ធម្មតាគ្រប់បទល្មើសតែងតែមានអង្គហេតុ និងអ្នកពាក់ព័ន្ធ ឬអ្នកប្រព្រឹត្តផ្ទាល់។ ចុះក្នុងករណីដែលមានឃាតកម្មណាមួយនៅក្នុងបរិវេណលំនៅឋានអ្នកណាម្នាក់ តើម្ចាស់ផ្ទះនោះជាប់ពាក់ព័ន្ធបែបណា? ជុំវិញចម្ងល់នេះ ភ្នំពេញ ប៉ុស្ដិ៍ បានសុំពន្យល់ពីលោកមេធាវី ផុន ធារិន ដែលបម្រើការនៅការិយាល័យមេធាវី ផុន ធារិន នៅបុរីដឹមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញតាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) បានទូរស័ព្ទហៅលោក (ខ) ឱ្យទៅលេងផ្ទះឝាត់។ ពេលនោះលោក (ខ) ត្រូវគេកាប់ស្លាប់ក្នុងបរិវេណផ្ទះលោក (ក)។ ករណីនេះតើលោក (ក) ពាក់ព័ន្ធទេ ព្រោះគាត់ជាអ្នកហៅលោក (ខ) ទៅផ្ទះគាត់?
ការសន្មតជាបឋមលោក (ក) ត្រូវបានចាត់ទុកជាសាក្សីយ៉ាងសំខាន់នៅក្នុងអង្គហេតុនេះដោយហេតុថា លោក (ក) ជាមនុស្សដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយជនរងគ្រោះទាំងមុនអំឡុងពេល និងក្រោយពេលកើតហេតុ។ សមត្ថកិច្ចនឹងស្នើសុំឱ្យលោក (ក) ចូលរួមសហការ ដើម្បីផ្ដល់ព័ត៌មានព្រមទាំងកំណត់អត្តសញ្ញាណជនដៃដល់។ ផ្ទុយទៅវិញក្នុងករណីសមត្ថកិច្ចឃើញតម្រុយសង្ស័យថា លោក (ក) ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក (ខ) នោះលោក (ក) ត្រូវស្ថិតនៅជាជនសង្ស័យ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីធ្វើការឃាត់ខ្លួនលោក (ក) និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់។
ក្រោយពេលសម្លាប់លោក (ខ) ជនដៃដល់បានគេចខ្លួន តែបន្សល់ទុកវត្ថុតាងនៅផ្ទះលោក (ក)។ បើនគរបាលរកឃើញវត្ថុតាងក្នុងផ្ទះបែបនេះ តើលោក (ក) ជាអ្នកទទួលខុសត្រូវក្នុងបទល្មើសនេះឬយ៉ាងណា?
ជាធម្មតាមន្ត្រីនគរបាលយុត្តិធម៌មានជំនាញក្នុងការពិនិត្យវត្ថុតាងក៏ដូចជាការធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ។ ក្នុងន័យនេះ មន្ត្រីនគរបាលយុត្តិធម៌នឹងអាចកំណត់បានជាបឋមចំពោះវត្ថុតាងដែលបន្សល់ទុកនៅទីតាំងកើតហេតុនឹងអាចឈានធ្វើការកំណត់ជាមូលដ្ឋានអំពីអត្តសញ្ញាណជនដៃដល់ ថាតើជាលោក (ក) ឬក៏បុគ្គលផ្សេងទៀត។
បើករណីនេះសាច់ញាតិលោក (ខ) ប្តឹងលោក (ក) បានឬយ៉ាងណា?
ក្នុងករណីមានតម្រុយមួយចំនួនពាក់ព័ន្ធជាមួយនឹងលោក (ក) ដែលអាចជាមូលដ្ឋាននាំឱ្យសាច់ញាតិរបស់លោក (ខ) ប្ដឹងលោក (ក) អំពីបទឃាតកម្ម ឬបទមនុស្សឃាតដោយអចេតនា ជាដើម។ ភាគីតំណាងជនរងគ្រោះមានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹងប្តឹងលើលោក (ក) ទៅសមត្ថកិច្ច ឬតុលាការ ហើយបណ្ដឹងរបស់តំណាងជនរងគ្រោះនេះនាំឱ្យកើតមានបណ្ដឹង ២ ផ្សេងគ្នា គឺបណ្ដឹងទាមទារសំណងរដ្ឋប្បវេណី និងបណ្ដឹងអាជ្ញា។ ក្នុងករណីសមត្ថកិច្ចក៏ដូចជាតុលាការបានរកឃើញថា លោក (ក) គឺជាជនដៃដល់ដែលបានប្រព្រឹត្តអំពើឃាតកម្ម ឬមនុស្សឃាតដោយអចេតនាណាមួយនោះ លោកក៏ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដោយមានព្រះរាជអាជ្ញាជាដើមបណ្ដឹងអាជ្ញា និងសំណងដល់ជនរងគ្រោះដោយមានអ្នកតំណាងជនរងគ្រោះគឺជាដើមបណ្ដឹងរដ្ឋប្បវេណី។
(សូមរង់ចាំអានវគ្គបន្តនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ)