ​ចាប់ខ្លួន​ជនណាម្នាក់​គឺ​មន្ត្រីនគរបាល​យុត្តិធម៌​ចាំបាច់​ត្រូវតែ​ជូនដំណឹង​ទៅ​តុលាការ​ ឬ​ក៏​មិនបាច់​ជូនដំណឹង​? ​តើ​នគរបាល​យុត្តិធម៌​អាច​ចាប់​ ឬ​ឃាត់​ជនណាម្នាក់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​តុលាការ​បានទេ​?

យោងតាម​មាត្រា​ ៣៧ ​ព្រះរាជអាជ្ញា​ដឹកនាំ និង​សម្របសម្រួល​សកម្មភាព​របស់​មន្ត្រី និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​ទាំងអស់​នៅក្នុង​សមត្ថកិច្ច​ដែនដី​របស់ខ្លួន​។ ហេតុដូច្នេះ រាល់​បទល្មើស​កើតឡើង ឬ​ចាប់ខ្លួន​ជនណាម្នាក់​គឺ​ត្រូវ​​ជូនដំណឹង​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​/​ក្រុង​នោះ ប៉ុន្តែ​ការជូនដំណឹង​អាច​ធ្វើ​នៅពេល​ក្រោយ ប្រសិនបើ​មាន បទល្មើស​ជាក់ស្តែង​កើតឡើង​ភ្លាម​៕