
លោកមេធាវី ឡោ គីមហ្គិច កាលពីពេលកន្លងមក។ រូបថត សហការី
នៅក្នុងដំណើរការរកយុត្តិធម៌តាមផ្លូវតុលាការមានប្រភេទបណ្ដឹងមួយចំនួនត្រូវបានភាគីទំនាស់យកមកប្រើទៅតាមដំណាក់កាលនីមួយៗ ដើម្បីទទួលបានយុត្តិធម៌។ ចង់ដឹងថា តើប្រភេទនៃបណ្ដឹងទាំងនោះមានអ្វីខ្លះ? ជុំវិញចម្ងល់នេះភ្នំពេញ-ប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី ឡោ គីមហ្គិច ជាក្រុមមេធាវីអាស៊ានអន្តរជាតិដែលមានអាសយដ្ឋាន ផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
តើនៅក្នុងប្រព័ន្ធតុលាការមានបណ្តឹងចំនួនប៉ុន្មានពាក់ព័ន្ធនឹងសំណុំរឿងក្នុងអង្គសេចក្តីហើយបណ្តឹងនីមួយៗគេប្រើនៅពេលណា និងប្រើក្នុងបំណងដើម្បីអ្វីខ្លះ?
ប្រភេទបណ្តឹងមានចំនួន ៤ នៅក្នុងប្រព័ន្ធតុលាការគឺបណ្តឹងទាស់ បណ្តឹងឧទ្ធរណ៍ បណ្តឹងសារទុក្ខ និងបណ្តឹងសើរើ។
បណ្តឹងទាស់ ជាបណ្តឹងប្រឆាំងទៅនឹងសាលក្រម ឬសាលដីកាដែលតុលាការបានជំនុំជម្រះកំបាំងមុខជនជាប់ចោទដើមបណ្តឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់ (មេធាវី) របស់ជនជាប់ចោទដែលមិនបានដឹងពីការជំនុំជម្រះ ឬអវត្តមានពេលសវនាការ។ បណ្ដឹងទាស់អាចធ្វើឡើងបានក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីបានទទួលសាលក្រម ឬសាលដីកា (មាត្រា ៣៦២,៤០៩ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៧)។ បើយោងតាមមាត្រា ៣៦២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ប្រសិនបើជនជាប់ចោទដើមបណ្តឹងរដ្ឋប្បវេណីមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ហើយនិងប្រសិនបើគ្មានភ័ស្តុតាងបង្ហាញឱ្យឃើញថាសាមីខ្លួនដឹងពីដីកាបញ្ជូនទៅជំនុំជម្រះនោះទេសាលក្រមត្រូវប្រកាសកំបាំងមុខជនជាប់ចោទ។ សាលក្រមកំបាំងមុខជនជាប់ចោទត្រូវឱ្យដំណឹងដល់ជនជាប់ចោទនេះ។
សាលក្រមនេះ អាចត្រូវបានប្តឹងទាស់បាន។ ចំពោះមាត្រា ៤០៩ ចែងថា បណ្តឹងទាស់ចំពោះសាលដីកាកំបាំងមុខពិរុទ្ធជនអាចប្តឹងទាស់នឹងសាលដីកាដែលសម្រេចដោយកំបាំងមុខខ្លួន។ បណ្តឹងទាស់អាចធ្វើបានក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីបានទទួលសាលក្រម ឬសាលដីកា។ (មាត្រា ៣៦៥, ៣៦៨ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។ បើយោងមាត្រា ៣៦៥ ចែងថាពិរុទ្ធជនអាចធ្វើបណ្តឹងទាស់នឹងសាលក្រមដែលប្រកាសដោយកំបាំងមុខខ្លួនបាន។ ចំពោះមាត្រា ៣៦៨ ចែងថា បណ្តឹងទាស់ត្រូវតែធ្វើក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃផ្តើមគិតពីថ្ងៃជូនដំណឹងអំពីសាលក្រមកំបាំងមុខ កាលណាសាលក្រមត្រូវបានប្រគល់ឱ្យពិរុទ្ធជនដោយផ្ទាល់ដៃ ឬពីថ្ងៃដែលពិរុទ្ធជននេះបានដឹងយ៉ាងពិតប្រាកដអំពីសាលក្រម កាលណាសាលក្រមនេះមិនបានប្រគល់ឱ្យដល់ពិរុទ្ធជនដោយផ្ទាល់ដៃទេ។
តើបណ្តឹងឧទ្ធរណ៍ធ្វើឡើងនៅពេលណាហើយការប្តឹងឧទ្ធរណ៍ក្នុងគោលបំណងអ្វី?
បណ្តឹងឧទ្ធរណ៍ គឺធ្វើឡើងប្រឆាំងទៅនឹងសាលក្រមរបស់សាលាដំបូងក្រុង-ខេតុ្ត ដោយសារជនជាប់ចោទ ឬពិរុទ្ធជនមិនសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងក្រុង-ខេត្តនោះ។ បណ្តឹងឧទ្ធរណ៍នេះមានរយៈពេលប្តឹង ១ ខែ ដែលគិតចាប់តាំងពីថ្ងៃដែលជនជាប់ចោទទទួលដំណឹងពីសាលក្រម (មាត្រា ៣៧៣ ៣៨១ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។ យោងមាត្រា ៣៧៣ ចែងថាសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍មានសមត្ថកិច្ច ដើម្បីសម្រេចអំពីបណ្តឹងឧទ្ធរណ៍ដែលធ្វើប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការជាន់ដំបូងដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួនក្នុងរឿងព្រហ្មទណ្ឌ។ រីឯមាត្រា ៣៨១ ក៏បានចែងដែរថា បណ្តឹងឧទ្ធរណ៍ធ្វើឡើងនៅពេលដែលព្រះរាជអាជ្ញាជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬមេធាវីដែលជាតំណាងស្របច្បាប់មិនសុខចិត្តចំពោះសាលក្រមដែលបានសម្រេចសេចក្តី។
ចុះបើជនជាប់ចោទកំពុងជាប់ឃុំក្នុងពន្ធនាគារហើយគាត់មានបំណងប្តឹងឧទ្ធរណ៍តែគាត់គ្មានមេធាវី តើជនជាប់ចោទនោះអាចធ្វើបណ្តឹងទាស់តាមរយៈពន្ធនាគារបានទេ?
ប្រសិនបើពិរុទ្ធជន ឬជនជាប់ចោទកំពុងជាប់ឃុំក្នុងពន្ធនាគារហើយគាត់មានបំណងប្តឹងឧទ្ធរណ៍គឺអាចធ្វើបានតាមរយៈមន្ត្រីអនុរក្សពន្ធនាគារហើយខាងមន្ត្រីពន្ធនាគារនឹងរៀបចំបណ្តឹងឱ្យជនជាប់ចោទ ឬពិរុទ្ធជននោះ។ បន្ទាប់មកយកពាក្យបណ្តឹងទៅជូនប្រធានពន្ធនាគារ ចុះហត្ថលេខាលើពាក្យបណ្តឹងឧទ្ធរណ៍នោះបញ្ជូនមកសាលាឧទ្ធរណ៍។
ចុះបណ្តឹងសារទុក្ខវិញតើប្តឹងនៅពេលណា? ហើយបណ្តឹងនេះធ្វើបាននៅតុលាការណា?
បណ្ដឹងសារទុក្ខធ្វើឡើងនៅពេលដែលអគ្គព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្ដឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់ (មេធាវី) ដែលទទួលបានការផ្ទេរសិទ្ធិពីជនជាប់ចោទដែលមិនសុខចិត្ដចំពោះសាលដីការបស់សាលាឧទ្ធរណ៍ (មាត្រា ៤១៧ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៧)។ ការធ្វើបណ្តឹងសារទុក្ខមានរយៈពេល ១ ខែ គិតចាប់ពីថ្ងៃប្រកាសសាលដីកា (មាត្រា ៤២០ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។
តើបណ្ដឹងសើរើធ្វើបាននៅតុលាការគ្រប់ជាន់ថ្នាក់ឬ? ហើយគេអាចធ្វើបណ្តឹងសើរើបានដោយមូលហេតុអ្វី និងនៅពេលណា?
បណ្តឹងសើរើ គឺជាបណ្ដឹងតវ៉ាមួយប្រឆាំងទៅនឹងសាលក្រម ឬសាលដីកាដែលបានចូលជាស្ថាពររួចហើយ (មាត្រា ៤៤៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាចក្រកម្ពុជាឆ្នាំ ២០០៧)។
បើមាត្រា ៤៤៣ នេះចែងថាបណ្តឹងសើរើគឺជាផ្លូវតវ៉ាមួយនៅក្នុងរឿងព្រហ្មទណ្ឌទោះបីតុលាការដែលបានសម្រេចនោះជាតុលាការណាក៏ដោយ និងទោះបីទោសដែលបានប្រកាសនោះជាទោសអ្វីក៏ដោយ។
បណ្តឹងសើរើធ្វើឡើងប្រឆាំងនឹងសាលក្រម ឬសាលដីកាដែលចូលជាស្ថាពរក៏ប៉ុន្តែបណ្តឹងសើរើមានលក្ខណពិសេសមួយ។
កាលណាជនជាប់ចោទប្តឹងសើរើបានលុះត្រាណាតែបណ្តឹងសើរើនោះមានភ័ស្តុតាងថ្មីនៅក្នុងអង្គហេតុណាមួយ (ភ័ស្តុតាងថ្មីនៅក្នុងសំណុំរឿងចាស់)។
បើទោះជាសំណុំរឿងនោះមានរយៈពេល ១០ ឬ ២០ ឆ្នាំក៏ដោយក៏មិនផុតអាជ្ញាយុកាលនៃបណ្តឹងសើរើដែរគឺជនជាប់ចោទអាចដាក់បណ្តឹងសើរើបាន។ បណ្តឹងសើរើនេះគេធ្វើឡើងនៅតុលាការសាមីដែលបានប្រកាសសាលក្រម ឬសាលដីកា៕