តាមច្បាប់​ការស៊ីឈ្នួល​សម្លាប់​​មនុស្ស​គឺជា​បទល្មើស​ឧក្រិដ្ឋ​​ដែល​ត្រូវ​ជាប់ទោស​ ដោយ​មិនអាច​គេចផុត​ឡើយ​។ ក៏ប៉ុន្តែ​ក្នុងករណី​ជន​នោះ​មិន​ព្រម​ធ្វើ​តាម​ការជួល​វិញ តើ​​អាច​ប្រឈម​នឹង​ការជាប់ទោស​ដែរឬទេ​? ​ជុំវិញ​ករណី​​បែបនេះ ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ផុន ធារិន ដែល​បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន ស្ថិតនៅ​បុរី​ឌឺមេគ្គងរ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមាថា លោក​ (​ក​) ​បាន​ជួល​លោក​ (​ខ​) ​ឱ្យ​ទៅ​សម្លាប់​បុរស​ម្នាក់​ ប៉ុន្តែ​ក្រោយមក​លោក​ (​ខ​) ​ប្រកែក​មិន​ទៅ តែ​បែរជា​គាត់​ទៅប្រាប់​នគរបាល​វិញ​។ ​តើ​ករណីនេះ​លោក​ (​ខ​) ​ត្រូវ​ជាប់​ពាក់​ពន្ធ​នឹង​បទល្មើស​ដែរ​ទេ ព្រោះ​លោក​ (​ខ​) ​មិន​បានធ្វើ​សកម្មភាព​ផង​នោះ​?

ក្នុង​ករណី​ខាងលើ​នេះ​​លោក​ (​ខ​) ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឃាតកម្ម​នោះទេ ដោយហេតុថា លោក​ (​ខ​) ​គ្មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​លើ​បុរស​ម្នាក់​ដែល​លោក​ (​ក​) ​បាន​ជួល​ឱ្យ​គាត់​សម្លាប់​។ លោក​ (​ខ​) ​គ្មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ឬ​ប៉ុនប៉ង​ឃាតកម្ម​នៅក្នុង​អង្គហេតុ​នេះឡើយ ដោយ​សំអាង​លើ​លោក​ (​ខ​) មិនទាន់​បាន​ប្រព្រឹត្ត​សកម្មភាព​ព្រមទាំង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​អំពី​ទង្វើ​របស់លោក​ (​ក​) ​មាន​ចេតនា​ចង់​សម្លាប់​ជន​ដទៃ​។

ប្រសិនបើ​លោក​ (​ខ​) ​សម្លាប់​​បុរស​ទី​៣ តាម​ការបញ្ជា​របស់​​លោក​ (​ក​) ​បានសម្រេច តែ​ត្រូវ​នគរបាល​ចាប់បាន ប៉ុន្តែ​លោក​ (​ខ​) ​នាំ​នគរបាល​ទៅ​ចាប់​លោក​ (​ក​)​។ តើ​ករណីនេះ​លោក​ (​ខ​) ​ត្រូវ​រួច​ពី​ការជាប់ទោស​ដែរឬទេ​? ​ចុះ​ប្រសិន​បើ​មានទោស តើ​អ្នក​ទាំង​ ២ ​ត្រូវ​មានទោស​ស្មើគ្នា ឬមួយ​​យ៉ាងណា​?

សកម្មភាព​របស់លោក​ (​ក​) និង​លោក​ (​ខ​) ​ក្នុង​ករណី​ខាងលើ​នេះ គឺជា​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដែល​មានចែង​ក្នុង​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។ ដោយឡែក លោក​ (​ខ​) ​បាន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការចង្អុលបង្ហាញ​មុខសញ្ញា​ជនល្មើស ព្រមទាំង​ចាប់​លោក​ (​ក​) ​បាន​អាច​ត្រូវបាន​តុលាការ​ពិចារណា​នូវ​ការទទួលបាន​ស្ថាន​សម្រាល​ដែល​មានចែង​ក្នុង​មាត្រា​ ៩៣ ​និង​ ៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ចៅក្រម​ប្រកាស​ដាក់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ចន្លោះ​រវាង ១៥ ​ទៅ​ ៣០ ​ឆ្នាំ​។

ករណី​បុរស​ទី៣ ដឹងខ្លួន​មុន​ពី​គម្រោងការ​នេះ ហើយ​បាន​ទៅ​វាយ​លោក​ (​ក​) ​បំណង​សងសឹក​វិញ តែ​ត្រូវ​នគរបាល​ចាប់ខ្លួនបាន តើ​ករណីនេះ​បុរស​ដែល​វាយ​លោក​ (​ក​) ​នោះ​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​យ៉ាងម៉េច​ដែរ​? បើ​គាត់​គ្រាន់​​តែ​វាយ​លោក​ (​ក​) ​នេះ ដើម្បី​ទប់ស្កាត់​ពី​ការសម្លាប់​រូបគាត់​ប៉ុណ្ណោះ​នោះ ?

ក្នុង​អង្គហេតុ​នេះ បុរស​ទី​៣ ​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​លើ​លោក​ (​ក​) ដែល​មានចែង​ក្នុង​មាត្រា​ ២១៧ និង​មាត្រា​ ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​​ពី​ ៤ ​លាន ទៅ​ ១០ ​លាន​រៀល​។ ជា​អនុសាសន៍ ដើម្បី​ទប់ស្កាត់​បទល្មើស​មិនឱ្យ​លោក​ (​ក​) ​ប្រព្រឹត្ត​លើ​ខ្លួន បុរស​ទី​ ៣ ត្រូវដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ឬ​ស្ថាប័ន​តុលាការ​ ដើម្បី​ចំណាត់ការ​លើ​លោក​ (​ក​)៕