
លោកមេធាវី លី កុសល កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅ មនុស្សពេញវ័យដែលប្រព្រឹត្តបទល្មើសអ្វីមួយគឺតែងប្រឈមនឹងការផ្ដន្ទាទោសទៅតាមច្បាប់ដោយចៀសមិនរួចឡើយ។ ចុះបើអ្នកប្រព្រឹត្តជាអនីតិជនវិញ តើត្រូវទទួលទោសបែបណា ហើយអាណាព្យាបាល ឬឪពុកម្ដាយអាចទទួលទោសជំនួសបានដែរឬទេ? ជុំវិញចម្ងល់នេះភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី លី កុសល ដែលមានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា កូនរបស់លោក (ក) មានអាយុ ១៦ ឆ្នាំ បានលេងជាមួយមិត្តភក្ដិម្នាក់ តែគាត់ជ្រុលដៃធ្វើឱ្យមិត្តភក្ដិនោះស្លាប់ ហើយសមត្ថកិច្ចចាប់ខ្លួន។ ដោយសារតែស្តាយការសិក្សា និងស្តាយអនាគតរបស់កូន ដូច្នេះលោក (ក) បានសុំជាប់ពន្ធនាគារជំនួសកូន តើច្បាប់មានការលើកលែងករណីដូចនេះឬទេ?
នៅក្នុងនីតិវិជ្ជមាននៅកម្ពុជាបច្ចុប្បន្នគឺមានគោលការណ៍ស្តីអំពីឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ មានន័យថា គោលការណ៍នេះសំដៅដល់ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន។ “អំពើផ្ទាល់ខ្លួន” មានន័យថា បើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស ដូច្នេះបុគ្គលនោះជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ។ ករណីបែបនេះគឺខុសពីរឿងក្តីរដ្ឋប្បវេណីមានន័យថា ក្នុងរឿងរដ្ឋប្បវេណី ច្បាប់អនុញ្ញាតឱ្យអ្នកដទៃទទួលខុសត្រូវជំនួសបាន។ ប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌ អ្នកណាជាអ្នកប្រព្រឹត្តបទល្មើស អ្នកនោះគឺជាអ្នកទទួលខុសត្រូវដែលភាសាខ្មែរយើងនិយាយយ៉ាងសាមញ្ញថា “អ្នកណាធ្វើ អ្នកនោះទទួល” ហេតុនេះមិនអាចឱ្យអ្នកដទៃចូលទៅទទួលទោសជំនួសទេ ទោះបីទោសនោះជាទោសប្រភេទអ្វីក៏ដោយ។
ដើម្បីងាយយល់ យើងសូមលើកឧទាហរណ៍៖ មូលទោស គឺទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ ប្រសិនបើជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារគឺច្បាប់មិនអនុញ្ញាតឱ្យអ្នកដទៃចូលទៅទទួលរងទោសជំនួសឱ្យទណ្ឌិតនោះទេ។ សូម្បីតែការបង់ប្រាក់ពិន័យក៏ច្បាប់មិនអនុញ្ញាតឱ្យអ្នកដទៃទៅបង់ប្រាក់ជំនួសដែរ ព្រោះគោលបំណងនៃទោសព្រហ្មទណ្ឌដែលមានគោលដៅធ្វើឱ្យជននោះខ្លាចរអា និងដើម្បីបង្ការដល់សាធារណជន។
ដូច្នេះការដាក់ទណ្ឌកម្ម គឺធ្វើឱ្យទណ្ឌិតមានអារម្មណ៍មួយទទួលរងថា អ្វីដែលគាត់ប្រព្រឹត្តគឺខុស ហើយនៅពេលខុស តើគាត់បានទទួលរងនូវផលវិបាកអ្វីខ្លះ ចំពោះផ្ទាល់ខ្លួនឯងជាដើម។ ដោយឡែកចំពោះស្ថានភាពកូនរបស់លោក (ក) គឺមានអាយុ ១៦ ឆ្នាំ គឺជាអាយុមួយ ដែលអាចទទួលខុសត្រូវព្រហ្មទណ្ឌ ប៉ុន្តែក៏អាចទទួលបានស្ថានសម្រាលទោសផងដែរដោយផ្អែកទៅលើភាពជាអនីតិជន។
បើច្បាប់មិនអាចលើកលែងឱ្យបានតើមកពីមូលហេតុអ្វី? តាមច្បាប់បុគ្គលដែលមិនទាន់អាចមានទោសជាប់ពន្ធនាគារចាប់ពីអាយុប៉ុន្មានដល់អាយុប៉ុន្មានដែរ?
ដូចអ្វីដែលយើងបញ្ជាក់ពីសំណួរទី ១ រួចហើយអំពីមូលហេតុដោយឡែកពាក់ព័ន្ធនឹងអាយុដែលអាចទទួលខុស ត្រូវវិញអនីតិជនមានអាយុក្រោម ១៤ ឆ្នាំមិនអាចត្រូវទទួលរងនូវការផ្តន្ទាទោសណាមួយឡើយ ទោះបីជាអនីតិជននោះបានប្រព្រឹត្តបទល្មើសប្រភេទណាក៏ដោយ (មាត្រា ២១២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ក៏ប៉ុន្តែតុលាការអាចចាត់វិធានការណាមួយដូចមានចែងនៅមាត្រា ៤០ នៃក្រមព្រហ្មទណ្ឌបាន។
ក្នុងករណីដែលអនីតិជនដែលមានអាយុចាប់ពី ១៤ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចជា បទល្មើសឃាតកម្ម,ជួញដូរគ្រឿងញៀន,រំលោភសេពសន្ថវៈ,លួចមានស្ថានទម្ងន់ជាដើមកាលៈទេសៈនៃការប្រព្រឹត្តបទល្មើសនេះអាចជាមូលហេតុឱ្យតុលាការប្រកាសទណ្ឌកម្មព្រហ្មទណ្ឌលើអនីតិជនបាន។
ឧទាហរណ៍៖ អនីតិជនអាយុចាប់ពី ១៤ ឆ្នាំ ដល់ ១៨ ឆ្នាំ បានលួចអាវមួយ តើកាលៈទេសៈនៃការប្រព្រឹត្តបទល្មើសនេះតម្រូវឱ្យតុលាការប្រកាសទោសលើអនីតិជនបានដែរឬទេ? ការដែលតុលាការត្រូវប្រកាសដាក់ទណ្ឌកម្មលើអនីតិជនត្រូវបន្ថយក្នុងលក្ខខណ្ឌដូចមានចែងនៅមាត្រា ១៦០ នៃក្រមព្រហ្មទណ្ឌ ៖
-អតិបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្តាល។
-ប្រសិនអតិបរមានៃទោសដាក់ពន្ធនាគារគឺជាទោសដាក់ពន្ធនាគារអស់ ១ ជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ ឆ្នាំ។
-អប្បបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្តាល ប្រសិនបើអប្បបរមានេះលើសពី ១ ថ្ងៃ។
-អប្បបរមា និងអតិបរមានៃទោសពិន័យជាប្រាក់ត្រូវបន្ថយពាក់កណ្តាល។
ចុះបើជាស្ត្រីកំពុងមានផ្ទៃពោះវិញ ហើយគាត់បានកាន់កាំបិត និងជ្រុលដៃចាក់ប្តីរបស់គាត់ស្លាប់ តើច្បាប់មានការលើកលែងទោសដល់គាត់ឬទេ?
ច្បាប់មិនបានចែងអំពីការរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដោយមូលហេតុមានផ្ទៃពោះនោះទេ ប៉ុន្តែតុលាការអាចពិចារណាទៅលើស្ថានសម្រាលទោស ផ្អែកលើចរិតលក្ខណ: ស្ថានភាពរបស់ចារី និងអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រមជាដើម៕