
លោក មេធាវី កុយ ដុល្លា កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅរាល់ការប្រព្រឹត្តល្មើសអ្វីមួយ មនុស្សគ្រប់គ្នាតែងប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់។ ចុះបើមន្ត្រីរដ្ឋបង្កឱ្យអ្នករួមការងារណាម្នាក់ជួបគ្រោះថ្នាក់ក្នុងបេសកកម្មជាមួយគ្នា តើប្រឈមនឹងទោសយ៉ាងដូចម្ដេច? ជុំវិញចម្ងល់នេះ ភ្នំពេញ ប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី កុយ ដុល្លា ជាសមាជិកនៃក្រុមមេធាវីធម្មសាស្ត្រ មានការិយាល័យបម្រើការនៅអគារលេខ ៣៦ ជាន់ទី១០ បន្ទប់លេខ P១០-P១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ តាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) និងលោក (ខ) ជាបុគ្គលិកក្នុងស្ថាប័នរដ្ឋជាមួយគ្នា។ ចៃដន្យលោក (ក) បានបើករថយន្តបុកលោក (ខ) ស្លាប់ក្នុងពេលបំពេញបេសកកម្មការងារ។ ករណីនេះ តើលោក (ក) នឹងត្រូវមានទោស ឬយ៉ាងណា? ព្រោះការកើតហេតុស្ថិតក្នុងអំឡុងពេលបំពេញការងាររដ្ឋដូចគ្នា?
ជាទូទៅយើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជារឿយៗនៅក្នុងសង្គមដែលបានបង្កនូវផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សណ្ដាប់ធ្នាប់សាធារណៈបង្ករបួសស្នាម និងឆក់យកជីវិតមនុស្សផងដែរ។ ជនទាំងឡាយណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ជននោះអាចនឹងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន មិនថាជននោះជាអ្នកធ្វើការឯកជនក្ដី ធ្វើការរដ្ឋក្ដីឱ្យតែបានបង្កព្យសនកម្មដល់សង្គម និងអ្នកដទៃគឺអាចប្រឈមនឹងការទទួលខុសត្រូវព្រហ្មទណ្ឌដោយហេតុថា ពាក់ព័ន្ធនឹងបទល្មើសនេះវាជារឿងដោយទ្បែកដែលជាការទទួលខុសត្រូវរបស់បុគ្គល ឬអាចនិយាយបានថា ជាកំហុសរបស់បុគ្គល។
ពាក់ព័ន្ធនឹងបទល្មើសគ្រោះថ្នាក់ចរាចរណ៍នេះយោងតាមមាត្រា ៨៥ កថាខណ្ឌទី១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចែងថា “ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យស្លាប់អ្នកដទៃត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀលទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្ដន្ទាទោស ដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ”។
ហេតុដូច្នេះផ្អែកតាមអង្គហេតុ និងអង្គច្បាប់ខាងលើ ប្រសិនបើតុលាការរកឃើញអត្ថិភាពនៃបទល្មើសតាមធាតុផ្សំខាងលើ លោក (ក) អាចប្រឈមការទទួលខុសត្រូវព្រហ្មទណ្ឌក្នុងអង្គហេតុបទ “បើកបរដោយធ្វេសប្រហែសបណ្ដាលឱ្យអ្នកដទៃស្លាប់”។
ចុះប្រសិនបើលោក (ក) ចេញសំណងជួសជុលការស្លាប់នេះ តើបានទេ? ហើយអាចរួចផុតពីទោសព្រហ្មទណ្ឌឬទេ?
ជាគោលការណ៍នៅក្នុងរឿងក្ដីព្រហ្មទណ្ឌជនល្មើសត្រូវទទួលនូវទណ្ឌកម្មព្រហ្មទណ្ឌ (បណ្ដឹងអាជ្ញា) ផង និងទណ្ឌកម្មរដ្ឋប្បវេណី (បណ្ដឹងរដ្ឋប្បវេណី) ផង។ ផ្អែកតាមមាត្រា ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា៖ “បណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណី គឺជាបណ្ដឹង ២ ផ្សេងគ្នា។ បណ្ដឹងអាជ្ញាមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្ដន្ទាទោសជននោះតាមច្បាប់កំណត់។ រីឯបណ្ដឹងរដ្ឋប្បវេណីមានគោលបំណងធ្វើការជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ ឱ្យអ្នករងគ្រោះបានទទួលសំណងជំងឺចិត្តសមល្មមទៅនឹងព្យសនកម្មដែលខ្លួនបានទទួល”។
ហេតុដូច្នេះ លោក (ក) បានបង់សំណងការខូចខាតរដ្ឋប្បវេណីជួសជុលការស្លាប់របស់លោក (ខ) មានន័យថា គូភាគីបានដោះស្រាយផ្នែកបណ្តឹងរដ្ឋប្បវេណី។ក្នុងន័យនេះ តុលាការនឹងមិនពិចារណាលើសំណងរដ្ឋប្បវេណីទៀតទេ។ ចំណែកឯបណ្តឹងអាជ្ញា ឬបណ្តឹងព្រហ្មទណ្ឌនៅតែដំណើរការដដែលហើយជាសមត្ថកិច្ចតុលាការនៅក្នុងការដោះស្រាយទៅតាមនីតិវិធីច្បាប់ថា តើមានអត្ថិភាព ឬនត្ថិភាពនៃបទល្មើសដែរទេ។ ប្រសិនបើមានបទល្មើសហើយដោយគ្រាន់តែសងសំណងរដ្ឋប្បវេណីមួយចំនួននាំឱ្យបណ្តឹងអាជ្ញារលត់នោះ គឺអាចជាគំរូមិនល្អ ហើយអ្នកដទៃអាចយកគំរូតាមដោយពុំខ្លាចរអាក្នុងការប្រព្រឹត្តបទល្មើស។
ហេតុដូច្នេះលោក ក ដែលបានដោះស្រាយសំណងរដ្ឋប្បវេណីហើយនោះ គឺនៅជាប់បណ្តឹងអាជ្ញាដែលត្រូវដោះស្រាយ ឬរកភ័ស្តុតាងដោះបន្ទុកដើម្បីការពារខ្លួន។ ប៉ុន្តែខ្ញុំលើកទឹកចិត្តឱ្យមានការដោះស្រាយសំណងរដ្ឋប្បវេណី ហើយក៏ជឿថា តុលាការនឹងពិចារណាលើចំណុចនេះមុនសម្រេចសេចក្តីផងដែរ។
(សូមរង់ចាំអានវគ្គបន្តនៅសប្ដាហ៍ក្រោយ)