ជារឿយៗយើងតែងឃើញករណីលែងលះប្ដីប្រពន្ធខ្លះបានធ្វើឡើងដោយគ្រាន់តែដាក់ពាក្យបណ្ដឹង ឬលិខិតទៅអាជ្ញាធរដែនដី ដើម្បីសុំការដឹងឮរួចក៏បែកផ្លូវគ្នាទាំងមិនបានដឹងពីដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីលើរឿងពួកគេផងទេ។ ចង់ដឹងថា តើអាជ្ញាធរដែនដីមានសិទ្ធិសម្រេចលើរឿងនេះដែរឬទេ? ជុំវិញចម្ងល់នេះភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី ផុន ធារិន បម្រើការនៅការិយាល័យមេធាវី ផុន ធារិន ដែលមានការិយាល័យនៅបុរីឌឺមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានខ្លឹមសារដូចតទៅ៖
លោក (ក) មានបំណងលែងលះប្រពន្ធហើយគាត់ប្តឹងត្រឹមអាជ្ញាធរឃុំ-សង្កាត់-ស្រុក-ខណ្ឌ។ តើអាជ្ញាធរដូចបានរៀបរាប់មកនេះមានអំណាចក្នុងការសម្រេចសេចក្តីលើបណ្តឹងនេះបានទេ? បើមិនបានមូលហេតុអ្វី?
ប្រសិនបើលោក (ក) មានបំណងលែងលះជាមួយប្រពន្ធរបស់គាត់ ហើយគាត់បានប្ដឹងត្រឹមអាជ្ញាធរឃុំ-សង្កាត់-ខណ្ឌ នោះ អាជ្ញាធរទាំងនេះមិនមានសមត្ថកិច្ចលើការសម្រេចតាមពាក្យបណ្ដឹងរបស់លោក (ក) បាននោះទេ។
ករណីនេះអាជ្ញាធរឃុំសង្កាត់អាចធ្វើការបញ្ចុះបញ្ចូលឱ្យសះជាគ្នាអំឡុងពេល ១៥ ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំនោះ។ បើមិនអាចបញ្ចុះបញ្ចូលឱ្យសះជាបានទេ ត្រូវចាត់ទុកថា មានពាក្យបណ្ដឹងលែងលះគ្នា ហើយក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបញ្ជូនពាក្យបណ្ដឹងនោះទៅតុលាការជាបន្ទាន់ (យោងតាមមាត្រា ៩៨២ នៃក្រមរដ្ឋប្បវេណី)។
ហេតុអ្វីបានជាតុលាការមានសិទ្ធិអំណាចសម្រេចលើបណ្តឹងនេះបាន?
ផ្អែកតាមមាត្រា ១០ កថាខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បវេណី បណ្តឹងលែងលះគ្នា ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់របស់សាលាដំបូងដែលមានសមត្ថកិច្ចនៅលំនៅឋានរបស់ភាគីនៃទំនាក់ទំនងឋានៈបុគ្គលដែលពាក់ព័ន្ធនឹងបណ្តឹងលែងលះនោះ។
ប្រសិនបើតុលាការសម្រេចឱ្យបុរសជាប្តីត្រូវចេញអាហារកិច្ច ដើម្បីចិញ្ចឹមកូន។ តើត្រូវកំណត់ចាប់ពីអាយុប៉ុន្មានដល់អាយុប៉ុន្មាន ទើបបុរសជាឪពុកឈប់ផ្តល់អាហារកិច្ចចិញ្ចឹមកូន?
ហើយហេតុអ្វីបានជាច្បាប់តម្រូវឱ្យឈប់ផ្តល់អាហារកិច្ចត្រឹមអាយុដែលច្បាប់កំណត់?
ប្រសិនបើតុលាការសម្រេចឱ្យបុរសជាប្តីត្រូវចេញអាហារកាតព្វកិច្ចចិញ្ចឹមកូននោះ ការអនុវត្តកាតព្វកិច្ចត្រូវបង់អាហារកាតព្វកិច្ច កំណត់ចាប់ពីពេលដែលតុលាការបានចេញសាលក្រមសម្រេចលែងលះស្ថាពររហូតដល់កូននោះមាននីតិភាព (អាយុ ១៨ ឆ្នាំ) ទើបឪពុកមានសិទ្ធិបញ្ឈប់កាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់អាហារកិច្ចចិញ្ចឹមកូន។
ច្បាប់តម្រូវឱ្យឈប់ផ្ដល់អាហារកាតព្វកិច្ចនៅពេលដែលបុគ្គលនោះមាននីតិភាព(អាយុ ១៨ ឆ្នាំ) ដោយហេតុថា បុគ្គលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ និងមានការយល់ដឹងអាចទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួនឯងបាន។
ចុះបើតុលាការបង្គាប់ឱ្យបុរសជាប្តីចេញរបបអាហារកិច្ចចិញ្ចឹមកូនតែបុរសនោះមិនបានអនុវត្តតាម តើភាគីស្ត្រីអាចប្តឹងបុរសនោះទៅតុលាការស្តីពីការមិនផ្តល់អាហារកិច្ចបានដែរឬទេ?
បើតុលាការចេញសាលក្រមសម្រេចឱ្យបុរសជាប្តីបង់អាហារកាតព្វកិច្ចចិញ្ចឹមកូនតែបុរសជាប្តីមិនបានអនុវត្តតាមការសម្រេចរបស់តុលាការ ស្ត្រីជាម្ដាយ ឬអាណាព្យាបាលអាចប្តឹងបុរសនោះទៅតុលាការបាន ដោយផ្អែកតាមមាត្រា ៣២៤ នៃក្រមព្រហ្មទណ្ឌ ការមិនគោរពតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ក្នុងរយៈពេល ២ ខែ យ៉ាងតិចនូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួនដល់កូនជាអនីតិជនដល់បច្ចាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល៕