កាលពី​សប្ដាហ៍​មុន ភ្នំពេញ​ ប៉ុស្ដិ៍ ​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចហើយ​ជុំវិញ​ទោសទណ្ឌ​របស់​មន្ត្រី​រដ្ឋ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​រួម​ការងារ​ក្នុងពេល​បំពេញ​បេសកកម្ម តាមរយៈ​ការពន្យល់​ពី​លោក​មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី​​ធម្មសាស្ត្រ​មាន​ការិយាល័យ​បម្រើការ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ P១០-P១១ ផ្លូវ​លេខ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។ រីឯ​លេខ​នេះ​យើង​សូម​ផ្សព្វផ្សាយ​វគ្គ​បន្ដ​​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ក្នុង​ករណី​លោក​ (​ក​) ​និង​លោក​ (​ខ​) ​បំពេញ​ការងារ​ដូចគ្នា​បែបនេះ បើ​ត្រូវ​ផ្តន្ទាទោស​តើ​អាច​ត្រូវ​សម្រាល​ទណ្ឌកម្ម​ទោស​បាន​ខ្លះ​ដែរ​ទេ​?

ដូច​បានលើកឡើង​ក្នុង​សំណួរ​ទី​ ១ ​រួចមកហើយ ឋានៈ ការងារ មិនមែន​ជា​មូលហេតុ​ក្នុង​ការមិន​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​នោះទេ​។ ​ការសម្រាល​ទោស​ក៏​មិនមាន​ទាក់ទង​ទៅនឹង​ការងារ​របស់គាត់​ដែរ​។ ប៉ុន្ដែ ជាគោលការណ៍ កាលណា​កាលៈទេសៈ​នៃ​បទល្មើស​ ឬ​​បុគ្គលិក​លក្ខណៈ​នៃ​ជនជាប់ចោទ​តម្រូវ តុលាការ​អាច​សម្រេច​ឱ្យ​ជនជាប់ចោទ​​បាន​ទទួល​នូវ​ស្ថាន​សម្រាលទោស (​មាត្រា​ ៩៣ នៃ​ក្រមព្រហ្មទណ្ឌ​)​។ ការសម្រាល​ទោស​នេះ​អាច​ផ្ដល់ឱ្យ​ជនជាប់ចោទ ហើយ​តុលាការ​នឹង​ពិចារណា​លើ​គោលការណ៍​ច្បាប់​ខាងលើ​។ ទី​ ១ បទល្មើស​កើតឡើង​ដោយ​អចេតនា មានន័យថា អំពើ​របស់​ជនល្មើស​កើត​​ឡើង​ពី​ការធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​ការមិន​បំពេញ​កាតព្វកិច្ច​ដោយឡែក​ណាមួយ​។ ​ទី​ ២ ជន​ជាប់ចោទ មាន​កម្រិតវប្បធម៌​ទាប ហើយ​ទើប​ប្រព្រឹត្ត​បទល្មើស​ដំបូង និង​មិន​ធ្លាប់​ទទួស​ទោស​ពីមុន​មានកូន​តូច​ក្នុងបន្ទុក និង​ជា​អ្នកផ្គត់ផ្គង់​គ្រួសារ​។ ទី​ ៣ ​មាន​ការជួសជុល​សំណង​រដ្ឋប្បវេណី និង​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​តុលាការ​ពិនិត្យ និង​ពិចារណា​តាម​ករណី​នីមួយៗ​។

ចុះ​ក្នុងករណីនេះ តើ​លោក​ (​ខ​) ​ត្រូវ​ទទួលបាន​សំណង​ពី​អង្គភាព​របស់​​គាត់​ដែរ​ទេ​?

មុននឹង​ឈាន​ដល់​ការបកស្រាយ​សំណួរ​នេះ យើង​គួរស្វែងយល់​អត្ថន័យ​នៃ​ពាក្យ​គន្លឹះ​ជាមុនសិន​។ “​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​” សំដៅ​ទៅលើ​ការធានារ៉ាប់រង​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​អំឡុងពេល​បំពេញ​ការងារ​របស់​មន្ដ្រី​រាជការ​ស៊ីវិល មានដូចជា​គ្រោះថ្នាក់​ការងារ គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ និង​ជំងឺ​វិជ្ជាជីវៈ​ជាដើម​ (​មាត្រា​ ៤ នៃ​ច្បាប់​ស្ដីពី​ការបង្កើត​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ដ្រី​សាធារណៈ​និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ដ្រី​សាធារណៈ អតីត​មន្ដ្រីរាជការ និង​អតីតយុទ្ធជន​)​។ ​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ត្រូវបាន​ផ្ដល់ឱ្យ​មន្ដ្រីរាជការ​ស៊ីវិល​តាមរយៈ​ស្ថាប័ន​ប្រតិបត្តិករ​តែមួយគត់​គឺ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប.ស.ស) ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការគ្រប់គ្រង និង​ចាត់ចែង​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​។ នៅពេល​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​អំឡុងពេល​បំពេញការងារ​គឺ​អង្គភាព​ ឬ​ស្ថាប័ន​ដែល​មន្ដ្រីរាជការ​ស៊ីវិល​នោះ​ធ្វើការ​ត្រូវផ្ដល់​ពត៌មាន​ទៅកាន់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ដើម្បីឱ្យ​ស្ថាប័ន​នេះ​ផ្ដល់នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​នឹង​បកស្រាយ​នៅក្នុង​កថាខណ្ឌ​បន្ទាប់​។

“​តាវកាលិក​” ​សំដៅ​ទៅលើ​ការផ្ដល់ប្រាក់ វត្ថុ ឬ សេវា ទៅដល់​មន្ដ្រីរាជការ​ស៊ីវិល​នៅពេល​មាន​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​អំឡុង​ពេល​បំពេញការងារ ឬ​បេសកកម្ម​របស់ខ្លួន​។

យោងតាម​មាត្រា​ ៨ ​កថាខណ្ឌ​ទី​ ១ នៃ​ច្បាប់​ស្ដីពី​ការបង្កើត​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ដ្រី​សាធារណៈ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ដ្រី​សាធារណៈ អតីត​មន្ដ្រីរាជការ និង​អតីតយុទ្ធជន ចែងថា​៖ “​តាវកាលិក​នៃ​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ដ្រី​សាធារណៈ​មាន​វិភាជន៍​បូជាសព ធនលាភ​​ឧត្តរជីវី សម្រាប់​សហព័ទ្ធ និង​កូន ព្រមទាំង​​ជន​ចាស់ជរា​ពុំមាន​ប្រាក់ចំណូល​ដែល​នៅក្នុង​បន្ទុក​ផ្ទាល់​នៃ​ជនរងគ្រោះ​ដោយ​ហានិភ័យ​ការងារ​រហូត​បាត់បង់​ជីវិត​”​។

ហេតុនេះ ដោយ​លោក (​ខ​) ជា​បុគ្គលិក​ក្នុង​ស្ថាប័នរដ្ឋ ដែលជា​មន្ដ្រី​សាធារណៈ​ ១ ​រូប បាន​ទទួល​មរណភាព​នៅក្នុង​អំឡុងពេល​ចុះ​បំពេញ​បេសកកម្ម​របស់ខ្លួន ក្រុមគ្រួសារ​របស់លោក​ (​ខ​) ​នឹង​ទទួលបាន​សំណង​ពី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ដែល​រួមមាន​៖ សោហ៊ុយ​បូជាសព និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​៕