
លោកមេធាវី ផុន ធារិន កាលពីពេលកន្លងមក។ រូបថត សហការី
ជាធម្មតាបើម្ចាស់ផ្ទះណាម្នាក់ធ្វើឱ្យខូចទ្រព្យសម្បតិ្តអ្នកនៅជិតខាងខ្លួន គឺតែងប្រឈមមុខនឹងផ្លូវច្បាប់។ ចុះបើម្ចាស់ផ្ទះនោះជួល ឬក៏ឱ្យកូនស្នាក់នៅហើយត្រូវអ្នកស្នាក់នៅនោះធ្វើខូចខាតសម្បតិ្តអ្នកដទៃ តើម្ចាស់ផ្ទះទទួលខុសត្រូវឬទេ? ជុំវិញករណីនេះភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី ផុន ធារិន ដែលបម្រើការនៅការិយាល័យមេធាវី ផុន ធារិន ស្ថិតនៅបុរីឌឺមេគង្គរ៉ូយ៉ាល់ផ្ទះ លេខ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ឧបមាថា លោក (ក) បានប្រគល់ផ្ទះជាកម្មសិទ្ធិរបស់គាត់ឱ្យកូនស្នាក់នៅបណ្តោះអាសន្ន តែគាត់មិនបានរស់នៅជាមួយទេ។ ចៃដន្យកូនគាត់បង្កឱ្យមានអគ្គិភ័យឆេះផ្ទះនោះ និងរាលដាលឆេះដល់ផ្ទះអ្នកជិតខាង។ រឿងនេះអ្នករងគ្រោះបានប្តឹងលោក (ក) ទារសំណងព្រោះយល់ថាផ្ទះនោះជាកម្មសិទ្ធិរបស់លោក (ក)។ តើលោក (ក) មានចំណែកក្នុងការទទួលខុសត្រូវឬទេ?
ក្នុងករណីនេះយើងសន្មតថា កូនរបស់លោក (ក) ជានីតិជន (បុគ្គលមានអាយុចាប់ពី ១៨ ឆ្នាំឡើង) មានកំហុសដែលកើតឡើង ដោយសារការខ្ជីខ្ជា និងការធ្វេសប្រហែសដែលបណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។
យោងតាមមាត្រា ៧៤៣ នៃក្រមរដ្ឋប្បវេណីព្រះរាជាណាចក្រកម្ពុជាបានចែងថា បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជន៍របស់អ្នកដទៃដោយកំហុសចេតនា ឬដោយកំហុសអចេតនាត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដោយអំពើនោះ។ ផ្អែកតាមមាត្រាខាងលើនេះ កូនរបស់លោក (ក) ត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន និងទទួលខុសត្រូវសំណងដល់ជនរងគ្រោះដោយមិនពាក់ព័ន្ធជាមួយលោក (ក) ឡើយ។ ក្នុងករណីដែលកូនរបស់លោក (ក) សមត្ថកិច្ចបានរកឃើញថាមានចេតនាបង្កឱ្យមានអគ្គិភ័យដែលបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ កូនរបស់លោក (ក) អាចនឹងទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌផងដែរ។
ចុះបើនគរបាលចាប់កូនរបស់លោក (ក) ដែលជាអ្នកបង្ក និងត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ តើចាត់ថារឿងនេះត្រូវបញ្ចប់ត្រឹមហ្នឹងឬយ៉ាងណា?
ក្នុងករណីនេះកូនរបស់លោក (ក) ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារគឺជាការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌមួយផ្នែក។ ដោយឡែកកូនលោក (ក) ត្រូវមានកាតព្វកិច្ចចំពោះជនរងគ្រោះក្នុងការទទួលខុសត្រូវសំណងរដ្ឋប្បវេណីផ្សេងៗ ដែលខ្លួនបានបង្កឱ្យមានការខូចខាត។ ប្រសិនបើកូនរបស់លោក (ក) មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួននោះជនរងគ្រោះនៅតែមានសិទ្ធិក្នុងការទាមទារសំណងការខូចខាតពីជនល្មើស (កូនរបស់លោក ក) ឬអនុវត្តតាមនីតិវិធីដើម្បីទាមទារសំណងការខូចខាតតាមផ្លូវតុលាការ។
បើទោះជាកូនរបស់លោក (ក) ជាប់ពន្ធនាគារក្តី តែអ្នករងគ្រោះដោយភ្លើងឆេះផ្ទះយល់ថា កូនរបស់លោក (ក) រស់នៅជាមួយប្រពន្ធ ដូច្នេះតើគេអាចប្តឹងទារសំណងពីស្ត្រីប្រពន្ធជនបង្កបានដែរទេ?
ក្នុងករណីនេះជនរងគ្រោះអាចប្តឹងទាមទារសំណងរដ្ឋប្បវេណីពីសហព័ទ្ធ (ប្រពន្ធ) របស់ជនល្មើសបានដោយសំអាងទៅលើទ្រព្យសម្បត្តិ ឬបំណុលរួមរបស់លោក (ក)។ ក្នុងករណីដែលប្រពន្ធរបស់លោក (ក) មិនសហការក្នុងការដោះស្រាយសំណងខូចខាត នោះភាគីជនរងគ្រោះមានសិទ្ធិអនុវត្តសាលក្រម ឬសាលដីកាស្ថាពរ ដើម្បីអនុវត្តនីតិវិធីរឹបអូសដោយបង្ខំលើទ្រព្យរួមរបស់លោក (ក) និងប្រពន្ធបាន។
ចុះបើអ្នកបង្កត្រូវភ្លើងឆេះស្លាប់ទាំង ២ នាក់ប្តីប្រពន្ធ តើរឿងនេះត្រូវបញ្ចប់ត្រឹមនេះឬយ៉ាងណា?
ប្រសិនបើជនបង្កប្ដី និងប្រពន្ធស្លាប់ភាគីជនរងគ្រោះនៃអគ្គិភ័យអាចដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីរក្សាទ្រព្យទាំងឡាយរបស់ជនបង្កជាបណ្ដោះអាសន្នរហូតដរាបណាសន្តតិជន (អ្នកទទួលមរតក) របស់ជនបង្កចេញមុខដោះស្រាយចំពោះសំណង់ទាំងអស់នេះ។
ក្នុងករណីគ្មានសន្តតិជន ឬសន្តតិជនរបស់ជនបង្កបដិសេធមិនទទួលខុសត្រូវ ឬមិនទទួលយកមរតក និងបំណុលរបស់ជនបង្កនោះជនរងគ្រោះអាចស្នើសុំទៅតុលាការ ដើម្បីអនុវត្តទាមទារលើសំណងចំពោះទ្រព្យសម្បត្តិដែលបានបន្សល់ទុកដោយជនបង្កដែលបានបាត់បង់ជីវិត៕