
លោកមេធាវី កុយ ដុល្លា កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅមុននឹងបានគ្នាជាស្វាមីភរិយាស្របច្បាប់ ដៃគូស្នេហ៍ ហាក់មិនបានដើរលើផ្លូវ [នីតិវិធី] ដូចៗគ្នានោះទេ ពោលគឺវាជាអាស្រ័យលើជម្រើសឬ លទ្ធភាពដែលអាចធ្វើទៅបាន។ ចង់ដឹងថា តើមាននីតិវិធីអ្វីខ្លះ ទើបអាចក្លាយខ្លួនជាគូស្វាមីស្របច្បាប់ទៅបាន? ជុំវិញចម្ងល់នេះ ភ្នំពេញ ប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី កុយ ដុល្លា ជាសមាជិកនៃក្រុមមេធាវីធម្មសាស្ត្រមានការិយាល័យនៅអគារលេខ ៣៦ ជាន់ទី១០ បន្ទប់លេខ P១០-P១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញតាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) មានគម្រោងរៀបអាពាហ៍ពិពាហ៍ តើគាត់ត្រូវទៅសុំច្បាប់នៅអាជ្ញាធរដែនដីឬសមត្ថកិច្ចណា?ហេតុអ្វីបានជាត្រូវតែសុំច្បាប់?
ជាទូទៅតាមការអនុវត្តឃើញថា ប្រជាពលរដ្ឋតែងតែធ្វើពិធីរៀបការតាមប្រពៃណី និងចុះសំបុត្រអាពាហ៍ពិពាហ៍ ឬខ្លះទៀតធ្វើតែពិធីតាមប្រពៃណីប៉ុណ្ណោះឬខ្លះទៀតចុះតែសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ តែពុំធ្វើពិធីតាមប្រពៃណី។ ចំពោះការធ្វើពិធីតាមប្រពៃណី ប្រជាពលរដ្ឋតែងតែទៅសុំច្បាប់ពីអាជ្ញាធរមូលដ្ឋានជាមុន ដើម្បីទទួលការអនុញ្ញាតរៀបចំពិធីរៀបអាពាហ៍ពិពាហ៍។ មុននឹងបកស្រាយសំណួរខាងលើខ្ញុំសូមពន្យល់អំពីភាពខុសគ្នារវាងលិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងលិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ ឬយើងតែងតែហៅ ការចុះអេតាស៊ីវិល (État civil)។
លិខិតសុំច្បាប់អាពាហ៍ពិពាហ៍ គឺជាប្រភេទលិខិតដែលយើងស្នើសុំអាជ្ញាធរ ដើម្បីទទួលបានច្បាប់រៀបអាពាហ៍ពិពាហ៍។ រីឯលិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលគឺលិខិតដែលគូភាគីស្នើសុំអាជ្ញាធរឃុំ ឬសង្កាត់ដើម្បីចុះបញ្ជីអាពាហ៍ពិពាហ៍ និងត្រូវបំពេញលក្ខខណ្ឌដែលតម្រូវដើម្បីក្លាយជាប្តីប្រពន្ធពេញច្បាប់។ហេតុដូច្នេះចំពោះការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ពីអាជ្ញាធរនោះ អាជ្ញាធរនឹងធ្វើការជូនដំណឹងជាសាធារណៈអំពីការរៀបអាពាហ៍ពិពាហ៍នេះ ដើម្បីទុករយៈពេលឱ្យមានការតវ៉ា។ប្រសិនបើផុតរយៈពេលតវ៉ា នោះមានន័យថាអ្នកនោះបានបោះបង់សិទ្ធិរបស់ខ្លួនក្នុងការតវ៉ា។ ដូច្នេះប្រសិនបើអ្នកនោះទៅអុកទ្បុកពិធី រៀបអាពាហ៍ពិពាហ៍ គេអាចនឹងប្រឈមមុខនឹងផ្លូវច្បាប់។
ស្របពេលសុំច្បាប់រៀបអាពាហ៍ពិពាហ៍នោះ តើលោក (ក) អាចចុះសំបុត្រអាពាហ៍ពិពាហ៍ដំណាលគ្នាតែម្តងបានដែរទេ?
ការរៀបអាពាហ៍ពិពាហ៍ត្រូវធ្វើទ្បើងតាមលក្ខខណ្ឌ និងនីតិវិធីតាមលំដាប់លំដោយដែលច្បាប់បានកំណត់។ ត្រង់ចំណុចនេះ យើងឃើញមាននិយាយនៅក្នុងមាត្រា ៩៥៥ នៃក្រមរដ្ឋប្បវេណី ដែលចែងថា៖ អាពាហ៍ពិពាហ៍នឹងមានអានុភាព ដោយការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីអាពាហ៍ពិពាហ៍ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ខាងលើ ត្រូវធ្វើដោយផ្អែកតាមនីតិវិធីដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន។ បើផ្អែកទៅតាមមាត្រាខាងលើ គេចែកនីតិវិធីជា ៤ ដំណាក់កាល និងត្រូវធ្វើតាមលំដាប់របស់ច្បាប់ពុំអាចធ្វើដំណាលគ្នាបានទេ ដោយហេតុថា ប្រសិនបើការសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងការចុះសំបុត្រអាពាហ៍ពិពាហ៍ធ្វើឡើងដំណាលគ្នាតែម្តង គឺពុំបានបំពេញនីធីវិធីជូនដំណឹងជាសាធារណៈ និងការចុះកិច្ចសន្យា អាពាហ៍ពិពាហ៍ ដែលអាចនាំឱ្យអាពាហ៍ពិពាហ៍នោះពុំមានអានុភាព។
ប្រសិនបើលោក (ក) រៀបការរួចហើយ គាត់ចង់ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ តើគាត់អាចចុះនៅត្រឹមអាជ្ញាធរឃុំ-ស្រុក ឬក្រុង-ខណ្ឌបានទេ?
ក្នុងន័យនេះ ចង់សំដៅដល់ស្ថានភាពដែលគូភាគីបានរៀបការតាមប្រពៃណីរួចហើយ តើគាត់អាចទៅចុះសំបុត្រអាពាហ៍ពិពាហ៍បានដែរទេ?
ពិធីរៀបអាពាហ៍ពិពាហ៍គ្រាន់តែជាការបំពេញកិច្ចតាមប្រពៃណីប៉ុណ្ណោះ រីឯការបំពេញនីតិវិធីដូចជា៖ ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានស្របតាមមាត្រា ៩៥៥ នៃក្រមរដ្ឋប្បវេណីខាងលើ ទើបធ្វើឲ្យគូភាគីក្លាយជាប្តីប្រពន្ធពេញច្បាប់បាន និងត្រូវស្ថិតក្រោមបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ និងគ្រួសារ ពោលគឺថា តើនៅពេលក្លាយជាប្តីប្រពន្ធពេញច្បាប់ គូភាគីមានសិទ្ធិធ្វើអ្វីខ្លះ ហើយច្បាប់ហាមឃាត់អ្វីខ្លះ? ឧទាហរណ៍ គូភាគី មិនអាចទៅរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកផ្សេងទៀតបានទ្បើយ។
បើលោក (ក) លែងលះជាមួយប្រពន្ធគាត់ តើគាត់ត្រូវទៅប្តឹងនៅតុលាការ ឬយ៉ាងណា?ហេតុអ្វីចាំបាច់ប្តឹងទៅតុលាការ?
តាមការសង្កេតឃើញថា ប្រជាពលរដ្ឋតែងតែគិតថា នៅពេលលែងលះ គឺត្រូវទៅផ្តិតមេដៃលែងលះនៅឃុំ ឬសង្កាត់ ជាការគ្រប់គ្រាន់។ ប្តីប្រពន្ធខ្លះ បបួលគ្នាទៅផ្តិតមេដៃលែងលះនៅចំពោះមុខឃុំសង្កាត់ ឬអ្នកខ្លះទទូចមិនផ្តិតមេដៃលែងលះនោះទេ។ ត្រង់ចំណុចនេះគួរបែងចែកជា ២ ករណី៖ ១- បានរៀបការតាមប្រពៃណី ២- បានចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់។ ករណីគ្រាន់តែរៀបការតាមប្រពៃណីដែលស្ថានភាពបែបនេះផ្លូវច្បាប់កំណត់ថា ជាអនីតិសង្វាសនៅពេលដែលគូភាគីចង់បែកគ្នាពុំចាំបាច់ទ្បើងទៅតុលាការនោះទេ ប៉ុន្តែប្រសិនបើមានវិវាទពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនិងកូន គឺគូភាគីអាចស្នើសុំតុលាការដើម្បីបែងចែកទ្រព្យឬកំណត់អំណាចមេបាថា កូនបានទៅខាងណាជាអ្នកគ្រប់គ្រង។
ផ្ទុយទៅវិញករណីគូភាគីបានរៀបពាហ៍ពិពាហ៍ពេញច្បាប់ គូភាគីអាចប្រើសិទ្ធិប្តឹងសុំលែងលះបាន តែការសម្រេចឱ្យលែងលះ ឬមិនឱ្យលែងលះនោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ យោងតាមមាត្រា ៩៨២ នៃក្រមរដ្ឋប្បវេណីចែងថា៖ ពាក្យបណ្តឹងលែងលះគ្នា អាចដាក់ទៅតុលាការដែលមានសមត្ថកិច្ចដោយយោងតាមបញ្ញត្តិមាត្រា ១០ (សមត្ថកិច្ចសាលាជម្រះក្តីពិសេសលើរឿងក្តីលែងលះគ្នា និងរឿងក្តីអំពីបុត្តភាព) នៃក្រមនីតិវិធីរដ្ឋប្បវេណីបាន។ ភាគីអាចដាក់ពាក្យសុំលែងលះគ្នាទៅក្រុមប្រឹក្សាឃុំ សង្កាត់ខាងលំនៅឋាន ឬទីសំណាក់ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី៣ នៃមាត្រា ១០ (សមត្ថកិច្ចសាលាជម្រះក្តីពិសេសលើរឿងក្តីលែងលះគ្នា និងរឿងក្តីអំពីបុត្តភាព) នៃក្រមនីតិវិធីរដ្ឋប្បវេណីបាន។ ក្នុងករណីនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ អាចធ្វើការបញ្ចុះបញ្ចូលឱ្យសះជាគ្នាបានក្នុងអំទ្បុងពេល ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំនោះ។ បើមិនអាចបញ្ចុះបញ្ចូលឱ្យសះជាគ្នាបានទេ ត្រូវចាត់ទុកថាមានពាក្យបណ្តឹងលែងលះគ្នា ហើយក្រុមប្រឹក្សាឃុំត្រូវបញ្ជូនពាក្យបណ្តឹងនោះទៅកាន់តុលាការជាបន្ទាន់។
ហេតុដូច្នេះ គូភាគីអាចប្តឹងសុំលែងលះទៅតុលាការដោយផ្ទាល់ ឬតាមរយៈឃុំ សង្កាត់កាលបើពុំអាចសះជាគ្នាបានទេ ក្រុមប្រឹក្សាឃុំ សង្កាត់នឹងបញ្ជូនសំណុំបែបបទនេះទៅតុលាការ។ ប៉ុន្តែតាមការអនុវត្តជាក់ស្តែងច្រើនតែដាក់ទៅកាន់តុលាការតែម្តង ព្រោះចំណេញពេលវេលា ហើយកម្រឃើញករណីគូភាគីមិនសះជាមួយគ្នា ហើយក៏កម្រឃើញករណីក្រុមប្រឹក្សាឃុំសង្កាត់បញ្ជូនសំណុំរឿងទៅតុលាការដែរ៕