កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ-ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចមកហើយ​ជុំវិញ​ការជាប់​ពាក់ព័ន្ធ​របស់​ម្ចាស់ផ្ទះ​​ក្នុង​ករណី​មាន​មនុស្ស​ស្លាប់​ក្នុង​បរិវេណ​​លំនៅឋាន​របស់គាត់ តាមរយៈ​ការបកស្រាយ​ពី​លោក​មេធាវី ផុន ធារិន ដែល​បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន នៅ​បុរី​ដឹ​មេគង្គ​រ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ រីឯ​នៅ​ថ្ងៃ​ចន្ទ​នេះ យើង​សូម​ផ្សព្វផ្សាយ​នូវ​វគ្គ​បញ្ចប់​​តាមរយៈ​សំណួរ​ដូចខាងក្រោម៖

ឧបមាថា លោក​ (​ខ​) ​ត្រូវគេ​វាយ​ឱ្យ​របួសធ្ងន់ ប៉ុន្តែ​លោក ​(​ក​) ​មិនបាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ទេ បណ្តោយ​ឱ្យ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​នៅក្នុង​បរិវេណ​ផ្ទះ​គាត់​។ តើ​នេះ​អាច​ចាត់ទុកជា​ការរួមចំណែក​ទទួលខុស​របស់លោក​ (​ក​) ​ឬ​យ៉ាងណា​?

ក្នុង​ហេតុ​ខាងលើ ករណី​ដែល​លោក​ (​ក​) ​មិនបាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ យើង​មិនទាន់​អាច​ចាត់ទុកថា​លោក​ (​ក​) ​រួមចំណែក​ក្នុង​ការទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នៅឡើយ​នោះទេ ដោយហេតុថា លោក​ (​ក​) ​មិនមាន​សមត្ថកិច្ច​ក៏ដូចជា ជំនាញ​ក្នុង​ការដឹកជញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​នៅឡើយ​។ តែ​អ្វីដែល​យើង​ត្រូវ​ពិនិត្យមើល​នោះ ថា តើ​លោក​ (​ក​) ​បាន​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​អំពី​ហេតុការណ៍ ឬ​អ្នក​ដែល​អាចជួយ​សង្គ្រោះ (​រួមមាន​ពេទ្យ​សង្គ្រោះ ឬ​មន្ទីរពេទ្យបង្អែក​ជាដើម​) ​ដែរឬទេ​? ក្នុងករណី​ដែល​លោក​ (​ក​) ​មិនបាន​រាយការណ៍​អំពី​ហេតុការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​នគរបាល​លោក​ (​ក​) ​ត្រូវ​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ពីបទ​មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ​ដែល​មានចែង​ក្នុង​មាត្រា​ ៥២៩ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ខែ​ទៅ​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ រៀល​ទៅ ២ ០០០ ០០០ រៀល​។

លោក​ (​ក​) ​ដឹងថា ជនដៃដល់​សម្លាប់​លោក​ (​ខ​) ​ហើយ តែ​មិន​ចាប់ខ្លួន​ប្រគល់ឱ្យ​នគរបាល ហើយ​បណ្តោយឱ្យ​ជនដៃដល់​មានឱកាស​រត់​រួច​។ តើ​ករណីនេះ​ចាត់ទុកថា លោក​ (​ក​) ​រួមចំណែក​ជាមួយ​ជនដៃដល់​ឬ​?

ក្នុង​ករណី​ដែល​លោក​ (​ក​) ​មិន​បាន​ចាប់ខ្លួន​ប្រគល់​ឱ្យទៅ​នគរបាល ឬ​មិន​​បាន​រាយការណ៍​អំពី​ហេតុការណ៍​ជូន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​លើកលែង​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដោយ​ផ្អែកលើ​មាត្រា​ ៥២៩ នៃ​ក្រមព្រហ្មទណ្ឌ​ក្នុងករណី​មួយចំនួន: បុព្វញាតិ និង​បច្ឆាញាតិ បងប្អូន​ប្រុស​ស្រី​របស់​ចារី សហចារី អ្នកផ្ដើមគំនិត ឬ អ្នកសមគំនិត​នៃ​បទឧក្រិដ្ឋ​។ សហព័ទ្ធ​របស់​ចារី សហចារី អ្នកផ្ដើមគំនិត ឬ អ្នកសមគំនិត​នៃ​បទឧក្រិដ្ឋ​។

ដោយឡែក ប្រសិនបើ​សមត្ថកិច្ច​រកឃើញ​ថា លោក​ (​ក​) ​មាន​ចេតនា​​បិទបាំង មិន​ផ្ដល់ព័ត៌មាន​ជូន​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច​ និង​បង្ក​ឱ្យ​ជនល្មើស​គេចខ្លួន ដូច្នេះ​លោក​ក៏ត្រូវ​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​បទ​សមគំនិត​នឹង​អំពើ​ឃាតកម្ម ឬ​មនុស្សឃាត​ដោយ​អចេតនា​៕