ទាក់ទង​នឹង​ប្រធានបទ​នៃ​ការរួមភេទ និង​ទោសទណ្ឌ​នៃ​ការបង្ខំ​ឱ្យ​នរណាម្នាក់​រួមភេទ ឬ​បង្ខំ​ក្មេង​មិនទាន់​គ្រប់​អាយុ​ឱ្យ​រួមភេទ​នេះ លោក​មេធាវី ផុន ធារិន នៃ​ការិយាល័យ​មេធាវី ផុន ធារិន ដែលមាន​អាសយដ្ឋាន​នៅ​បុរី​ឌឺមេគង្គ​រ៉ូយ៉ាល់​ផ្ទះ​លេខ​ ៧១ ផ្លូវ M08 ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​បាន​ចូលមក​ធ្វើការ​ពន្យល់​ពី​ខ្លឹមសារ​ច្បាប់ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

ឧទាហរណ៍ បើ​បុរស​ណា​ម្នាក់​បានរួម​ភេទ​ជាមួយ​ស្ត្រី​គ្រប់​អាយុ​ដោយ​មាន​ការព្រមព្រៀង​គ្នា ប៉ុន្តែ​ក្រោយមក​ភាគី​ស្ត្រី​ប្តឹង​បុរស​ម្នាក់​នោះ​។ បើ​មានការ​ប្តឹង​បែបនេះ តើ​ភាគី​បុរស​នឹងត្រូវ​មានទោស​ទេ ខណៈ​ដែល​ការរួមភេទ​នោះ កើតឡើង​ដោយសារ​ការព្រមព្រៀងគ្នា​?

នៅក្នុង​ករណី​ខាងលើនេះ ប្រសិនបើ​បុរស​ម្នាក់​បាន​រួមភេទ​ជាមួយ​ស្រី្ត​គ្រប់​អាយុ​ម្នាក់ ដោយ​កើតចេញពី​ការព្រមព្រៀង​គ្នា នោះ​មិនមែន​ជា​បទល្មើស​ឡើយ​។ ផ្ទុយ​មកវិញ​ក្នុង​ករណី​ពេលណា​មួយ មិនមាន​ការព្រមព្រៀង​គ្នា​ក្នុង​ការរួមភេទ​កើតឡើង​ដោយ​ការបង្ខិតបង្ខំ ឬ​ការប្រើប្រាស់​ហិង្សា គឺជា​បទល្មើស​រំលោភ​សេពសន្ថវៈ​។

តើ​ការរួមភេទ​ប្រព្រឹត្ត​ទៅលើ​ក្មេង​មិនទាន់​គ្រប់​អាយុ និង​ការរួមភេទ​ប្រព្រឹត្ត​ទៅលើ​ស្ត្រី​គ្រប់​អាយុ ឬ​ជា​មនុស្សពេញវ័យ តើ​ច្បាប់​មាន​ការដាក់​ទោសទណ្ឌ​ខុសគ្នា​បែបណា​?

ផ្អែក​តាម​មាត្រា​ ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា នីតិភាព​នៃ​ការរួមភេទ​ត្រូវបាន​កំណត់​ចាប់ពី​អាយុ​ ១៥​ ឆ្នាំ​ឡើង​។ ផ្ទុយ​មកវិញ ផ្អែក​តាម​មាត្រា ៤២ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ចែងថា ជន​ណា​រួមភេទ​ជាមួយ​ជន​ដទៃ ដែលមាន​អាយុ​តិចជាង​ ១៥​ ឆ្នាំ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ​៥ ​ឆ្នាំ​ដល់​ ១០ ​ឆ្នាំ​។

យោងតាម​ការចង្អុលបង្ហាញ​ខាងលើ​ភាព​ពេញវ័យ​តាមផ្លូវ​ច្បាប់ ចំពោះ​ការរួម​ភេទ​ត្រូវបាន​កំណត់​ចាប់ពី​អាយុ ​១៥ ​ឆ្នាំ​ឡើង​។ ដោយឡែក ការ​រួមភេទ​ទាំងឡាយ​ដែល​កើតចេញពី​ការប្រើប្រាស់​អំពើហិង្សា ការ​បង្ខិតបង្ខំ ការគំរាមកំហែង ឬ​ការប្រើ​ល្បិចកល​ណាមួយ​លើ​ដៃគូ ដើម្បី​បានរួម​ភេទ​ជា​អំពើ​រំលោភ​សេពសន្ថវៈ​ដែល​ច្បាប់​ត្រូវ​ផ្តន្ទាទោស​ជនល្មើស ដាក់​ពន្ធនាគារ​ចន្លោះ​ពី​ ៥ ​ឆ្នាំ ទៅ ​១០ ​ឆ្នាំ​។

ករណី​រួមភេទ​ប្រសិនបើ​កើតឡើង​លើ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ តើ​នាង​អាច​ប្តឹងទៅ​នគរបាល​ដោយ​ខ្លួន​នាង​ផ្ទាល់​បានទេ​? ប្រសិនបើ​មិនបាន តើ​នរណា​អាច​ធ្វើជា​តំណាង​ប្តឹង​ជំនួស​បាន​?

ក្នុង​ករណីនេះ ក្មេង​ខ្លួនឯង ឪពុកម្តាយ អាណាព្យាបាល សាច់ញាតិ ឬ​អ្នកជិតខាង សុទ្ធតែ​អាច​ប្តឹង​ដោយផ្ទាល់​មាត់ ឬ​លាយលក្ខណ៍អក្សរ​ទៅ​មេឃុំ កិច្ចការ​នារី​ឃុំ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ មន្ត្រីនគរបាល​យុត្តិធម៌​មូលដ្ឋាន ឬ​តុលាការ ដើម្បី​កសាង​សំណុំរឿង និង​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​លើ​ជនល្មើស​បាន​។

ចុះបើ​ក្មេង​បាន​ព្រមព្រៀង​រួមភេទ​ជាមួយ​ដៃគូ តើ​បុរស​នោះ​មានទោស​ទេ​?

ក្នុងករណី​ក្មេង​មាន​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ​ឡើង បាន​ព្រមព្រៀង​ដោយ​ស្ម័គ្រចិត្ត នោះ​បុរស​ជា​ដៃគូ​មិនមាន​ពិរុទ្ធភាព​ទេ ដោយ​យោងតាម​មាត្រា​ ២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ផ្ទុយ​មកវិញ ទោះបី​មានការ​យល់ព្រម​ដោយ​ប្រការ​ណាមួយ​ពី​កុមារ​ដែលមាន​អាយុ​ក្រោម​ ១៥​ ឆ្នាំ​នោះ​ត្រូវបាន​ចាត់ទុក​ថា បាន​ប្រព្រឹត្ត​អំពើ​ព្រហ្មទណ្ឌ ដោយ​យោង​តាម​ត្រា​ ៤២ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​៕