កាលពី ២ សប្ដាហ៍មុនភ្នំពេញប៉ុស្ដិ៍បានផ្សព្វផ្សាយ ២ វគ្គរួចហើយអំពើការប្រឈមមុខនឹងទោស ចំពោះអ្នករក្សាទុកដោយចេតនានូវប្រាក់ដែលសាច់ញាតិលួចបានតាមរយៈការពន្យល់ពីលោកមេធាវី កុយ ដុល្លា ជាសមាជិកនៃក្រុមមេធាវី ធម្មសាស្ត្រ មានការិយាល័យនៅអគារខ ៣៦ ជាន់ទី១០ បន្ទប់លេខ P១០-P១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្រាប់វគ្គនេះយើងសូមផ្សព្វផ្សាយវគ្គបញ្ចប់តាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) ជាជនងងឹតភ្នែកទាំងសងខាង តើច្បាប់អនុគ្រោះដល់គាត់ដែរឬទេ?
នៅក្នុងរឿងព្រហ្មទណ្ឌ ការអនុគ្រោះ ឬស្ថានសម្រាលទោសគឺអាចផ្ដល់ចំពោះជនជាប់ចោទដោយស្របទៅតាមឆន្ទានុសិទ្ធិរបស់តុលាការ។ យោងមាត្រា ៩៣ កថាខណ្ឌ ១ នៃក្រមព្រហ្មទណ្ឌ ចែងថា “កាលណាកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈនៃជនជាប់ចោទតម្រូវ តុលាការអាចសម្រេចឱ្យជនជាប់ចោទបានទទួលនូវស្ថានសម្រាលទោស”។
ផ្អែកតាមខ្លឹមសារនៃមាត្រានេះ ប្រសិនបើតុលាការយល់ឃើញថា មានបទល្មើសព្រហ្មទណ្ឌ ហើយទន្ទឹមនេះតុលាការអាចនឹងធ្វើការពិចារណាលើបុគ្គលិកលក្ខណៈ និងកាលៈទេសៈរបស់ជនជាប់ចោទដូចជា៖ កម្រិតវប្បធម៌ ជីវភាព ស្ថានភាពបន្ទុកក្នុងគ្រួសារ ពិការភាព និងការទើបតែប្រព្រឹត្តបទល្មើសលើកដំបូង ដើម្បីយកជាមូលដ្ឋានក្នុងការពិចារណាថា ជនជាប់ចោទគួរតែទទួលបានស្ថានសម្រាលទោសឬយ៉ាងណា។
ករណីដដែលនេះ ប្រសិនបើលោក (ក) ទទួលយកលុយពីការលក់ទ្រព្យលួចគេ ប៉ុន្តែគាត់បានយកលុយនោះទៅឱ្យម្ចាស់ទ្រព្យវិញ តើលោក (ក) រួចផុតពីការជាប់ពាក់ព័ន្ធនឹងបទល្មើសនេះឬយ៉ាងណា?
ដូចគ្នាទៅនឹងសំណួរទី ១ ដែរ អង្គហេតុគួរពិចារណានៅក្នុងសំណួរនេះ គឺមានការពាក់ព័ន្ធខ្លាំងទៅនឹងធាតុអត្តនោម័តនៃបទល្មើស។ ដូច្នេះនៅក្នុងករណីលោក (ក) យើងសាកល្បងបែងចែក ២ ករណីដើម្បីងាយស្រួលបកស្រាយ ៖
ករណីទី ១ គឺគាត់បានទទួលលុយ និងយកទៅសងឱ្យម្ចាស់ទ្រព្យភា្លមៗព្រោះដឹងថា លុយនោះបានមកពីអំពើលួច។ ដោយពិនិត្យទៅលើចេតនារបស់គាត់ឃើញថា គាត់មានភាពសុចរិតតាំងពីដំបូងដោយហេតុថាគាត់ពុំបានរក្សាទុក ចាយវាយ ឬយកប្រើប្រាស់ផ្ទាល់ខ្លួនទេ ប៉ុន្ដែគាត់យកទៅសងម្ចាស់គេវិញភ្លាម។ ក្នុងករណីនេះ តុលាការនឹងធ្វើការពិចារណាអំពីអវត្តមាននៃធាតុអត្តនោម័ត និងអាចរួចផុតពីការប្រឈមទៅនឹងបទល្មើស ព្រោះគាត់ពុំមានចេតនាប្រព្រឹត្តបទល្មើសឡើយ (មាត្រា ៤ នៃក្រមព្រហ្មទណ្ឌ)។
ករណីទី ២ គឺបន្ទាប់ពីគាត់បានយកលុយពីកូនហើយ គាត់ពុំបានយកទៅសងម្ចាស់ទ្រព្យវិញនោះទេ បើទោះបីជាគាត់ដឹងថា លុយនោះបានមកពីអំពើលួចក៏ដោយ ប៉ុន្ដែក្រោយពីបានរក្សាទុកលុយនោះបានមួយរយៈ (មួយខែ ឬពីរខែ) គាត់បានគិតឃើញថា លុយនេះបានមកពីអំពើខុសច្បាប់ មិនគួររក្សាទុកដើម្បីចាយវាយនោះទេគាត់ក៏សម្រេចចិត្តយកទៅប្រគល់ឱ្យម្ចាស់គេវិញ។ ស្ថានភាពបែបនេះ គេហៅថាការស្ដាយក្រោយដោយសកម្ម មានន័យថា បទល្មើសបានកើតឡើងរួចទៅហើយ ព្រោះគាត់មានចេតនាទុច្ចរិតតាំងពីដំបូងក្នុងការទទួលនិងរក្សាទុកទ្រព្យដើម្បីយកមកចាយវាយ ប៉ុន្ដែក្រោយមកគាត់មានការស្ដាយក្រោយចំពោះទង្វើរបស់ខ្លួនហើយបានយកលុយនោះទៅឱ្យម្ចាស់គេវិញ។ នៅក្នុងករណីនេះ ខ្ញុំជឿថា តុលាការនឹងពិចារណាអំពីអត្ថិភាពនៃបទល្មើសដោយមូលហេតុថា លោកមានចេតនាទុច្ចរិតតាំងពីដំបូងមកម្ល៉េះ៕