ជាទូទៅ ប្រសិនបើ​ជនណាម្នាក់​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​មិន​ថា ក្នុង​រូបភាព​ណាមួយ​នោះទេ គឺ​តែងតែ​ប្រឈម​នឹង​ផ្លូវច្បាប់​ជាមិនខាន ទោះជា​ករណី​នោះ​កើតឡើង​ដោយ​ចេតនា​ ឬ​អចេតនា​ក្ដី​។ ​ចុះបើ​ក្នុងករណី​លែង​សត្វពាហនៈ​ឱ្យ​ដើរ​រហេតរហូត​តាម​ថ្នល់ ហើយ​​មាន​អ្នកធ្វើដំណើរ​បុក​ស្លាប់​ទាំង​សត្វ​​ និង​មនុស្ស តើ​ម្ចាស់​សត្វពាហនៈ​នោះ​ត្រូវ​ប្រឈម​នឹង​ច្បាប់​យ៉ាងណាដែរ​? ជុំវិញ​ចម្ងល់​នេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ផុន ធារិន ការិយាល័យ​មេធាវី ផុន ធារិន នៅ​បុរី​ឌឺមេគង្គ​រ៉ូយ៉ាល់​ផ្ទះ​លេខ​៧១ ផ្លូវ​M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ តាមរយៈ​សំណួរ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

ឧបមាថា លោក​ (​ក​) ​បាន​លែងគោ​ឱ្យ​ដើរ​កណ្តាល​ថ្នល់ តែ​ចៃដន្យ​លោក​ (​ខ​) ​បាន​ជិះ​ម៉ូតូ​បុក​ស្លាប់​ទាំង​សត្វ​គោ​ និង​រូបគាត់​។ ក្នុងករណី​បែបនេះ តើ​លោក​ (​ក​) ​ដែលជា​ម្ចាស់​គោ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់លោក​ (​ខ​) ​ឬ​យ៉ាងណា​?

តាម​សកម្មភាព​ខាងលើ​អំពើ​របស់​​លោក​ (​ក​) ​អាច​ចាត់ទុកជា​អំពើ​ខ្ជីខ្ជា​ធ្វេសប្រហែស​បណ្តាល​ឱ្យ​សត្វ​គោ​ដើរ​រហេតរហូត​លើ​ដងផ្លូវ​។ មាត្រា​ ៣៣ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បានចែង​ថា អ្នកជិះ អ្នក​ដឹក​ ឬ​អ្នក​បរ​សត្វ​មិនត្រូវ​លែង​សត្វ​ឱ្យ​ដើរ​រហេតរហូត​លើផ្លូវ​។

អំពើ​ខ្ជីខ្ជា និង​ធ្វេសប្រហែស​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ​។ យោងតាម​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា បណ្តាល​ឱ្យ​ស្លាប់​អ្នកដទៃ ជា​បទល្មើស​មនុស្យ​ឃាត​ដោយ​អចេតនា​​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​​រៀល​ទៅ​ ៦ ​លាន​រៀល​។ ដោយឡែក​​សំណង​ព្យសនកម្ម​លើ​ជនរងគ្រោះ ជា​​ការទទួល​ខុសត្រូវ​របស់​ជនល្មើស​។ ​មាត្រា​ ៧៥០ នៃ​ក្រមរដ្ឋប្បវេណី ឆ្នាំ​ ២០០៧ ចែងថា បុគ្គល​ដែល​កាន់កាប់​សត្វ ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការសង​ការខូចខាត​ដែល​កើត​ឡើងដល់​អ្នកដទៃ​ដោយ​សត្វ​ដែល​ខ្លួន​បាន​កាន់កាប់​។

ករណីនេះ បើតាម​គោលការណ៍​ច្បាប់​តើ​ត្រូវ​ដោះស្រាយ​បែបណា បើ​គ្រួសារ​របស់លោក​ (​ខ​) ​មិន​ប្តឹង តើ​ត្រឹម​សង​ជា​សំណង​រដ្ឋប្បវេណី​បាន​ទេ​?

ជាគោលការណ៍​ច្បាប់ ទោះបី​ជនបង្ក​បានចេញ​សំណង​ឱ្យដល់​ភាគី​ជនរងគ្រោះ​ក៏ដោយ បណ្តឹងអាជ្ញា ឬ​បណ្តឹង​ព្រហ្មទណ្ឌ​មិនអាច​រលត់​បានឡើយ​។

សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​។ ម្យ៉ាងទៀត ក្នុងករណីនេះ​ភាគី​ជនរងគ្រោះ និង​ភាគី​ជនបង្ក​ស្រុះស្រួល​គ្នា​បញ្ចប់​វិវាទ វា​គ្រាន់តែ​ជា​ការបញ្ចប់​នូវ​ការទាមទារ​ផ្នែក​សំណង​រដ្ឋប្បវេណី​របស់​ជនរងគ្រោះ​តែប៉ុណ្ណោះ មានន័យថា ជនបង្ក​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ដែល​មាន​ព្រះរាជអាជ្ញា ជាដើម​បណ្តឹងអាជ្ញា​។

ឧបមាថា​លោក​ (​ខ​) ​គាត់​បើក​រថយន្ត​បុកគោ​ដែល​ដើរ​លើផ្លូវ​ងាប់ ហើយ​គាត់​ (​អ្នកបើកបរ​) ​យក​គោ​នោះ​ទៅ តើ​បានទេ​? ម្យ៉ាង​តើ​អាច​ចាត់ទុកថា លោក​ (​ខ​) ​បង្ក​បទល្មើស​លួចបាន​ឬទេ​?

ក្នុងករណីនេះ​ប្រសិន​បើ​លោក​ (​ខ​) បើករថយន្ត​ដោយមាន​ចេតនា​ ឬ​អចេតនា​ទៅបុក​សត្វ​គោ​ដែល​ដើរ​លើផ្លូវ​ឱ្យ​ងាប់ ហើយ​បាន​យក​សត្វ​គោ​នោះ​ទៅ នេះ​អាច​ចាត់ទុកថា លោក​ (​ខ​) ​បាន​ប្រព្រឹត្ត​អំពើ​លួច​។ ​មាត្រា​ ៣៥៣ និង​មាត្រា​ ៣៥៦ ​នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ​ ឬ​វត្ថុ​ផ្សេង​​ទៀត​របស់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រៀល​ទៅ​ ៦ ​លាន​រៀល​៕