
លោកមេធាវី យុង ផានិត កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទាំងនៅក្នុងសំណុំរឿងក្ដីក្ដាំភាគច្រើនបំផុត តែងមានមេធាវីការពារដល់គូវិវាទរៀងៗខ្លួន។ ចង់ដឹងថា តើហេតុអ្វីចាំបាច់មានមេធាវីការពារក្ដី? ដើម្បីឆ្លើយតបនឹងចម្ងល់នេះ ភ្នំពេញប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី យុង ផានិត ជាក្រុមមេធាវីច្បាប់ និងពិគ្រោះយោបល់ដែលមានការិយាល័យបម្រើការនៅផ្ទះលេខ ២១១០B ផ្លូវជាតិលេខ ៥ សង្កាត់ ស្រះចក ខណ្ឌដូនពេញ តាមរយៈសំណួរដូចខាងក្រោម៖
តើមេធាវីជាអ្វី និងមានតួនាទីអ្វីខ្លះក្នុងប្រព័ន្ធច្បាប់?
មេធាវី គឺជាអ្នកច្បាប់ដែលប្រកបវិជ្ជាជីវៈសេរីហើយឯករាជ្យ។ មេធាវី គឺត្រូវបានបង្កើតឡើងដើម្បីចូលរួមបម្រើវិស័យយុត្តិធម៌ ហើយមេធាវីអាចប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះ។ យោងមាត្រា ២ នៃច្បាប់លក្ខន្តិកៈមេធាវីចែងថា មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី ឬជួយការពារកូនក្តីនៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធី លើកលែងតែមានបទប្បញ្ញត្តិច្បាប់ចែងផ្ទុយពីនេះ ជាពិសេសក្នុងរឿង រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារសង្គមកិច្ច។ ក្នុងរឿងព្រហ្មទណ្ឌមេធាវីជួយការពារជនជាប់ចោទ ហើយមិនអាចតំណាងជនជាប់ចោទបានឡើយ លើកលែងតែក្នុងករណីអនុវត្តបទប្បញ្ញត្តិពិសេសេនៃច្បាប់។ មេធាវីអាចតំណាងអ្នកទទួលខុសត្រូវក្នុងបទរដ្ឋប្បវេណី និងដើមបណ្តឹងរដ្ឋប្បវេណីបាន។ មេធាវីអាចជួយការពារកូនក្តីបានដែរនៅចំពោះមុខក្រុមប្រឹក្សាវិន័យ។
ឧបមាថា លោក (ក) បានពឹងពាក់មេធាវីម្នាក់ ដើម្បីការពាររឿងក្តីរបស់គាត់។ ដូច្នេះមេធាវីរូបនោះចាត់ថា ជាតំណាងស្របច្បាប់ឬ?
មេធាវីជាតំណាងឱ្យកូនក្តីក្នុងរឿងក្តីណាមួយតាមការយល់ព្រមពីកូនក្តីដែលធ្វើឡើងតាមរយៈលិខិតប្រគល់សិទិ្ធ (តំណាងដោយអាណត្តិ) នៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាល នៃនីតិវិធី។ មេធាវីដើរតួនាទីយ៉ាងសកម្មក្នុងការស្វែងភ័ស្តុតាងបង្ហាញជូនតុលាការ។ មេធាវីអាចការពារសិទ្ធិជូនកូនក្តីក្នុងរឿងរដ្ឋប្បវេណី រឿងក្តីព្រហ្មទណ្ឌតាមរយៈពាក្យសុំពឹងពាក់មេធាវី។
ដើម្បីជំនុំជម្រះបុគ្គលណាម្នាក់ដែលទទួលរងការចោទប្រកាន់ដែលគេមិនទាន់សន្មតថាគ្មានទោសនោះ តើមេធាវីមានអំណាចតាមផ្លូវច្បាប់បែបណាដែរ?
ជាគោលបំណងច្បាប់ គឺដើម្បីឱ្យមានតុល្យភាពក្នុងការតវ៉ាក្តីក្នុងការឆ្លើយដោះសាឱ្យស្របច្បាប់។ អ៊ីចឹងហើយបានជាអំណាចរបស់មេធាវីក្នុងផ្លូវច្បាប់ដែលអំណាចរបស់មេធាវីនេះ គឺមាន អាជ្ញាក្នុងការបង្ហាញភ័ស្តុតាង។ ព្រះរាជអាជ្ញា គឺជាអ្នកដាក់ភ័ស្តុតាងដាក់បន្ទុក (ព្រះរាជអាជ្ញាមុននឹងធ្វើការចោទប្រកាន់ គឺត្រូវរកភ័ស្តុតាងឱ្យលើសពីវិមតិសង្ស័យ)។ ចំណែកមេធាវី គឺជាអ្នកស្វែងរកភ័ស្តុតាងដោះបន្ទុកឱ្យកូនក្តី។ អ៊ីចឹងហើយបានជាមេធាវីនៅពេលដែលឡើងការពារឱ្យកូនក្តីត្រូវស្វែងរកចំណុចសង្ស័យ (ធាតុផ្សំនៃបទល្មើសមិនទាន់គ្រប់គ្រាន់)។ មានន័យថា ការចោទប្រកាន់នោះគ្រប់ធាតុផ្សំហើយ ឬនៅទាក់ទងនឹងបទល្មើស? និងមានភ័ស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ហើយឬនៅ? ថា តើភ័ស្តុតាងទាំងអស់នោះលើសពីវិមតិសង្ស័យហើយឬនៅ? តើភ័ស្តុតាងទាំងអស់នោះមានការសង្ស័យ ឬអត់? បើសិនជាមានការសង្ស័យគ្មានធាតុផ្សំគ្រប់គ្រាន់ទេ គឺវិមតិសង្ស័យត្រូវបានជាប្រយោជន៍របស់ជនជាប់ចោទ។
យោងតាមមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញចែងថា វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ នេះនិយាយពីផលប្រយោជន៍របស់មេធាវី។
គេឃើញថា នៅពេលជំនុំជម្រះក្តីម្តងៗ មេធាវីតែងតែឡើងសន្និដ្ឋានជំនួសឱ្យកូនក្តី ឬជួនកាលជនជាប់ចោទឡើងការពារក្តីដោយខ្លួនឯងអត់មានមេធាវីទេតែឡើងនិយាយបង្ហាញភ័ស្តុតាង ឬបំភ្លឺខ្លួនឯងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះ។ អ៊ីចឹងករណី ២ នេះមួយណាមានទម្ងន់ជាង?
តម្លៃនៃការបង្ហាញភ័ស្តុតាងរបស់ជនជាប់ចោទ គឺមានតម្លៃដូចនឹងមេធាវីដែរ ក៏ប៉ុន្តែដោយសារខ្លួនឯងអត់ចេះច្បាប់អត់ចេះបង្ហាញដែលគាត់ប្រើសិទ្ធិតាមផ្លូវច្បាប់របស់គាត់មិនអស់។ តែបើនិយាយពីគុណតម្លៃវិញ គឺមានតម្លៃជាងមេធាវីផង ព្រោះអីដោយសារជារឿងរបស់គាត់ផ្ទាល់គ្មាននរណាដឹងរឿងជាជាងខ្លួនយើងផ្ទាល់ទេ ក៏ប៉ុន្តែដោយសារគាត់មិនចេះច្បាប់ គឺគាត់ទៅជាខ្សោយជាងមេធាវីវិញ៕