ជាទូទៅ គេ​តែង​ឃើញ​ការចាប់ខ្លួន​ជនល្មើស​របស់​សមត្ថកិច្ច​ធ្វើឡើង​ក្នុង​រូបភាព​ខុសៗ​គ្នា​ដោយ​ករណីខ្លះ​ធ្វើឡើង​បាន​លុះត្រាតែ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ប៉ុន្តែ​ករណីខ្លះ​ក៏​មិនមាន​​សុំ​ដែរ​។​ចង់ដឹងថា ហេតុអ្វី​ទើប​មាន​នីតិវិធី​ខុសគ្នា​បែបនេះ​? ជុំវិញ​ចម្ងល់​នេះ​​ភ្នំពេញ​ប៉ុស្ដិ៍ បាន​សុំ​ការពន្យល់​ពី​លោក​​មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ ៤៥Eo ផ្លូវ លេខ​ ៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ពេលខ្លះ​គេ​កត់សម្គាល់​ឃើញថា នៅពេល​នគរបាល​ចាប់​ជនសង្ស័យ​ណា​ម្នាក់​ដែល​សង្ស័យថា ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ហេតុអ្វី​បានជា​ត្រូវសុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ជាមុន​? ​តើ​រាល់​ការឃាត់ខ្លួន​ជនណាម្នាក់​ចាំបាច់​ត្រូវតែ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ឬ​?

ជាគោលការណ៍​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បានកំណត់​កាតព្វកិច្ច​សម្រាប់​អាជ្ញាធរ​សាធារណៈ​,​មន្ត្រី​សាធារណៈ​,​មន្ត្រីនគរបាល​យុត្តិធម៌​ ឬ​ភ្នាក់ងារ​នគរបាល​យុត្តិធម៌​ផ្សេងទៀត​ក្នុងការ​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ដល់​ព្រះរាជអាជ្ញា​។ យោង​មាត្រា​ ៤២​ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បានចែង​ថាៈ អាជ្ញាធរ​សាធារណៈ​ ឬ​មន្ត្រី​គ្រប់រូប​ដែល​នៅក្នុង​ការបំពេញ​មុខងារ​របស់ខ្លួន​បានដឹង​អំពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ត្រូវតែ​ជូនដំណឹង​ភ្លាម​ដល់​ព្រះរាជអាជ្ញា​ ឬ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌ ដោយ​ត្រូវ​​បញ្ជូន​នូវ​ព័ត៌មាន កំណត់ហេតុ លិខិត និង​វត្ថុតាង​ទាំងអស់​ដែល​ទាក់ទង​នឹង​បទល្មើស​នោះ ភ្ជាប់​ជាមួយ​ផង​។

មាន​ករណីខ្លះ​សមត្ថកិច្ច​ចាប់​ជនល្មើស​ដោយ​មិនចាំបាច់​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ទេ តើ​សំដៅលើ​បទល្មើស​អ្វីខ្លះ​?

ទាក់ទង​ករណី​ដែល​សមត្ថកិច្ច​មាន​សិទ្ធិ​អាច​ចាប់​ជនល្មើស​ណា​ម្នាក់​ដោយ​មិន​ចាំបាច់​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​បានតែ​ចំពោះ​បទល្មើស​ជាក់ស្តែង​តែ​​ប៉ុណ្ណោះ ហើយ​មិន​ត្រឹមតែ​សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់ខ្លួន​ជនល្មើស​ទេ គឺ​សូម្បី​​តែ​គ្រប់​បុគ្គល​ទាំងអស់​អាចមាន​សិទ្ធិ​ចាប់ខ្លួន​ជនល្មើស ហើយ​នាំខ្លួន​ជន​នោះ​ទៅ​ប្រគល់ជូន​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត​។ យោងតាម​មាត្រា ៨៦ និង ៨៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ហើយ​ចំពោះ​បទល្មើស​មិន​ជាក់ស្តែង​គឺ​មុនពេល​ចាប់ខ្លួន​ត្រូវតែ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ជាមុន​។

ហេតុអ្វី​បានជា​ត្រូវបញ្ជូន​ជនសង្ស័យ​ទៅ​ព្រះរាជអាជ្ញា ហើយ​បន្ទាប់មក​ទៅ​ចៅក្រម​ស៊ើបសួរ​ទៀត​? ​បើ​ព្រះរាជអាជ្ញា​ចេញ​ដីកា​ឃុំ​ជន​នោះ តែម្តង​មិនបាន​ទេ​ឬ​?​ហេតុអ្វី​?

មិនមែន​គ្រប់​ករណី​នៃ​បទល្មើស​សុទ្ធ​​តែ​តម្រូវឱ្យ​ឆ្លងកាត់​ចៅក្រម​ស៊ើបសួរ​នោះទេ ករណីខ្លះ​គឺ​ព្រះរាជអាជ្ញា​អាច​ធ្វើការ​បញ្ជូនទៅ​ជំនុំជម្រះ​ផ្ទាល់​បាន ប្រសិនបើ​មាន​គ្រប់​លក្ខខណ្ឌ​ដូចជា​៖

-​បទល្មើស​ជា​បទល្មើស​ជាក់ស្តែង​។

-​បទល្មើស​ត្រូវ​ផ្ត​នា្ទ​ទោស​ដាក់​ពន្ធនាគារ​យ៉ាងតិច​ ១ (​មួយ​) ​ឆ្នាំ និង​យ៉ាងច្រើន​ ៥ (​ប្រាំ​) ឆ្នាំ​។

-​ជនជាប់ចោទ​ជា​នីតិជន​។

-​រឿងក្តី​មាន​លក្ខណៈ​គ្រប់គ្រាន់​ល្មម​ជំនុំជម្រះ​បាន​។

ក្នុងករណី​មិន​ចូល​លក្ខខណ្ឌ​ខាងលើនេះ​ទេ ព្រះរាជអាជ្ញា​អាច​ធ្វើការ​ចោទប្រកាន់​ទៅលើ​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់ ឬ​លើ​អញ្ញត្តជន ដោយ​ប្តឹងទៅ​ចៅក្រម​ស៊ើបសួរ​ឱ្យ​បើក​ការស៊ើបសួរ តាមរយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ស្វែងរក​ទាំង​ភ័ស្តុតាង​ដាក់បន្ទុក និង​ដោះ​បន្ទុក​ទៅលើ​ជន​នោះ ក្នុង​គោលបំណង​ស្វែងរក​ការពិត និង​យុត្តិធម៌​។

ដោយឡែក​ចំពោះ​បទឧក្រិដ្ឋ ព្រះរាជអាជ្ញា​ត្រូវតែ​បើក​ការស៊ើបសួរ តាម​ដីកា​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ ជា​ចាំបាច់ ដូចដែល​មានចែង​ក្នុង​មាត្រា​ ៤៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ជាដើម​។

ព្រះរាជអាជ្ញា​មិនមាន​សិទ្ធិ​ចេញ​ដីកា​ឃុំ​ជន​ត្រូវ​ចោទ​នោះទេ នេះ​ជា​សិទ្ធិ​អំណាច​របស់​ចៅក្រម​ស៊ើបសួរ​តែ​​ប៉ុណ្ណោះ ហើយ​ទាក់ទង​នឹង​អំណាច​របស់​ព្រះរាជអាជ្ញា​ដែលមាន​ចែង​នៅក្នុង​ក្រមនីវិធី​ព្រហ្មទណ្ឌ​មានដូចជាៈ​ ១- ​ការតម្កល់​រឿង​ទុក​ឥត​ចាត់ការ ២- ​សេចក្តីសម្រេច​ចោទប្រកាន់ ៣- ​ការបើក​ការ​ស៊ើបសួរ ៤-​ ការ​បញ្ជូនទៅ​ជំនុំជម្រះ​ផ្ទាល់​។

ជា​នីតិវិធី មុននឹង​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ជនណាម្នាក់ ត្រូវតែ​ឃុំខ្លួន​បណ្តោះអាសន្ន​សិន ហេតុអ្វី​?

ការឃុំខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ អាចអនុវត្ត​បានតែ​ក្នុងករណី​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ ឬ​​បទមជ្ឈិម ដែល​ច្បាប់​បានកំណត់​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ស្មើ​ ឬ​លើសពី​ ១ (​មួយ​ )​ឆ្នាំ​។ យោងតាម​មាត្រា​ ២០៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ចែងថា ​”​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន​អាច​ត្រូវបាន​បង្គាប់​កាលណា​ការឃុំខ្លួន​បណ្តោះ​អាសន្ន​នេះ​ជាការ​ចាំបាច់​៖

១-​ដើម្បី​បញ្ចប់​បទល្មើស​ ឬ​បង្ការ​បទល្មើស​កុំឱ្យ​កើតជា​ថ្មី​។

២-​ដើម្បី​រារាំង​កុំឱ្យ​មានការ​គាបសង្កត់​លើ​សាក្សី​ ឬ​ជនរងគ្រោះ​ ឬ​ដើម្បី​រារាំង​កុំឱ្យ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ជនត្រូវ​ចោទ និង​អ្នកសមគំនិត​។

៣-​ដើម្បី​រក្សា​ភ័ស្តុតាង ឬ​តម្រុយ​ជា​សម្ភារ​។

៤-​ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។

៥-​ដើម្បី​ការពារ​សន្តិសុខ​ឱ្យ​ជន​ត្រូវ​ចោទ​។

៦-​ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​កុំឱ្យ​មានការ​ច្របូកច្របល់​ដែល​បណ្តាលមកពី​បទល្មើស​។

ពាក់ព័ន្ធ​ការជំនុំជម្រះ​ក្តី​វិញ តើ​គ្រប់​រឿងក្តី ចាំបាច់​ត្រូវតែមាន​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ឬ​?

យោងតាម​មាត្រា​ ៣៨ ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​ថាៈ ជន​គ្រប់រូប​មាន​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​តុលាការ​ និង​តាម​មាត្រា ៣០១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ បានចែង​ថាៈ ជំនួយ​ពី​មេធាវី​ត្រូវតែមាន​ដាច់ខាត​នៅក្នុង​ករណី​ដូចតទៅៈ ១- ​ករណី​បទឧក្រិដ្ឋ ២- ​កាលណា​ជនជាប់ចោទ​ជា​អនីតិជន​។ ​ប៉ុន្តែ​ក្រៅពីនេះ​មិន​តម្រូវឱ្យមាន​មេធាវី​ទេ​គឺ​អាស្រ័យ​លើ​សិទ្ធិ​របស់​ជនជាប់ចោទ​គាត់​អាច​ពឹងពាក់​មេធាវី ដើម្បី​ការពារ​ក្តី​ឱ្យ​គាត់​ក៏បាន​ ឬក៏​មិនមាន​ការពឹងពាក់​មេធាវី​ក៏បាន​៕