តើ​ម្ចាស់ផ្ទះ​ដែល​វ៉ៃ​ជាមួយ​ចោរ​មានទោស​ដែរឬទេ​? ជុំវិញ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​សម្ភាស​លោក​មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ ៤៥Eo ផ្លូវ​លេខ ៩ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ៖

លោក​ (​ក​) ​ជា​ម្ចាស់ផ្ទះ បាន​ទៅ​ទាន់​ចោរលួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់គាត់ ភ្លាមៗ​នោះ គាត់​បាន​វាយ​គ្នា​ជាមួយ​ចោរ តែ​ចោរ​យក​កាំភ្លើង​ភ្ជង់​គាត់ តែ​ម្ចាស់ផ្ទះ​បាន​វាយ​គ្នា​ទៅវិញទៅមក​ជាមួយ​ចោរ បណ្តាល​ឱ្យ​ចោរ​មាន​របួសស្នាម​។ តើ​ករណីបែបនេះ​លោក​ (​ក​) ​ដែល​ជា​អ្នកបង្ក​របួសស្នាម​ទៅលើ​ចោរ គាត់​មាន​កំហុស​ដែរ​ទេ​?

ទាក់ទង​ករណី​បែបនេះ​លោក​ (​ក​) ​គឺ​មិនមែនជា​អ្នកបង្ក​របួសស្នាម​ទៅលើ​ចោរ​ដែល​យក​កាំភ្លើង​ភ្ជង់​ម្ចាស់ផ្ទះ​នោះទេ ដោយ​ហេតុថា សកម្មភាព​វាយ​ចោរ​របស់​ម្ចាស់ផ្ទះ​ត្រូវបាន​ប្រឈមមុខ​នឹង​ទង្វើ​ល្មើស​​ (​ការឈ្លានពាន​) ​របស់​ចោរ ហើយ​បាន​កើតឡើង​ក្នុង​ពេលវេលា​ជាមួយ​គ្នា ដែលជា​អំពើ​ល្មើសច្បាប់​។

ម្ចាស់ផ្ទះ ស្ថិត​នៅក្នុង​ស្ថានភាព​ចាំបាច់ ដោយ​ចៀស​មិន​រួច ព្រោះ​មាន​តែ​ការវាយ​តបត​វិញ​ទេ ទើប​អាច​ការពារ​ខ្លួន​បាន ហើយ​ប្រសិនបើ​ម្ចាស់ផ្ទះ​រត់គេច​ពី​កន្លែងកើតហេតុ​នោះ ចោរ​អាច​នឹង​បង្ក​អំពើហិង្សា​ដល់​ម្ចាស់ផ្ទះ​ធ្ងន់ធ្ងរ លើ​រូបរាងកាយ​ដោយ​ប្រការ​ណាមួយ​ជាក់​ជាមិនខាន ព្រោះថា ខណៈ​ពេល​ចោរ​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស គឺ​ចោរ​មាន​កាំភ្លើង​នៅជាប់​នឹង​ដៃ​របស់ខ្លួន ដូច្នេះហើយ​មធ្យោបាយ​ការពារ​ខ្លួន​របស់​ម្ចាស់ផ្ទះ គឺ​មាន​សមាមាត្រ​ទៅនឹង​អំពើ​ឈា្លនពាន​របស់​ចោរ​។ ពាក់ព័ន្ធ​នឹង​ការការពារ​ខ្លួន​របស់​ម្ចាស់ផ្ទះ ត្រូវតែ​គោរព​លក្ខខណ្ឌ ៤ យ៉ាង​យោងតាម​មាត្រា ៣៣ នៃ​ក្រមព្រហ្មទណ្ឌ ទើប​អាច​ចាត់ទុក​ការការពារ​ស្របច្បាប់​អំពើ​ល្មើស​នោះ ត្រូវតែ​កើតឡើង ប្រឈម​នឹង​ទង្វើ​មួយទៀត​ដែលជា​អំពើ​ល្មើសច្បាប់​។

-​ស្ថានភាព​ចាំបាច់​ដោយ​ចៀស​មិន​រួច មានន័យថា គាត់​មិនអាច​រត់គេច​ចេញទៅ​ណា​បាន​។ -​បទល្មើស​ និង​ការឈ្លានពាន​ត្រូវតែ​កើតឡើង ក្នុងពេល​ជាមួយ​គ្នា​។ -​មធ្យោបាយ​នៃ​ការការពារ​ខ្លួន​ត្រូវតែ​សមាមាត្រ ទៅនឹង​ទម្ងន់​នៃ​ការឈ្លានពាន​។

ក្នុង​ករណី​លោក​ (​ក​) ​បង្ក​របួសស្នាម ឧទាហរណ៍​ថា ត្រូវបាន​សមត្ថកិច្ច​បង្គាប់​ឱ្យ​លោក​ (​ក​) ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ចោរ​តើ​ត្រឹមត្រូវ​តាមច្បាប់​ដែរ​ឬ​យ៉ាងណា​? ចំពោះ​ចោរ​វិញ​ដែល​ប្រើ​កាំភ្លើង​ភ្ជង់​ម្ចាស់ផ្ទះ​តើ​ត្រូវ​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វី​ដែរ​?

យោងតាម​អង្គហេតុ​ខាងលើ​អំពើ​របស់លោក​ (​ក​) ​គឺជា​កិច្ចការពារ​ធម្មានុរូប ដែល​មិន​ត្រូវបាន​ចាត់ទុកជា បទល្មើស​ព្រហ្មទណ្ឌ​នោះទេ​។ ចំពោះ​ចោរ​វិញ គឺ​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​ ២ គឺ​ទី​១ បទល្មើស​កំហែង​យក ដែល​មានចែង​ក្នុង​មាត្រា ៣៦៣ និង​ ៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ទី​២ បទល្មើស​ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​គ្រាប់រំសេវ ឆ្នាំ​ ២០០៥ ​ផងដែរ​។ ជាទូទៅ​បុគ្គល​ដែលមាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​អាវុធ ជាតិ​ផ្ទុះ​មានដូចជា កងយោធពល​ខេរភូមិន្ទ កងរាជ​អាវុធហត្ថ កងកម្លាំង​នគរបាលជាតិ កងជីវពល កងសន្តិសុខ​នៃ​ធនាគារ​ជាតិ រួមទាំង​មន្ត្រីរាជការ​ស៊ីវិល​មួយចំនួន​ទៀត​ដែល​ច្បាប់​បាន​អនុញ្ញាត​។

បុគ្គល​ទាំងអស់នេះ​អាច​ប្រើប្រាស់​អាវុធជាតិផ្ទុះ​បាន​ដោយ​ចាំបាច់​ត្រូវមាន​លិខិត​អនុញ្ញាត ឬ​លិខិត​បញ្ជា​បេសកកម្ម​របស់ខ្លួន​ដែល​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ឬ​ក្រសួងការពារជាតិ ឬ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​ខ្លួន​ស្ថិតនៅក្រោម​ចំណុះ​។ ប្រសិនបើ​ការគ្រប់គ្រង ឬ​ប្រើប្រាស់​អាវុធ ដោយ​មិន​គោរព​តាម​លក្ខខណ្ឌ​ខាងលើនេះ​ទេ នោះ​មានន័យថា ការប្រើប្រាស់​នោះ មិន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ឡើយ​ហើយ​ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​។ ​(​តទៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​)