
លោកមេធាវី លី កុសល កាលពីពេលកន្លងមក។ រូបថត សហការី
កាលពីសប្ដាហ៍មុនភ្នំពេញ ប៉ុស្ដិ៍បានផ្សព្វផ្សាយ ១ វគ្គរួចមកហើយអំពីលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការតាមរយៈការពន្យល់ពីលោកមេធាវី លី កុសល ដែលមានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ៩ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ រីឯវគ្គនេះយើងសូមផ្សព្វផ្សាយវគ្គបន្តតាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) ត្រូវដោះលែង តែតុលាការប្រើពាក្យថាដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបែបនេះ តើលោក (ក) នៅតែជាប់ឈ្មោះ ថា ជាជនជាប់ចោទឬ?
-ជាគោលការណ៍ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការមិនមែនជាមានន័យថា ជននោះរួចផុតពីការចោទប្រកាន់នោះទេគឺលោក (ក) នៅតែជាប់ឈ្មោះថាជាជនត្រូវចោទដដែល ហើយត្រូវរង់ចាំរហូតដល់មានការសម្រេចស្ថាពរពីតុលាការជាន់ទាប ឬជាន់ខ្ពស់ ប្រសិនបើមានការប្តឹងឧទ្ធរណ៍ជាដើម។
ក្នុងអំឡុងពេលអនុវត្តកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ប្រសិនបើលោក (ក) បង្កបទល្មើស តើតុលាការត្រូវឱ្យលោក (ក) ជាប់ពន្ធនាគារវិញឬយ៉ាងណា?
-ជនណាបង្កបទល្មើសជននោះត្រូវទទួលទោស បើទោះបីជាជននោះមិនមែនជាបុគ្គលដែលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការក៏ដោយ ដូច្នេះមិនមានហេតុផលណាដែលជនដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការទៅបង្កបទល្មើសថ្មីមួយទៀតហើយមិនមានទោសនោះទេ។
ឧបមាថា លោក (ក) កាលពីគាត់ជាប់ឃុំគឺតុលាការបានបង្គាប់ឱ្យគាត់សងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណី។ ចុះនៅពេលតុលាការដោះលែងគាត់មុនកំណត់ទោស និងព្យួរទោសដែលនៅសល់ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការទៀត។ ដូច្នេះលោក (ក) ត្រូវសងសំណងរដ្ឋប្បវេណី ឬបញ្ចប់ត្រឹមតុលាការដោះលែងដែរ?
-ជនត្រូវចោទបង់ប្រាក់ធានាដែលចៅក្រមកំណត់ចំនួន និងរយៈពេលដែលត្រូវបង់ ដើម្បីតម្កល់ទុកជាថ្នូរសម្រាប់ឱ្យនៅក្រៅឃុំ និងតម្កល់ទុកសម្រាប់ទូទាត់ឱ្យដើមបណ្តឹងរដ្ឋប្បវេណី៕