នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​មាន​ឪពុកម្ដាយ​ខ្លះ​បានសម្រេច​កាត់កាល់​កូន​ខ្លួនឯង​ចោល​ដោយ​លើកយក​មូលហេតុ​ផ្សេងៗ​មក​អះអាង​ដូចជា កូន​នោះ​មិន​លុះ​តាម​ការ​ទូន្មាន​របស់​ពួកគាត់ ឬក៏​ឈានទៅ​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេងៗ​ផ្ទុយ​នឹង​ច្បាប់ ដែល​មិនអាច​គ្រប់គ្រង​បាន​។ រីឯ​មធ្យោបាយ​ដែល​ឪពុកម្ដាយ​តែង​ធ្វើ​គឺ​ការជូន​ដំណឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន កាសែត ទស្សនាវដ្ដី វិទ្យុ បណ្ដាញ​សង្គម ឬ​មាន​ករណីខ្លះ​បាន​ទៅធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​ប្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​ដឹងឮ​​ជាដើម​...​។

ចង់ដឹងថា តើ​ការកាត់កាល់​កូន​គឺមាន​ចែង​ក្នុង​​ច្បាប់​ដែរឬទេ​? ​ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ លេខ​ ៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​តាមរយៈ​សំណួរ​ដូចខាងក្រោម៖

តើ​បច្ចុប្បន្ន កម្ពុជា​យើង​មានច្បាប់​ចែង​ស្តីពី​ការ​កាត់កាល់​កូន​ចោល​ដែរឬទេ​?

បច្ចុប្បន្ន​កម្ពុជា​យើង​មិនមាន​ច្បាប់​ចែង​ស្តីពី​ការ​កាត់កាល់​រវាង​កូនបង្កើត និង​ឪពុកម្តាយ​បង្កើត​វិញ​នោះទេ គឺ​ច្បាប់​មិន​ទទួលស្គាល់​ចំពោះ​ការ​កាត់កាល់​នេះ​ទេ​។

តើ​ឪពុកម្តាយ​មាន​សិទ្ធិ​តាមផ្លូវ​ច្បាប់​ក្នុងការ​កាត់កាល់​កូន​របស់ខ្លួន​ចោល​ដែរ​ទេ​?

ក្នុង​ករណីនេះ ឪពុកម្តាយ​អាច​ធ្វើការ​កាត់កាល់​បានតែ​នៅក្នុង​លក្ខណៈ​ស្មុំ​កូន​ពេញលេញ និង​ស្មុំ​កូន​ធម្មតា​ប៉ុណ្ណោះ​ ប្រសិនបើ​កូន​នៅក្នុង​បន្ទុកគ្រួសារ​មិនបាន​ស្តាប់​ដំបូន្មាន​ឪពុកម្តាយ​ដោយ​ផ្អែក​តាម​ខ្លឹមសារ​ច្បាប់​មាត្រា​ ១ ០១៦ និង​មាត្រា​ ១ ០២៨ នៃ​ក្រម​រដ្ឋប្បវេណី គឺជា​ការ​ផ្តាច់​ទំនាក់ទំនង​ញាតិ​រវាង ស្មុំកូន​ពេញលេញ​ ឬ​ស្មុំ​កូន​ធម្មតា និង​ឪពុកម្តាយ​ចិញ្ចឹម ហើយ​ការសម្រេច​ផ្តាច់ទំនាក់ទំនង​ញាតិ​នេះ​ទៀតសោត​គឺ​ចាំបាច់​ត្រូវធ្វើឡើង​តាម​សេចក្តី​សម្រេច​របស់​តុលាការ បន្ទាប់ពី​មាន​សេចក្តី​សម្រេច​ពី​តុលាការ​ហើយ​ទំនាក់ទំនង​ញាតិ​របស់​ស្មុំកូន​ពេញលេញ​ ឬ​ស្មុំ​កូន​ធម្មតា និង​ឪពុកម្តាយ​បង្កើត​របស់​ពួកគេ អាច​ផ្សារភ្ជាប់​ជាមួយ​គ្នា​ឡើងវិញ​បាន​។

តើ​ឪពុកម្តាយ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​កាត់កាល់​កូន​របស់ខ្លួន​ចោល​?

ឪពុកម្តាយ​មិនអាច​ធ្វើការ​កាត់កាល់​កូន​របស់ខ្លួន​ចោល​ដោយហេតុថា ច្បាប់​មិន​ទទួល​ស្គាល់ ដោយ​ទំនាក់ទំនង​ញាតិ​រវាង​កូនបង្កើត និង​ឪពុក​ម្តាយបង្កើត នៅតែមាន​ដដែល ហើយ​នៅ​សង្គម​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​មាន​ឪពុកម្តាយ​មួយចំនួន​បានធ្វើការ​កាត់កាល់​កូន​របស់ខ្លួន តាមរយ:​ការចុះ​កាសែត វិទ្យុ ទូរទស្សន៍ ឬ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​គឺ​គោលបំណង​ធំ​បំផុត​របស់​ឪពុក​ម្តាយបង្កើត មិន​ចង់ឱ្យមាន​ការពាក់ព័ន្ធ​នឹង​ទទួល​ខុសត្រូវ​នូវ​អំពើ​អនីត្យានុកូល​របស់​កូន​, មិន​ចង់ឱ្យ​កូន​ទទួល​មរតក​ជាដើម តែ​ការ​កាត់កាល់​បែបនេះ​គឺ​មិនមាន​លក្ខណ:​ត្រឹមត្រូវ ឬ​មាន​អនុភាព​តាម​​ផ្លូវច្បាប់​នោះទេ​។

ចំពោះ​អំពើ​របស់​កូន​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​អ្វីមួយ​ដែល​ផ្ទុយ​នឹង​ផ្លូវច្បាប់​នោះ ប្រសិនបើ​កូន​នោះ​ជា​អនីតិជន​មាន​អាយុ​ក្រោម​ ១៨​ ឆ្នាំ គឺ​កូន​នោះ​គឺ​ត្រូវ​ស្ថិតនៅក្រោម​អំណាច​មេបា​របស់​ឪពុកម្តាយ​នៅឡើយ ដូច្នេះ​ឪពុកម្តាយ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​របស់​កូន​ខ្លួន​ដែល​បានធ្វើឱ្យ​មានការ​ខូចខាត ឬ​បាត់បង់​ផល​ប្រយោជន៍​ដល់​អ្នកដទៃ​។ ​តែ​ផ្ទុយ​មកវិញ​បើ​កូន​នោះ​ជា​នីតិជន​ដែលមាន​អាយុ​លើសពី​ ១៨ ​ឆ្នាំ​ឡើង​​ទៅ គឺ​កូន​របស់គាត់​ត្រូវបាន​ច្បាប់​ចាត់ទុកថា​មាន​សមត្ថភាព​យល់ដឹង​ហើយ​ត្រូវ​ទទួល​ខុស​នូវ​អំពើ​របស់ខ្លួន ទាំង​សំណង​រដ្ឋប្បវេណី និង​រឿង​ព្រហ្មទណ្ឌ ព្រោះថា ឪពុកម្តាយ លែងមាន​ករណីយកិច្ច​ទទួល​ខុសត្រូវ​នូវ​អំពើ​ខុសច្បាប់​របស់​កូន​ខ្លួន​ទៀតហើយ​។

តើ​កូន​មាន​សិទ្ធិ​ប្តឹងតវ៉ា​បានដែរ​ទេ នៅពេល​ដែល​ឪពុកម្តាយ​របស់ខ្លួន​ប្រកាស​កាត់កាល់​ខ្លួន​ចោល​?

កូនបង្កើត​មិនចាំបាច់​ធ្វើការ​ប្តឹងតវ៉ា​អ្វី​នោះទេ នៅពេល​ដែល​ឪពុកម្តាយ​របស់ខ្លួន​ប្រកាស​កាត់កាល់​ខ្លួន​ចោល​ដោយ​​ហេតុថា ច្បាប់​នៅតែ​ទទួលស្គាល់​ដោយ​ទំនាក់ទំនង​ញាតិ​​រវាង​កូនបង្កើត និង​ឪពុកម្តាយ​បង្កើត​ដដែល​៕