កាលពី​សប្ដាហ៍​មុន ​ភ្នំពេញ ប៉ុស្ដិ៍​ បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួច​​មកហើយ អំពើ​ការប្រឈមមុខ​​នឹង​ទោស​ចំពោះ​អ្នករក្សា​ទុក​ ដោយ​ចេតនា​នូវ​ប្រាក់​ដែល​សាច់ញាតិ​លួចបាន​ទៅតាម​ការពិចារណា​របស់​តុលាការ​​អំពី​អត្ថិភាព​ ឬ​នត្ថិភាព​នៃ​បទល្មើស​ទទួលផល​ចោរកម្ម តាមរយៈ​ការពន្យល់​ពី​លោក​មេធាវី​​ កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី ធម្មសាស្ត្រ មាន​ការិយាល័យ​នៅ​អគារ​ ខ ៣៦ ជាន់​ទី ១០ បន្ទប់​លេខ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។ សម្រាប់​វគ្គ​នេះ​យើង​សូម​ផ្សព្វផ្សាយ​វគ្គ​បញ្ចប់​តាមរយៈ​សំណួរ​​ដូចខាងក្រោម​៖

ចុះ​ចំពោះ​កូន​គាត់​ជា​អ្នក​លួច​​ដែល​ទើប​មាន​អាយុ​ត្រឹម​ ១៣ ​ឆ្នាំ តើ​មានទោស​ដែរ​ទេ?

មុន​នឹង​ឈានដល់​ការបកស្រាយ​សំណួរ​នេះ យើង​គួរស្វែងយល់​អត្ថន័យ​នៃ​ពាក្យ អនីតិជន និង​នីតិជន ជាមុនសិន ។ អនីតិជន គឺ​សំដៅលើ​ជន​ដែលមាន​អាយុ​ក្រោម​ ១៨ (​ដប់​ប្រាំបី​) ឆ្នាំ ។ ចំណែកឯ​នីតិជន​សំដៅ​ដល់​ជន​ទាំងឡាយណា​ដែល​មាន​អាយុ​ចាប់ពី​ ១៨ (​ដប់​ប្រាំបី​) ​ឆ្នាំ​ឡើងទៅ​។ នីតិភាព​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ត្រូវ​បានកំណត់​យ៉ាងច្បាស់​នៅក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដូច្នេះ អនីតិជន​អាយុ​ ១៣ ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​អាច​នឹងត្រូវ​បាន​រួច​ពី​ការទទួល​ខុស​​ត្រូវ​ព្រហ្មទណ្ឌ​ឬ​យ៉ាងណា​?

ជាពិសេស​ករណី​កូនលោក​ (​ក​) ​ដែល​មាន​អាយុ​ ១៣ ​ឆ្នាំ ហើយ​បាន​លួច​ទ្រព្យសម្បត្ដិ​អ្នកដទៃ​យកទៅលក់ តើ​ទទួលទោស​ព្រហ្មទណ្ឌ​ដែរឬទេ​?

ជាទូទៅ វិធាន​ដែល​អនុវត្ត​ចំពោះ​អនីតិជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​គឺ​មាន​ដូចជា វិធានការ​ការពារ វិធានការ​តាមដាន វិធានការ​ឧបត្ថម្ភ និង​វិធាន​ការអប់រំ ជាដើម​។ ក៏ប៉ុន្ដែ​ដោយ​បាន​ឃើញ​ពី​ស្ថាន​ទម្ងន់ទោស​នៅក្នុង​បទល្មើស​ព្រហ្មទណ្ឌ​មួយចំនួន​ដែល​បង្កដោយ​អនីតិជន​ច្បាប់​បាន​បញ្ញត្តិ​បន្ថែម​អំពី​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ចំពោះ​អនីតិជន​នៅក្នុង​លក្ខខណ្ឌ​មួយចំនួន​។

យោងតាម​មាត្រា​ ៣៩ កថា​ខណ្ឌ​ ២ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “​តុលាការ​អាច​ប្រកាស​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​ចាប់ពី​ ១៤ (​ដប់​បួន​) ឆ្នាំ​ឡើងទៅ ប្រសិនបើ​កាលៈទេសៈ​នៃ​បទល្មើស ឬ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​តម្រូវ​។

យោងតាម​មាត្រា​ ២៧ កថា​​ខណ្ឌ​ ១ ​នៃ​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន ចែងថា​“​ក្នុងករណី​អនីតិជន​មាន​អាយុ​ក្រោម ១៤ (​ដប់​បួន​)​ឆ្នាំ គិត​មក​ត្រឹម​ថ្ងៃ​ដែល​សង្ស័យថា បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​នោះ​ព្រះរាជអាជ្ញា​ត្រូវ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ និង​ត្រូវប្រគល់​អនីតិជន​នោះ​ទៅឱ្យ​អ្នក​តំណាង​ដែល​ច្បាប់​បានកំណត់​វិញ​ភ្លាម​” ។

ផ្អែក​តាម​ខ្លឹមសារ​នៃ​មាត្រា​ខាងលើ​ឃើញថា យើង​អាច​កំណត់​បាន​ថា ការផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ចំពោះ​អនីតិជន គឺ​អនុវត្ត​ចំពោះតែ​អនីតិជន​ដែលមាន​អាយុ​ចាប់ពី​ ១៤ (​ដប់បួន​) ឆ្នាំ​ដល់​ក្រោម​ ១៨ (​ដប់​ប្រាំបី​) ឆ្នាំ ប៉ុណ្ណោះ ហើយ​ចំពោះ​អនីតិជន​ដែល​មាន​អាយុ​ក្រោម ១៤ (​ដប់​បួន​) ឆ្នាំ ពុំ​ទទួល​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​នោះទេ ដោយ​មូលហេតុ​​ថា តាម​ស្មារតី​ច្បាប់ គឺ​អនីតិជន​ដែល​មាន​អាយុ​ក្រោម ១៤ ឆ្នាំ​ពុំមាន​សមត្ថភាព​យល់​ដឹង​ក្នុង​​ការពិចារណា​លទ្ធផល​កើតចេញ​ពី​អំពើ​របស់ខ្លួន​បាន​ទ្បើយ​។

តាម​ការពិនិត្យ​អង្គហេតុ​ខាងលើ​កូន លោក​ (​ក​) ​មាន​អាយុ ១៣ (​ដប់​បី​) ឆ្នាំ​។ ដូច្នេះ កូនលោក (​ក​) ពុំ​ទទួលទោស​ទេ​។​ប៉ុន្ដែ​សូមបញ្ជាក់​បន្ថែម​បន្ដិច​ដែរ​ថា​នៅក្នុង​ករណីនេះ លោក (​ក​) ត្រូវ​បង្ហាញ​នូវ​សំបុត្រកំណើត ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​អាចឱ្យ​តុលា​ការជឿ​បាន​ថា កូន​នោះ​មាន​អាយុ ១៣ (​ដប់​បី​) ឆ្នាំ ពិតប្រាកដ​មែន គិត​មក​ត្រឹម​ថ្ងៃ​ដែល​បាន​ប្រព្រឹត្ត​អំពើ​។

តើ​គាត់​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេះដែរ​ទេ​ព្រោះ​គាត់​ក៏​ដឹងថា​ជា​លុយ​បានមកពី​ការលក់​ទ្រព្យ​លួច​គេ ?

ដូច​បាន​ជម្រាបជូន​ក្នុង​សំណួរ​​ទី​ ១ ខាងលើ ទាល់តែ​មាន​ចេតនា​ប្រព្រឹត្ត ទើប​អាច​ពិចារណា​អំពី​អត្ថិភាព​នៃ​បទល្មើស​។ នៅក្នុង​ករណី​ដែល លោក (​ក​) បានដឹង​ច្បាស់​ថា ជា​លុយ​បានមកពី​ការលក់​ទ្រព្យ​លួច​គេ​ហើយ​គាត់​មាន​ចេតនា​ទទួល​លុយ​នោះមក​រក្សាទុក ឬ​ចាយវាយ​នោះ​គឺ​លោក (​ក​) ​អាច​ប្រឈម​ទៅនឹង​បទល្មើស​ហើយ​តុលាការ​នឹង​ពិចារណា​អំពី​អត្ថិភាព​ ឬ​នត្ថិភាព​នៃ​បទល្មើស​ទទួលផល​ចោរកម្ម​ជាអាទិ៍ ទៅតាម​នីតិវិធី​ច្បាប់​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)