
លោក យុង ផានិត ក្រុមមេធាវីច្បាប់ និងពិគ្រោះយោបល់មានការិយាល័យផ្ទះលេខ ២១១០B។ រូប សហការី
ដើម្បីបានជ្រាបច្បាស់ពីផ្លូវច្បាប់ទាក់ទងនឹងបណ្តឹងអាជ្ញាបណ្តឹងព្រហ្មទណ្ឌ និងបណ្តឹងរដ្ឋប្បវេណី លោក យុង ផានិត ក្រុមមេធាវីច្បាប់ និងពិគ្រោះយោបល់ មានការិយាល័យផ្ទះលេខ ២១១០B ផ្លូវជាតិលេខ ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានធ្វើការបកស្រាយដែលមានខ្លឹមសារដូចតទៅ៖
តើរវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណីមួយណាមានអត្ថិភាពជាង? ហើយអ្នកដែលធ្វើបណ្តឹងអាជ្ញាបានជានរណា?
នៅក្នុងរឿងក្តីព្រហ្មទណ្ឌមួយតែងតែបង្កើតបានជាបណ្តឹង ២ គឺបណ្តឹងអាជ្ញា ឬបណ្តឹងព្រហ្មទណ្ឌ និងបណ្តឹងរដ្ឋប្បវេណី។ បណ្តឹងព្រហ្មទណ្ឌ ឬបណ្តឹងអាជ្ញាជាបណ្តឹងមានអត្ថិភាពព្រោះបណ្តឹងអាជ្ញាវាពាក់ព័ន្ធសណ្តាប់ធ្នាប់ សន្តិសុខសង្គម រីឯបណ្តឹងរដ្ឋប្បវេណី វាទាក់ទងនឹងព្យសនកម្មទៅលើបុគ្គល (ជួសជុលការខូចខាត,ខូចខាតផ្លូវចិត្ត,ទ្រព្យសម្បត្តិ ជាដើម)។ អ៊ីចឹងក្នុងរឿងព្រហ្មទណ្ឌអត្ថិភាពធំជាងគេគឺបណ្តឹងអាជ្ញាពោលគឺទាល់តែមានបណ្តឹងអាជ្ញាទើបកើតមានបណ្តឹងរដ្ឋប្បវេណី។ ក្នុងរឿងព្រហ្មទណ្ឌមានបណ្តឹង ២ មែន ប៉ុន្តែទាល់តែមានបណ្តឹងអាជ្ញាទើបបានកើតមានបណ្តឹងរដ្ឋប្បវេណីមានន័យថា ទាល់តែមានបទល្មើសទើបមានការខូចខាត។ នៅពេលកើតមានបទល្មើសអ្វីមួយជនរងគ្រោះជាអ្នកប្តឹងមែនក៏ប៉ុន្តែគាត់មិនមែនជាម្ចាស់បណ្តឹងអាជ្ញាឡើយ មានតែព្រះរាជអាជ្ញាទេ ដែលជាម្ចាស់បណ្តឹងអាជ្ញា។
យោងមាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ញត្តិថា មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។ ហេតុដូច្នេះ ព្រះរាជអាជ្ញាគឺជាម្ចាស់បណ្តឹងអាជ្ញា ហើយក៏ជាអ្នកមានសិទ្ធិនៃការធ្វើបណ្តឹងអាជ្ញា។
សូមលោកជួយពន្យល់ពីភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ?
យោងមាត្រា ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី គឺជាបណ្តឹង ២ ផ្សេងគ្នា។ បណ្តឹងអាជ្ញាមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសបង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។ បណ្តឹងរដ្ឋប្បវេណីមានគោលបំណងធ្វើឱ្យបានជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងនេះឱ្យជនរងគ្រោះបានទទួលសំណងជំងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល។
ឧបមាថា មានបទល្មើសមួយបានកើតឡើងទៅលើលោក (ក) ដែលគាត់ជាជនរងគ្រោះតើស្របពេលនោះលោក (ក) គាត់មានសិទ្ធិប្តឹង និងធ្វើជាម្ចាស់បណ្តឹងអាជ្ញាបានដែរឬយ៉ាងណា?
នៅពេលកើតមានបទល្មើសណាមួយទៅលើលោក (ក) គឺស្របពេលជាមួយគ្នានោះ គាត់មានសិទ្ធិធ្វើបណ្តឹងទៅលើភាគីបង្កបានក៏ប៉ុន្តែបណ្តឹងរបស់គាត់ ជាបណ្តឹងបរិហារ ដើម្បីឱ្យដឹងថា បទល្មើសដែលបានកើតឡើងនោះជារឿងព្រហ្មទណ្ឌ ឬជារឿងរដ្ឋប្បវេណី។ តែលោក (ក) នៅតែមិនមែនជាម្ចាស់បណ្តឹងអាជ្ញាឡើយ។ លុះពេលបណ្តឹងដល់ដៃព្រះរាជអាជ្ញាបើលោកពិនិត្យទៅឃើញថា បទល្មើសនោះជារឿងបទល្មើសព្រហ្មទណ្ឌ គឺលោកនឹងតាំងខ្លួនជាម្ចាស់បណ្តឹងអាជ្ញាតែម្តង។
តើនគរបាលយុត្តិធម៌ជាសេនាធិការរបស់ព្រះរាជអាជ្ញា និងត្រូវតែរាយការណ៍រាល់បទល្មើសទៅព្រះរាជអាជ្ញាឬ?
មន្ត្រីនគរបាលយុត្តិធម៌ គឺជាសេនាធិការរបស់ព្រះរាជអាជ្ញា ហើយរាល់របាយការណ៍បទល្មើសត្រូវរាយការណ៍ទៅព្រះរាជអាជ្ញា ពោលគឺត្រូវឆ្លងទៅម្ចាស់បណ្តឹងអាជ្ញា។ អ៊ីចឹងពេលណាកើតមានបទល្មើស គឺមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែរាយការណ៍ទៅព្រះរាជអាជ្ញាភ្លាម ក្រោយពីបានធ្វើការស៊ើបអង្កេត។ នៅពេលព្រះរាជអាជ្ញាធ្វើការពិនិត្យទៅលើរបាយការណ៍ឃើញថា វាជារឿងរដ្ឋប្បវេណី អ៊ីចឹងលោកមិនតាំងខ្លួនជាម្ចាស់បណ្តឹងអាជ្ញាទេហើយតម្កល់រឿងនោះឥតចាត់ការ។
តើមានមាត្រាច្បាប់ណាខ្លះដែលចែងបញ្ជាក់ពីបញ្ហានេះ?
យោងមាត្រា ៧៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា មន្ត្រីនគរបាលដែលទទួលពាក្យបណ្តឹងនោះ ត្រូវតែចាប់ផ្តើមភ្លាមៗធ្វើការស៊ើបអង្កេត ឬក៏បញ្ជូនកំណត់ហេតុ ស្តីពីការដាក់ពាក្យបណ្តឹងនោះទៅព្រះរាជអាជ្ញាដើម្បីចាត់ការ។ មន្ត្រីនគរបាលយុត្តិធម៌មុនធ្វើការស៊ើបអង្កេតអាចសុំសេចក្តីណែនាំពីព្រះរាជអាជ្ញា។ កាលណាមន្ត្រីនគរបាលបានទទួលពាក្យបណ្តឹងបរិហារដែលមានបង្ហាញមូលហេតុជាក់ច្បាស់ សមហេតុផល មន្ត្រីនគរបាលយុត្តិធម៌ ត្រូវជូនព័ត៌មានដល់ព្រះរាជអាជ្ញា និងសុំការណែនាំ។
ចំពោះមាត្រា ៧៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌដដែលថា ក្នុងករណីណាក៏ដោយមន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានទេ ទោះបីជាក្រោយពីការសម្រុះសម្រួលគ្នារវាងជន-ល្មើស និងជនរងគ្រោះ ឬក៏មានការដកពាក្យបណ្តឹងក៏ដោយ។ មន្ត្រីនគរបាលយុត្តិធម៌ ដែលរក្សាទុកកំណត់ហេតុ ឬវត្ថុតាងដោយចេតនា ឬក៏លាក់បំបាំងដល់អាជ្ញាធរតុលាការអំពីអត្ថិភាពនៃកំណត់ហេតុ ឬវត្ថុតាងត្រូវចាត់ទុកថា មន្ត្រីនគរបាលនោះបានប្រព្រឹត្តបទល្មើសដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកវត្ថុតាង៕