នៅក្នុង​ដំណើរការ​តាមផ្លូវ​តុលាការ​លើ​សំណុំរឿង​ផ្សេងៗ​​គឺមាន​នីតិវិធី​ជាច្រើន​ត្រូវបាន​អ្នកច្បាប់​យកមកប្រើ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​គូវិវាទ​ឱ្យបាន​ត្រឹមត្រូវ​ក្នុងនោះ​ក៏មាន​ការធ្វើ​មោឃភាព​នីតិវិធី​ក្នុង​តុលាការ​ផងដែរ​។ ចង់ដឹងថា​​តើ​មោឃភាព​នីតិវិធី​ក្នុង​តុលាការ​ជា​អ្វី​ដែរ​ទៅ​?​ ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ ប៉ុស្ដិ៍ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ឡោ គីមហ្គិច ជា​ក្រុម​មេធាវី អាស៊ាន​អន្តរជាតិ​ដែលមាន​អាសយដ្ឋាន ផ្ទះ​លេខ ១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ដូច​ម៉េច​ដែល​ហៅថា មោឃភាព​នីតិវិធី​ក្នុង​ប្រព័ន្ធ​តុលាការ​? ​តើ​នីតិវិធី​នេះ គេ​ប្រើ​បាន​នៅពេល​ណា​ដែរ​?

ពាក្យ​ថា មោឃភាព​នីតិវិធី​ក្នុង​ប្រព័ន្ធតុលាការ​គឺ​សំដៅលើ​ភាគី​មិន​ទទួល​ទៅលើ​កំណត់​ហេតុ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​រឿង​បទល្មើស​ណាមួយ​។ ​ឧទាហរណ៍​ថា នគរបាល​យុត្តិធម៌​បាន​ចាប់​ជន​ណា​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​។ បន្ទាប់ពី​ចាប់ខ្លួន​លោក​ (​ក​) ​មក​នគរបាល​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​។ ប៉ុន្តែ​ការចាប់ខ្លួន​លោក​ (​ក​) ​នេះ នគរបាល​ក៏​មិនបាន​សុំ​គោលការណ៍ ឬក៏​រាយការណ៍​មក​តុលាការ​ដែរ ហើយ​គាត់​បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​ថា​គាត់​ចាប់​ជនសង្ស័យ​តាមរយៈ​លេខ​ទូរស័ព្ទ​ព្រោះថា សំឡេង​ក្នុង​ទូរស័ព្ទ​ជា​សំឡេង​របស់លោក​ (​ក​) តែ​ពេលដែល​នគរបាល​ស្តាប់​សំឡេង​ទូរស័ព្ទ​គាត់​មិនបាន​ឱ្យ​តុលាការ​ដែលមាន​ព្រះរាជអាជ្ញា​ ឬ​ចៅក្រម​ស៊ើបសួរ​ចូលរួម​ស្តាប់​ផង​ទេ​។ ត្រង់ចំណុច​នេះហើយ​ពេលទៅដល់​តុលាការ​គឺ​ជនសង្ស័យ​មាន​សិទ្ធិ​ប្តឹង​មោឃភាព​ទៅនឹង​កំណត់ហេតុ​របស់​នគរបាល​នោះបាន ព្រោះថា​កំណត់ហេតុ​របស់​មន្ត្រីនគរបាល​នោះ​កសាង​ឡើង​ដោយ​មិនបាន​ចូលរួម​ពី​តុលាការ​៕