តាម​ការកត់សម្គាល់ ការផ្សព្វផ្សាយ​​រូបភាព​ជនសង្ស័យ​ដោយ​បើកចំហ​ជា​​សាធារណៈ មុនពេល​មាន​សាលក្រម ឬ​​សាលដីកា​ស្ថាពរ​ពី​តុលាការ​ត្រូវបាន​គេ​យកមក​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជារឿយៗ​ដោយ​មិន​ទាំង​បានដឹងថា ជន​នោះ​មាន​ទោស​ ឬ​​គ្មាន​ទោស​ផង​។ ចង់ដឹងថា តើ​ការផ្សព្វផ្សាយ​បែបនេះ​ត្រឹមត្រូវ ឬមួយ​យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី​ លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមាថា លោក ​(​ក​)​ បាន​ប្រព្រឹត្ត​បទល្មើស ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​។ ​ក្នុងអំឡុងពេល​ឃាត់ខ្លួន​នោះ​អ្នក​សារព័ត៌មាន​បាន​ថតរូប​គាត់​ហើយ​ចុះផ្សាយ​ដោយ​មិនបាន​បិទបាំង​មុខ​គាត់​ឡើយ​។ ​តើ​ការមិន​បិទបាំង​មុខ​បែបនេះ​ត្រឹមត្រូវ​ដែរ​ទេ​?

ជាគោលការណ៍​គ្មាន​ជនណាម្នាក់​ត្រូវ​បាន​សន្មត​ជាមុន​ថា មានទោស​នោះទេ ដរាបណា​មិនទាន់មាន​សាលក្រម ឬ​​សាលដីកា​ស្ថាពរ​ពី​តុលាការ ដូច្នេះ​បើ​​ពួកគាត់​មិនទាន់​មានទោស​ពុំគួរ​គប្បី​បង្ហាញ​​មុខ​គាត់​ជា​ចំហ​ដោយ​មិនមាន​ការបិទបាំង​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្រៅ​បេតិកភណ្ឌ​របស់​ពួកគាត់​។

ចុះបើ​លោក​​ (​ក​)​ ត្រូវបាន​តុលាការ​ផ្តន្ទាទោស តើ​ការចុះផ្សាយ​អាច​មិន​បិទបាំង​មុខ​គាត់​បានទេ​?

ពាក់ព័ន្ធ​នឹង​ការបិទបាំង​មុខ ឬ​មិន​បាន​បិទបាំង​មុខ​ចំពោះ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ច្បាប់​មិនបាន​កំណត់ឱ្យ​ជាក់លាក់​នោះទេ តែ​វា​ជា​បញ្ហា​ក្រមសីលធម៌​វិជ្ជាជីវៈ​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ដែល​គប្បី​គួរតែ​គោរព​។ ប៉ុន្តែ​ប្រសិនបើ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ជា​អនីតិជន យោងតាម​មាត្រា ២៣ នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​បាន​ការពារ​ពួកគាត់​ដោយ​មិនឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ដាក់​បង្ហាញ​មុខជា​ជួរ​ឡើយ ក្នុង​ករណី​ដែល​គ្មាន​ការយល់​ព្រម​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​មេធាវី អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​។ ​ចំពោះ​បញ្ហា​បង្ហាញមុខ​ និង​ឈ្មោះ​របស់​ជន​ដែល​ត្រូវ​ដោះលែង​នោះ ត្រូវបាន​ចុះផ្សាយ​តាម​កាសែត ឬ​តាម​​បណ្តាញ​សង្គម​ហ្វេសប៊ុក​រួច​ទៅហើយនោះ សាមីខ្លួន​ ឬ​តំណាង​ស្របច្បាប់​អាច​ស្នើ​ទៅ​អ្នកសារព័ត៌មាន​ទាំងនោះ​ឱ្យ​​កែតម្រូវ​ដោយ​ផ្អែក​តាម​មាត្រា​ ១០​ នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។ ​ចំពោះ​ជន​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ និង​​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ ហើយ​ច្បាប់​មិនបាន​កំណត់ថា ត្រូវ​បិទបាំង​មុខ ឬ​មិន​បិទបាំង​នោះទេ ជារួម​បញ្ហា ការបិទបាំង​មុខ​នេះ​មិន​មានចែង​ក្នុង​​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​នោះទេ​។

ករណី​ស្រដៀង​គ្នា​នេះដែរ ឧបមាថា លោក​ (​ក​) ​ពីមុន​ជា​ពិរុទ្ធជន ក្រោយមក​គាត់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចប់ ត្រូវ​បាន​ដោះលែង​។ ​ប៉ុន្តែ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចុះផ្សាយ​រឿង​លោក ​(​ក​)​ ឡើងវិញ ដោយមាន​ទាំង​ដាក់​រូបគាត់​ផង​។ ​តើ​ករណីបែបនេះ​លោក​ (​ក​)​ ត្រូវ​ប្តឹង​អង្គភាព​នោះ​ពីបទ​បរិហារកេរ្តិ៍​បានទេ ព្រោះថា គាត់​លែងមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទៀតហើយ​នោះ​?

ករណីនេះ​បើជា​ព័ត៌មាន​ចាស់​ដែល​អង្គភាព​សារព័ត៌មាន​នោះ​ចុះផ្សាយ​រួច​​ទៅហើយ​ក្នុងអំឡុង​ព្រឹត្តិការណ៍​នោះ ហើយ​លោក ​(​ក​)​ អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចប់​ហើយ​ត្រូវបាន​ដោះលែង​ហើយ ប៉ុន្តែ​ត្រូវបាន​បុគ្គល​ណា​ម្នាក់​ធ្វើការ​ចែករំលែក​ជាថ្មី​ដោយមាន​គំនិត​ទុច្ចរិត​ចង់ឱ្យមាន​ការយល់ច្រឡំ ញុះញង់​​ជាអាទិ៍ បុគ្គល​នោះ​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​ករណី​អង្គភាព​សារព័ត៌មាន​នោះ​ចុះផ្សាយ​អត្ថបទ​នោះ​ម្តងទៀត​ជាថ្មី​ក្នុងន័យ​មួយ​ដែល​ធ្វើឱ្យ​សាធារណ​ជន​មាន​ការយល់ច្រឡំ​ នោះ​អង្គភាព​ ឬ​ស្ថាប័ន​សារព័ត៌មាន​នោះ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែល​ចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​រួម​នឹង​ក្រមព្រហ្មទណ្ឌ​ផងដែរ​។

ចុះ​ប្រសិនបើ​ពិរុទ្ធ​ជនណាម្នាក់​បាន​រួច​ទណ្ឌកម្ម​ទោស​ហើយ ហើយ​គាត់​ចង់​ចូល​បម្រើ​ការងារ​រដ្ឋ​ ឬ​ក្រុមហ៊ុន​ឯកជន​តើ​បានទេ​? ចុះបើ​មិនបាន​ត្រូវធ្វើ​យ៉ាងណា​?

ជាគោលការណ៍​បើ​គាត់​ប្រព្រឹត្ត​បទល្មើស​ហើយ​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ និង​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ហើយ​នោះ​គឺ​ឈ្មោះ​គាត់​នឹងត្រូវ​បញ្ជូនទៅ​ក្រសួងយុត្តិធម៌​ហើយ​ក្រសួង​យុត្តិធម៌​ជា​អ្នកមាន​សមត្ថកិច្ច​ក្នុង​​ការបញ្ជាក់​លើ​ជន​ណាមួយ​ថា គាត់​ធ្លាប់​ជាប់ទោស​ពីមុន​ ឬក៏​អត់ ហើយ​ដើម្បី​អាច​ទទួលបាន​នូវ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ គឺ​ស្ថាប័ន​ទាំងនោះ​គឺ​តែងតែ​តម្រូវឱ្យមាន​លិខិត​ថ្កោលទោស​ដែល​បញ្ជាក់​ជន​នោះ​គ្មាន​ទោស​ពីមុនមក នេះ​គឺជា​បុរេលក្ខខណ្ឌ​របស់​ស្ថាប័នរដ្ឋ​ ដើម្បី​អាច​ចូល​បម្រើ​ការងារ​បាន​។

ថ្វីដ្បិតតែ​គាត់​មិនអាច​បម្រើ​ការងារ​រដ្ឋ ប៉ុន្តែ​នៅក្នុង​វិស័យ​ឯកជន ក្រុមហ៊ុន​ជាទូទៅ​លិខិត​ថ្កោលទោស​មិនមែន​ជា​ភាព​ដាច់​ណាត់​នោះទេ អ្វីដែល​សំខាន់​ក្រោយ​ពេលដែល​គាត់​ចេញពី​ពន្ធនាគារ​​រួច​គាត់​អាចមាន​ចំណេះ​ និង​ជំនាញ​ពិតប្រាកដ​គឺអាច​ទទួលបាន​ការងារ​ល្អ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​៕