កាលពី​ដើមខែ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​អំពី​ដំណើរការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ តាមរយៈ​ការពន្យល់​ពី​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ​ផ្លូវ​លេខ​ ៩ ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ដោយឡែក​សម្រាប់​លេខ​នេះ​​លោក​មេធាវី​បាន​ពន្យល់​ពី​ភាពខុសគ្នា​​រវាង​ការដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ និង​ការព្យួរទោស​តាមរយៈ​សំណួរ​មួយចំនួន​ដូចខាងក្រោម ៖

មាន​សំណុំរឿង​ខ្លះ ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រួចហើយ តែ​អនុវត្ត​ទោស​បាន​មួយរយៈ​ក៏ត្រូវ​តុលាការ​សម្រេច​ឱ្យចេញ​វិញ ឯទោស​នៅ​សល់​ត្រូវ​ព្យួរ​។ ត្រង់ចំណុច​នេះ​តើ​ការព្យួរទោស និង​ការដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ខុសគ្នា​បែបណា​?

ការព្យួរទោស​ និង​ការដាក់ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​មាន​លក្ខណៈ​ខុសគ្នា​។

-​ការព្យួរទោស​មាន​ចែង​ចាប់ពី​មាត្រា​ ១០៤ ​ដល់​មាត្រា​ ១៣៥ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ជនជាប់ចោទ​មាន​ពិរុទ្ធភាព ហើយ​ចៅក្រម​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​រួចហើយ ក៏ប៉ុន្តែ​ទោស​នេះ​មិន​ត្រូវ​បាន​តុលាការ​យកមក​អនុវត្ត​នោះទេ​។

ឧទាហរណ៍ៈ ករណី​បទល្មើស​លួច ចៅក្រម​បានប្រកាស​ថា ជនជាប់ចោទ​ពិតជា​មានទោស​ហើយ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ១ ០០០ ០០០ (​មួយ​​លាន​) ​រៀល​។ ​តុលាការ​ប្រកាស​ព្យួរទោស​នេះ មានន័យថា ជនជាប់ចោទ​មិន​​ត្រូវបាន​ជាប់ពន្ធនាគារ​ទេ​គឺមាន​សេរីភាព​ជា​ធម្មតា​។ ​លុយ​ពិន័យ​ក៏​អាច​ត្រូវ​ព្យួរ​ដោយ​មិនចាំបាច់​បង់​ដែរ​។ ក៏ប៉ុន្តែ​ទាក់ទង​នឹង​សំណង​ជំងឺ​ចិត្ត​ដែល​ត្រូវ​បង់​​ឱ្យ​ជនរងគ្រោះ​គឺ​ជនជាប់ចោទ​ត្រូវ​បង់​។

រីឯ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ (​នៅ​ក្រៅ​ឃុំ​) ​ឬ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ (​នៅក្នុង​ឃុំ​) ​ជាកិច្ច​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ​ដែល​មាន​ចែង​ចាប់ពី​មាត្រា​ ១៨៥ ដល់​មាត្រា​ ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។ ផ្អែក​តាម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​មាន​​អនុភាព​បង្គាប់​ជន​ត្រូវ​ចោទ​ដែល​បាន​​នៅ​ក្រៅ​ឃុំ​ឱ្យ​គោរព​នូវ​កាតព្វកិច្ច​មួយចំនួន ឬ​ច្រើន​មាន​ដូចខាងក្រោម​នេះ​៖

-​បុគ្គល​ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​អាច​ត្រូវបាន​បង្ខំ​មិនឱ្យ​ចេញពី​ព្រំប្រទល់​ដែនដី​ដែល​កំណត់ដោយ​ចៅក្រម​ស៊ើបសួរ​។

-​មិនត្រូវ​ប្តូរ​លំនៅឋាន ដោយ​គ្មាន ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​។

-​មិនត្រូវ​ទៅកាន់​ទីកន្លែង​ខ្លះ ដែល​កំណត់ដោយ​ចៅក្រម​ស៊ើបសួរ​។

-​ត្រូវ​ចូលមក​បង្ហាញខ្លួន​តាម​កាលកំណត់​នៅ​ចំពោះមុខ​អង្គភាព​នគរបាល​ ឬ​កងរាជអាវុធហត្ថ​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​។

-​ត្រូវឱ្យ​ឆ្លើយតប​នឹង​គ្រប់ការ​កោះហៅ​ពី​បុគ្គល​គ្រប់រូប ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​។

-​ត្រូវ​ប្រគល់ជូន​ដល់​ការិយាល័យ​ក្រឡាបញ្ជី គ្រប់​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​។

-​មិនត្រូវ​បើកបរ​រថយន្ត​។

-​មិនឱ្យ​ទទួល ឬ​ជួប​ជាមួយ​បុគ្គល​មួយចំនួន ដែល​កំណត់​ចង្អុលបង្ហាញ​ដោយ​ចៅក្រម​ស៊ើបសួរ​។

-​ដាក់​ប្រាក់​ធានា​ដែល​ចំនួន​ប្រាក់​ធានា និង​ថិរវេលា​បង់ប្រាក់​នេះ ត្រូវ​កំណត់​ដោយ​ចៅក្រម​ស៊ើបសួរ ដោយ​ផ្អែកលើ​ធនធាន​របស់​ជន​ត្រូវ​ចោទ​។

-​មិនត្រូវ​កាន់កាប់ ឬ​យកតាម​ខ្លួន​នូវ​អាវុធ​។ ត្រូវប្រគល់​ជូន​ដល់​ការិយាល័យ​ក្រឡាបញ្ជី នូវ​អាវុធ​ដែល​ជន​ត្រូវ​ចោទ​កាន់កាប់​។

-​ត្រូវប្រគល់​ខ្លួន​ឱ្យ​ពេទ្យ​ពិនិត្យ​ព្យាបាល និង​ជាយថាហេតុ​ដាក់ឱ្យ​ស្ថិត​ក្នុង​របប​ព្យាបាល​រោគ​ក្នុង​មន្ទីរពេទ្យ​។

-​ហាមឃាត់​ធ្វើ​សកម្មភាព​ខាង​វិជ្ជាជីវៈ​មួយចំនួន​។

ក្នុង​អំឡុងពេល​ព្យួរទោស​នេះ បើ​ជនជាប់ចោទ​មិន​គោរព​តាម​លក្ខខណ្ឌ​តុលាការ តើ​ត្រូវ​ប្រឈម​នឹង​ទោស​យ៉ាងណាដែរ​?

ក្នុង​ករណី​ជនជាប់ចោទ​មិនបាន​គោរព​តាម​លក្ខខណ្ឌ​របស់​តុលាការ ការព្យួរទោស​នឹងត្រូវ​លើក​ចេញ​វិញ ហើយ​ជនជាប់ចោទ​អាច​បូក​ជាមួយ​ទោស​ដែល​មិនទាន់​ត្រូវអនុវត្ត ហើយ​ប្រសិនបើ​ជនជាប់ចោទ ប្រព្រឹត្ត​បទល្មើស​ថ្មី​ណា​​មួយ​ថែមទៀត​ក្នុង​រយៈពេល​សាកល្បង​នេះ ការព្យួរទោស​ក៏ត្រូវ​លើក​ចេញ​វិញ​ដូច​គ្នា​ដែរ ហើយ​ជនជាប់ចោទ​ក៏ត្រូវ​អនុវត្ត​ទោស​​ សម្រាប់​បទល្មើស​ទាំង​ ២ ​នេះ​៕