
លោកមេធាវី លី កុសល កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅយើងតែងសង្កេតឃើញថា ការអនុវត្តច្បាប់មានករណីខ្លះ តុលាការបានដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការមានដូចជា ការប្ដូរលំនៅ ឬចេញទៅក្រៅប្រទេសត្រូវជូនដំណឹងដល់តុលាការជាដើម។ ជុំវិញការអនុវត្តនីតិវិធីនេះ ភ្នំពេញ ប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី លី កុសល ដែលមានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញតាមរយៈសំណួរដូចខាងក្រោម៖
តើពាក្យថា ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការមានន័យយ៉ាងដូចម្តេច?
-ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគឺជាផ្នែកមួយនៃវិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ ដែលដាក់បុគ្គលដែលជាកម្មវត្ថុនៃវិធានការនេះឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (នៅក្រៅឃុំ) ឬសម្រេចឃុំខ្លួនបណ្តោះអាសន្ន (នៅក្នុងឃុំ) ដែលមានចែងចាប់ពីមាត្រា ១៨៥ ដល់មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ផ្អែកតាមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការត្រួតពិនិត្យតាមផ្លូវតុលាការមានអានុភាពបង្គាប់ជនត្រូវចោទដែលបាននៅក្រៅឃុំឱ្យគោរពនូវកាតព្វកិច្ចមួយចំនួន ឬច្រើនមានដូចខាងក្រោម៖
-បុគ្គលដែលស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការអាចត្រូវបានបង្ខំមិនឱ្យចេញពីព្រំប្រទល់ដែនដីដែលកំណត់ដោយចៅក្រមស៊ើបសួរ។
-មិនត្រូវប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។
-មិនត្រូវទៅកាន់ទីកន្លែងខ្លះ ដែលកំណត់ដោយចៅក្រមស៊ើបសួរ។
-ត្រូវចូលមកបង្ហាញខ្លួនតាមកាលកំណត់នៅចំពោះមុខអង្គភាពនគរបាល ឬកងរាជអាវុធហត្ថដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
-ត្រូវឱ្យឆ្លើយតបនឹងគ្រប់ការកោះហៅពីបុគ្គលគ្រប់រូប ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
-ត្រូវប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជី គ្រប់ឯកសារបញ្ជាក់ពីអត្តសញ្ញាណ។
-មិនត្រូវបើកបររថយន្ត។
-មិនឱ្យទទួល ឬជួបជាមួយបុគ្គលមួយចំនួនដែលកំណត់ចង្អុលបង្ហាញដោយចៅក្រមស៊ើបសួរ។
-ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានា និងថិរវេលាបង់ប្រាក់នេះត្រូវកំណត់ដោយចៅក្រមស៊ើបសួរដោយផ្អែកលើធនធានរបស់ជនត្រូវចោទ។
-មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ។ ត្រូវប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីនូវអាវុធដែលជនត្រូវចោទកាន់កាប់។
-ត្រូវប្រគល់ខ្លួនឱ្យពេទ្យពិនិត្យព្យាបាល និងជាយថាហេតុដាក់ឱ្យស្ថិតក្នុងរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ។
-ហាមឃាត់ធ្វើសកម្មភាពខាងវិជ្ជាជីវៈមួយចំនួន។
ផ្ទុយទៅវិញនៅក្នុងករណីជនត្រូវចោទគេចវេះពីកាតព្វកិច្ចរបស់ខ្លួនដោយចេតនានៃការត្រួតពិនិត្យតាមផ្លូវតុលាការចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នបានទោះបីជាទោសពន្ធនាគារ ដែលត្រូវរងនោះមានថិរវេលាប៉ុន្មានក៏ដោយ និងទោះបីជាជនត្រូវចោទត្រូវបានឃុំខ្លួនបណ្តោះអាសន្នមានរយៈពេលច្រើនក៏ដោយ។ (សូមរង់ចាំអានវគ្គបន្ត នៅសប្ដាហ៍ក្រោយ)