តាមច្បាប់​ការទទួល​ផល​ចោរកម្ម​​តែង​ប្រឈម​នឹង​ការជាប់ទោស​ទៅតាម​​កម្រិត​ដែល​បាន​ប្រព្រឹត្ត ក៏ប៉ុន្តែ​ក្នុង​​ករណី​រក្សាទុក​ប្រាក់​ដែល​បាន​ពី​ការប្រព្រឹត្តល្មើស​របស់​សាច់ញាតិ តើ​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​ដែរឬទេ​? ​ជុំវិញ​ចម្ងល់​នេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​​ពី​លោក​មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី ធម្មសាស្ត្រ មាន​ការិយាល័យ​នៅ​អគារ​ ខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​មាន​កូន​ម្នាក់​អាយុ​ ១៣ ​ឆ្នាំ​បាន​លួច​ទ្រព្យ​អ្នកដទៃ​យកទៅលក់​។ ​ចំណែក​លុយ​នោះ​យកទៅ​ឱ្យ​លោក​ (​ក​)​។ ​លុះ​ក្រោយមក​នគរបាល​ចាប់​កូន​នោះបាន​។ ​ដូច្នេះ​តើ​លោក​ (​ក​) ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះដែរ​ឬ​យ៉ាងណា​?

ក្នុង​រឿង​ព្រហ្មទណ្ឌ​ដើម្បី​បង្កើត​ទៅជា​បទល្មើស​បាន ទាល់​តែមាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ចំនួន​ ៣ សំខាន់ៗ​។ ​ទី​ ១- ​ធាតុ​នីត្យានុកូលភាព មានន័យថា​ច្បាប់​កំណត់​អំពើ​ណាមួយ​ជា​បទល្មើស​ព្រហ្មទណ្ឌ​, ​ទី​ ២- ​ធាតុ​ផ្សំ​សត្យានុម័ត​អាចជា​អំពើ​សកម្ម​ ឬ​អំពើ​អកម្ម និង​ទី​ ៣- ​ធាតុ​អត្តនោម័ត មានន័យថា​អំពើ​របស់​អ្នកណាម្នាក់​ ឬ​ច្រើន​នាក់​ដែល​ធ្វើ​ទ្បើង​ដោយ​ចេតនា​ ឬ​អចេតនា​។ ​ក្នុងករណី​លោក​ (​ក​) បានទទួល​លុយ​ពី​កូន​មក​រក្សាទុក​តើ​លោក​ (​ក​) ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះដែរ​ឬ​យ៉ាងណា​? ​តាម​ការពិនិត្យ​លើ​ធាតុ​ផ្សំ​នៃ​បទល្មើស​ខាងលើ​ឃើញថា ធាតុ​អត្តនោម័ត​មាន​ការពាក់ព័ន្ធ​ខ្លាំង​ទៅនឹង​សំណួរ​ខាងលើនេះ​។ ហេតុដូច្នេះ គប្បី​ពិនិត្យ​ទៅលើ​ផ្លូវច្បាប់​ដែល​ចែង​អំពី​ធាតុ​អត្តនោម័ត​នេះ និង​បទល្មើស​ដែល​អាច​នឹង​ប្រឈម​ក្នុង​ការទទួល​ខុសត្រូវ​ក្នុង​អង្គហេតុ​នេះ​។

យោងតាម​មាត្រា​ ៤ នៃ​ក្រម​ព្រហ្មទណ្ឌ (​ចេតនា​ប្រព្រឹត្ត​បទល្មើស​) ចែងថា “​ពុំមាន​បទល្មើស​ទេ ប្រសិនបើ​គ្មាន​ចេតនា​ប្រព្រឹត្ត​។ ប៉ុន្តែ​ក្នុងករណី​ដែល​ច្បាប់​បានចែង​ទុក​មុន បទល្មើស​មួយ​អាច​កើតចេញពី​ការមិន​ប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬ​ការមិន​គោរព​កាតព្វកិច្ច​ដោយ​ទ្បែក​ណាមួយ​។

យោងតាម​មាត្រា​ ៣៩៩ កថាខណ្ឌ ១ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា “​អំពើ​ទទួលផល​ចោរកម្ម គឺជា​អំពើ​ទទួល លាក់កំបាំង រក្សាទុក ឬ​បញ្ជូន​វត្ថុ​អ្វីមួយ ដោយ​ដឹងថា​វត្ថុ​នោះ​បានមក​ពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​”​។

ផ្អែក​តាម​ខ្លឹមសារ​នៃ​មាត្រា​ខាងលើ​ឃើញថា ច្បាប់​បាន​ចង​រួចហើយ​ថា​បទល្មើស​ទាមទារ​នូវ​ចេតនា​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​នោះ​ដូចជា​ដឹងថា​វត្ថុ​ (​លុយ​) ​បានមកពី​បទល្មើស​ហើយ​នៅតែ​ទទួល​យកមក​រក្សាទុក​ ឬ​ប្រើការ​ទៀត​។ ផ្អែក​តាម​អង្គហេតុ​ខាងលើ យើង​សាកល្បង​បែងចែក​អង្គហេតុ​របស់លោក (​ក​) ជា​ ២ ​ករណី​៖

ករណី​ទី​ ១ ប្រសិនបើ លោក​ (​ក​) ​បាន​រក្សាទុក​លុយ​ដែល​បាន​ពី​បទល្មើស​នោះ ហើយ​គាត់​មិនបាន​ដឹងថា​លុយ​នោះបាន​ពី​អំពើ​លួច​ទេ ដូច្នេះ​លោក​ (​ក​) ​ពុំ​ប្រឈម​ទៅនឹង​បទល្មើស​ទទួលផល​ចោរកម្ម​នោះទេ​។

ករណី​ទី​ ២ ប្រសិនបើ លោក (​ក​) បាន​រក្សាទុក​លុយ​ដែល​បាន​ពី​បទល្មើស​នោះ ដោយ​គាត់​បានដឹង​រួចទៅហើយ​ថា​លុយ​នោះបាន​ពី​ការលួច​ទ្រព្យ​អ្នកដទៃ​លក់ ហើយ​គាត់​នៅតែ​ទទួល​រក្សាទុក​ទៀត ដូច្នេះ​នៅក្នុង​ករណីនេះ លោក (​ក​) អាច​ប្រឈម​ទៅនឹង​បទល្មើស ហើយ​តុលាការ​នឹង​ពិចារណា​អំពី​អត្ថិភាព​ ឬ​នត្ថិភាព​នៃ​បទល្មើស​ទទួលផល​ចោរកម្ម​ជាអាទិ៍​។ (​សូម​រង់ចាំ​​អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)