តពីលេខមុន...ភ្នំពេញប៉ុស្តិ៍ បានសម្ភាសលោក មេធាវី លី កុសល ដែលមានការិយាល័យបម្រើការនៅផ្ទះ លេខ ៤៥Eo ផ្លូវលេខ ៩ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ៖
តើច្បាប់បានចែងពីការផ្តន្ទាទោសបែបណាដែរ ចំពោះជនដែលប្រើប្រាស់អាវុធខុសច្បាប់?
ចំពោះច្បាប់ដែលកំណត់ពីទោសប្បញ្ញត្តិស្តីពីការកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់នេះគឺច្បាប់ស្តីពីការគ្រប់គ្រង អាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ ២០០៥ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩។
ច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ ២០០៥ ក្នុងមាត្រា ២០ បានបញ្ញត្តិថា ជនណាដែលបំពាក់ដាក់តាមខ្លួនកាន់កាប់ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃ ដំឡើង ជួសជុលនូវអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ០០០ (ហាសិបម៉ឺន) រៀលដល់ ២ ០០០ ០០០ (ពីរលាន) រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
ចំណែកឯក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៩ ក្នុងមាត្រា ៤៩០ បានចែងថា គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួនយកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល។
ឧបមាថាបើនគរបាលតម្រូវឱ្យម្ចាស់ផ្ទះដែលបង្ករបួសស្នាមសងសំណងទៅចោរតើជាការត្រឹមត្រូវដែរទេ? ហើយចំពោះចោរត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយទេព្រោះថា គាត់លួចគេ? ករណីមួយទៀត គាត់ប្រើកាំភ្លើងភ្ជង់ម្ចាស់ផ្ទះទៀត?
ករណីខាងលើនេះ នគរបាលគ្រាន់តែជាអ្នកសម្របសម្រួលសំណងរដ្ឋប្បវេណីលើបញ្ហាព្យសនកម្ម ដែលកើតឡើងលើជនសង្ស័យ (ចោរ) តែប៉ុណ្ណោះ ក៏ប៉ុន្តែនគរបាលគ្មានសិទ្ធិសម្រេចឱ្យម្ចាស់ផ្ទះ ឬជនសង្ស័យ (ចោរ) សងនោះទេ អ្នកដែលមានសិទ្ធិបង្គាប់ឱ្យសង ឬបង់ប្រាក់ពិតប្រាកដនោះ គឺមានតែស្ថាប័នតុលាការទេ ទើបអាចបង្គាប់ឱ្យបង់ប្រាក់បាន ឬមិនឱ្យបង់ប្រាក់ទៅជនសង្ស័យ (ចោរ) បាន ចំណែកឯជនសង្ស័យ (ចោរ) វិញនោះ ក៏ដូចគ្នាអាចត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសកំហែងយក ដែលមានចែងក្នុងមាត្រា ៣៦៣ និង ៣៦៤ នៃក្រមព្រហ្មទណ្ឌ និងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ រួមទាំងសំណងរដ្ឋប្បវេណីផងដែរ។
ករណីនេះបើចោរប្តឹងលោក (ក) ជាម្ចាស់ផ្ទះពាក់ព័ន្ធការបង្ករបួសស្នាមតើត្រឹមត្រូវដែរទេ?
ករណីបើជនសង្ស័យ (ចោរ) ប្តឹងលោក (ក) ជាម្ចាស់ផ្ទះនោះគឺជាសិទ្ធិរបស់ជនសង្ស័យ (ចោរ) ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៨ ថា ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាឡើយ។ ច្បាប់ការពារ ជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ។ ប្រសិនបើតុលាការរកឃើញថា ការប្តឹងរបស់ចោរមានលក្ខណៈមិនត្រឹមត្រូវ តាមផ្លូវច្បាប់មិនចូលធាតុផ្សំបទល្មើសក្នុងការដាក់បន្ទុកទៅលើម្ចាស់នោះទេ តុលាការនឹងមិនចាត់ការទៅលើបណ្តឹងរបស់ចោរនោះទេ៕