ជាទូទៅ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​រមែងតែងតែ​​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ទៅតាម​កម្រិត​ដែល​បាន​តុលាការ​រកឃើញ​។ ​ចុះ​ប្រសិនបើ​មាន​ករណី​ជួល​ទូកដ​ចម្លង​​ហើយ​បង្ក​គ្រោះ តើ​ម្ចាស់​ទូកដ​ទទួល​ខុសត្រូវ​បែបណា​ដែរ​?

ជុំវិញ​ចម្ងល់​នេះ ភ្នំពេញ​ប៉ុស្ដិ៍​​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី ធម្មសាស្ត្រ មាន​ការិយាល័យ​នៅ​អគារ​លេខ ៣៦ ជាន់​ទី​ ១០ ផ្លូវ​លេខ​ ១៦៩​ សង្កាត់​វាលវង់​ខណ្ឌ៧ មករា រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

ឧបមាថា លោក​ (​ក​) ​ជា​ម្ចាស់​ទូកដ ហើយ​រថយន្ត​ដែល​គេ​ជួល​ឱ្យ​គាត់​ចម្លង​នៅលើ​ទូក​នោះបាន​រអិល​ធ្លាក់​ចូលទៅ​​ក្នុង​ទឹក​។ ​ករណីបែបនេះ​តើ​លោក​ (​ក​)​ ទទួលខុសត្រូវ​ដូចម្ដេច​ដែរ​? ​ចុះបើ​លោក​ (​ក​)​ ប្រកែក​មិន​ទទួល​ខុសត្រូវ តើ​អាច​បាន​ដែរឬទេ​?

បច្ចុប្បន្ននេះ ការដឹកជញ្ជូន​ដើរតួនាទី​យ៉ាងសំខាន់​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ហើយ​មធ្យោយបាយ​ដឹកជញ្ជូន​នេះ​ជួយ​សម្រួល​ដល់​បញ្ញើ​ទំនិញ និង​ការធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។

ប៉ុន្ដែ​ជាយថាហេតុ គ្រោះថ្នាក់​​ផ្សេងៗ​អំឡុងពេល​ដឹកជញ្ជូន​អាច​កើតមានឡើង​។ ​ករណីខ្លះ​បណ្តាល​មកពី​ភាពធ្វេស​ប្រហែស​របស់​អ្នក​ដឹកជញ្ជូន​ហើយ​​ករណី​ខ្លះទៀត​បណ្តាល​មកពី​កំហុស​របស់​អ្នកដំណើរ​ផ្ទាល់​។ ដូច្នេះ​ក្នុង​ករណី​ខាងលើ លោក​ (​ក​) ជា​ម្ចាស់​ទូកដ ហើយ​រថយន្ត​ដែល​គេ​ជួល​ឱ្យ​គាត់​ចម្លង​នៅលើ​ទូក​នោះ​រអិល​ធ្លាក់​ទៅក្នុង​ទឹក​។ ករណី​បែបនេះ តើ​លោក ​(​ក​) ​ទទួល​ខុសត្រូវ​ដូចម្ដេច​ដែរ​? ​ចុះបើ​លោក ​(​ក​) ​ប្រកែក​មិន​ទទួល​ខុសត្រូវ តើ​អាច​បាន​ដែរឬទេ​? ​ដើម្បី​ងាយស្រួល​ក្នុងការ​បកស្រាយ​សំណួរ​នេះ​គប្បី​ស្វែងយល់​ពី​កិច្ចសន្យា​ដឹកជញ្ជូន​ជាមុនសិន​។

យោងតាម​មាត្រា​ ៨៣ ​នៃ​ក្រឹត្យច្បាប់​លេខ ​៣៨ ចែងថា “​កិច្ចសន្យា​ដឹកជញ្ជូន គឺជា​កិច្ចសន្យា​ដែល​អ្នក​ដឹកជញ្ជូន​សន្យា​ដឹក​អ្នកដំណើរ ភារៈវត្ថុ ឬ​ទំនិញ​ពី​កន្លែង​ ១ ទៅ​កន្លែង​ ១ ​ទៀត ដោយ​យក​ថ្លៃ​តាម​ការព្រមព្រៀង ឬ​តាម​ថ្លៃ​កំណត់​របស់​រដ្ឋ​។

យោងតាម​មាត្រា​ ៨៦​នៃ​ក្រឹត្យច្បាប់​លេខ​ ៣៨ ចែងថា “​អ្នក​ដឹកជញ្ជូន​ត្រូវ​ទទួលខុស​ត្រូវ​អំពី​ការបាត់បង់ ឬ​ការខូច​ខាត​លើ​វត្ថុ​ដឹកជញ្ជូន​។ អ្នក​ដឹកជញ្ជូន​ក៏ត្រូវ​ទទួលខុសត្រូវ​អំពី​គ្រោះថ្នាក់​ដែល​បណ្ដាល​ឡើងដល់​អ្នកដំណើរ​ក្នុងពេល​​ដែល​ខ្លួន​ដឹកជញ្ជូន​ដែរ​។ អ្នកដឹកជញ្ជូន​ត្រូវបាន​រួចខ្លួន​ពី​ការទទួល​ខុសត្រូវ​ខាងលើ​ក្នុង​​ករណី​ប្រធាន​សក្ដិ ឬ​ក្នុងករណី​អ្នកដំណើរ​ត្រូវ​រងគ្រោះ​ដោយ​មកពី​ការធ្វេស​ប្រហែស​របស់ខ្លួន​។ បើ​ភារៈវត្ថុ ឬ​ទំនិញ​ដែល​ត្រូវគេ​ប្រគល់ឱ្យ​ដឹកជញ្ជូន​អន្ដរាយ​ដោយ​ចោរកម្ម អ្នក​ដឹកជញ្ជូន​ត្រូវ​ជួសជុល​សំណង​នៃ​ភារៈវត្ថុ​ ឬ​ទំនិញ​នេះ​។

ផ្អែក​តាម​ខ្លឹមសារ​បញ្ញត្តិ និង​អង្គហេតុ​ខាងលើ​ឃើញថា រថយន្ត​ដែល​គេ​ជួល​ឱ្យ​គាត់​ចម្លង​នៅលើ​ទូក​នោះ​រអិល​ធ្លាក់​ទៅក្នុង​ទឹក​គឺ​លោក ​(​ក​) ​ប្រឈម​នឹង​ការទទួល​ខុសត្រូវ​លើ​ការសង​ការខូចខាត​ ដោយសារ​គាត់​ជា​ម្ចាស់​ទូកដ​មាន​កាពត្វកិច្ច​គ្រប់គ្រង​ថែរក្សា និង​ចាត់​វិធានការ​បង្ការ​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ឱ្យ​បានជា​អតិបរមា​។

ផ្ទុយទៅវិញ​ប្រសិនបើ​រថយន្ត​នោះ​រអិល​ធ្លាក់​ទៅក្នុង​ទឹក​ ដោយសារ​តែ​កំហុស​ធ្វេសប្រហែស ឬ​មិន​ប្រុងប្រយ័ត្ន​របស់​ម្ចាស់​រថយន្ដ​ខ្លួនឯង​លោក​ (​ក​)​ អាច​ត្រូវបាន​រួចខ្លួន​ពី​ការទទួល​ខុសត្រូវ​នេះ​។

ចំពោះ​ករណីនេះ ប្រសិនបើ​មាន​មនុស្ស​នៅក្នុង​រថយន្ត​នោះ​​ស្លាប់ តើ​ចាត់ទុកថា លោក​ (​ក​) ​ជា​អ្នកបង្ក​បទល្មើស​ ឬមួយ​​យ៉ាងណា​?​ ព្រោះ​ចំពោះ​រឿងនេះ គាត់​មិន​បានគិត​មុន​ផង​នោះ​?

ជាគោលការណ៍​នៅក្នុង​រឿង​ព្រហ្មទណ្ឌ​ដើម្បី​បង្កើត​ទៅជា​បទល្មើស​បាន​ទាល់​តែមាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ចំនួន ៣ សំខាន់ៗ ។ ទី​ ១- ធាតុ​នីត្យានុកូលភាព មានន័យថា ច្បាប់​កំណត់​អំពើ​ណាមួយ​ជា​បទល្មើស​ព្រហ្មទណ្ឌ​,​ទី​ ២- ​ធាតុផ្សំ​សត្យានុម័ត អាចជា​អំពើ​សកម្ម ឬ​អំពើ​អកម្ម និង​ទី​ ៣. ធាតុ​អត្តនោម័ត មានន័យថា​អំពើ​របស់​អ្នកណាម្នាក់ ឬ​ច្រើន​នាក់ ដែល​ធ្វើ​ទ្បើង​ដោយ​ចេតនា ឬ​អចេតនា​។ ​ហេតុនេះ​នៅក្នុង​ករណី​មាន​មនុស្ស​នៅក្នុង​រថយន្ត​នោះ​ស្លាប់ តើ​ចាត់ទុកថា​លោក​ (​ក​) ​ជា​អ្នកបង្ក​បទល្មើស​ឬ​យ៉ាងណា​ព្រោះ​ចំពោះ​រឿងនេះ​គាត់​មិន​បានគិត​មុន​ផង​នោះ​? ​តាម​ការពិនិត្យ​ទៅលើ​ធាតុ​ផ្សំ​នៃ​បទល្មើស​ខាងលើ​ឃើញថា ធាតុ​អត្តនោម័ត​មានការ​ពាក់ព័ន្ធ​ខ្លាំង​ទៅនឹង​សំណួរ​ដែល​បាន​ចោទ​ទ្បើង​នេះ​។ ហេតុដូច្នេះ គប្បី​ពិនិត្យ​ទៅលើ​ផ្លូវច្បាប់​ដែល​ចែង​អំពី​ធាតុ​អត្តនោម័ត​នេះ និង​បទល្មើស​ដែល​អាច​នឹង​ប្រឈម​ក្នុងការ​ទទួល​ខុសត្រូវ​នៅក្នុង​អង្គហេតុ​នេះ​។

យោងតាម​មាត្រា​ ៤ នៃ​ក្រម​ព្រហ្មទណ្ឌ (​ចេតនា​ប្រព្រឹត្ត​បទល្មើស​) ​ចែងថា​ “​ពុំមាន​បទល្មើស​ទេ ប្រសិនបើ​គ្មាន​ចេតនា​ប្រព្រឹត្ត​។ ប៉ុន្តែ​ក្នុងករណី​ដែល​ច្បាប់​បានចែង​ទុក​មុន បទល្មើស​មួយ​អាច​កើតចេញពី​ការមិន​ប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬ​ការមិន​គោរព​កាតព្វកិច្ច​ដោយ​ទ្បែក​ណាមួយ​។

យោងតាម​មាត្រា ​២០៧ កថាខណ្ឌ ​១ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា បទ​មនុស្សឃាត​ដោយ​អចេតនា គឺជា​អំពើ​បណ្ដាល​ឱ្យស្លាប់​អ្នកដទៃ​ដោយ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា​។

ផ្អែក​តាម​អង្គហេតុ​ខាងលើ ប្រសិនបើ​តុលាការ​រកឃើញថា​ការស្លាប់​នោះ បណ្តាលមកពី​អំពើ​ធ្វេសប្រហែស​ការមិន​ប្រុងប្រយ័ត្ន​ ឬ​ការ​ខ្ជីខ្ជា​របស់​ម្ចាស់​ទូកដ (​សន្មត​ថា​ម្ចាស់​ទូកដ​ជា​អ្នកបើក​) នោះ លោក ក អាច​ប្រឈម​នឹង​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​។ ​ផ្ទុយទៅវិញ ករណី​រថយន្ត​នោះ​រអិល​ធ្លាក់​ទៅក្នុង​ទឹក​ដោយសារតែ​កំហុស​របស់​ម្ចាស់​រថយន្ដ​ខ្លួនឯង ដូច្នេះ លោក ​(​ក​) ពុំ​អាច​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​បានទេ​។

ឧបមាថា រថយន្ត​នោះ​ចត​នៅ​ស្ងៀម​លើ​ទូកដ តែ​មាន​អ្នកផ្សេង​ឡើង​បញ្ឆេះ ហើយ​រថយន្ត​នោះ​រអិល​ធ្លាក់ទឹក តែ​អ្នក​ឡើង​បញ្ឆេះ​នោះ​រត់​បាត់​ហើយ​​ម្ចាស់​រថយន្ត​នោះ​ប្តឹង​លោក​ (​ក​) ​ជា​ម្ចាស់​ទូក តើ​អាច​បាន​ដែរឬទេ​?

ជាគោលការណ៍​ព្រហ្មទណ្ឌ និង​គោលការណ៍​រដ្ឋប្បវេណី​បាន​កំណត់ថា គ្រប់​បុគ្គល​ទទួល​ខុសត្រូវ​ចំពោះ​តែ​អំពើ​របស់ខ្លួន​ប៉ុណ្ណោះ និយាយ​ជា​សាមញ្ញ​មានន័យថា អ្នកណា​អ្នកធ្វើ អ្នកនោះ​អ្នកទទួល​។ ដូច្នេះ​នៅក្នុង​ករណីនេះ ដោយហេតុថា រថយន្ត​នោះ​ចត​នៅ​ស្ងៀម​លើ​ទូកដ តែមាន​អ្នកផ្សេង​ឡើង​បញ្ឆេះ​ហើយ​រថយន្ត​នោះ​រអិល​ធ្លាក់ទឹក រួច​អ្នក​ឡើង​បញ្ឆេះ​នោះ​ក៏​រត់​បាត់​នោះ​លោក (​ក​) ​មិន​ទទួលខុសត្រូវ​ទេ​ព្រោះ​លោក ​(​ក​)​ មិនមែនជា​ជនបង្ក​នោះទេ​។

ឧបមាថា រថយន្ត​នៅលើ​ទូកដ​នោះបាន​ឆេះ ហើយ​ឆេះ​រាល​ទាំង​ទូកដ ខូចខាត​ទាំងស្រុង​ទៀត​។ ​ទាំង​ម្ចាស់​រថយន្ត​ ​និង​ម្ចាស់​ទូកដ មិនបាន​ប្តឹង​គ្នា​ទេ តែ​អ្នកជិះ​លើ​ទូកដ​បាន​ប្តឹង​ម្ចាស់​ទូក​ឱ្យ​សង​ការខូចខាត​ទ្រព្យសម្បត្តិ តើ​ចំពោះ​រឿងនេះ​ម្ចាស់​ទូក​មាន​ចំណែក​សង​ឬ​យ៉ាងណា​?

ផ្អែកលើ​គោលការណ៍​កំហុស​​បាន​កំណត់ថា អ្នកណា​ធ្វើ​ខុស អ្នកនោះ​អ្នកទទួល​ខុសត្រូវ​។ ហេតុដូច្នេះ នៅក្នុង​ករណី​ម្ចាស់​ទូក​ធ្វើ​ខុស​បណ្តាល​ឱ្យ​ឆេះ និង​បណ្តាលឱ្យ​ខូចខាត​នោះ​ម្ចាស់​ទូក​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការសង​សំណង​ខូចខាត​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាន​ឆេះ​។ ​ផ្ទុយទៅវិញ ប្រសិនបើ​ការឆេះ​នោះ​បង្កឡើង​ដោយ​ម្ចាស់​រថយន្ដ នោះ​គាត់​ត្រូវ​ទទួលខុសត្រូវ​សងការ​ខូចខាត​។ ប៉ុន្តែ​មាន​ករណី​ពិសេស​មួយ បើសិន​ការឆេះ​នោះ​បណ្តាល​​មកពី​ប្រធាន​សក្ដិ ទាំង​ម្ចាស់​ទូកដ និង​ម្ចាស់​រថយន្ត ត្រូវ​បាន​រួច​ផុតពី​ការទទួល​ខុសត្រូវ​៕