ជាទូទៅ ករណី​ជនណាម្នាក់​ធ្វើឱ្យ​គូទំនាស់​រងរបួស ​ឬ​ស្លាប់​គឺ​អ្នកប្រព្រឹត្ត​តែងតែ​ប្រឈមមុខ​នឹង​ការផ្ដន្ទាទោស​តាមច្បាប់​។ ចុះបើ​ការធ្វើឱ្យ​រងគ្រោះ​នោះ​កើតឡើង​ដោយសារ​ការការពារ​ខ្លួន​ ​តើ​មានទោស​ដែរ​ឬ​យ៉ាងណា​? ​ជុំវិញ​ចម្ងល់​នេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការ​ពន្យល់​ពី​លោក​មេធាវី យុង ផានិត ក្រុមមេធាវី​ច្បាប់ និង​ពិគ្រោះ​យោបល់​ដែលមាន​ការិយាល័យ​នៅផ្ទះ​លេខ​ ២១១០B ​ផ្លូវជាតិ​លេខ​ ៥ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមាថា មាន​មនុស្ស​ ១​ ក្រុម បាន​ព្រួត​គ្នា​វាយ​លោក ​(​ក​)​ ម្នាក់ឯង​។ ​នៅពេលនោះ​គាត់​ (​លោក ក​) ​បាន​ដក​កាំភ្លើង​បាញ់​ស្លាប់​បក្ខពួក​ម្នាក់ ក្នុង​ក្រុម​នោះ​។ ករណីបែបនេះ បើតាម​ផ្លូវច្បាប់​យ៉ាងដូចម្តេច​ដែរ​?

ករណី​មនុស្ស​ ១ ​ក្រុម​ទៅ​វាយ​លោក​ (​ក​)​ ហើយ​បើ​លោក​ (​ក​) ​តបត​វិញ​ថា​តើ​សមស្រប​ទៅតាម​ច្បាប់​ឬ​យ៉ាងណា​? ​ជុំវិញ​បញ្ហា​នេះ​អ្នក​ដែល​អាច​រួចផុត​ទោស​បាន​ដែលជា​គោលការណ៍​ក្នុងស្ថានភាព​ការពារ​ខ្លួន ហើយ​ការ​ការពារ​ខ្លួន​នេះ​ត្រឹមត្រូវ​តាមច្បាប់​។ ​ចំពោះ​លក្ខខណ្ឌ​នៃ​ការការពារ​ខ្លួន​គឺមាន​ ៣ ​លក្ខខណ្ឌ ទី​ ១-​ អ្នក​ដែល​ធ្វើអំពើ​នោះ​ជា​អំពើ​ល្មើសច្បាប់​។ លក្ខខណ្ឌ​ទី​ ២-​ កម្លាំង​ដែល​ធ្វើ​មក​ហ្នឹង​វា​ត្រូវតែ​ការពារ​ទ្រព្យសម្បត្តិ​ខ្លួនឯង ការពារ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ ឬក៏​ការពារ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ ឬក៏​អាយុជីវិត​ខ្លួនឯង ឬ​អាយុជីវិត​អ្នកដទៃ​។ ​ទី​ ៣- ​កម្លាំង​តបត​ត្រូវតែមាន​តុល្យភាព​គ្នា​នឹង​កម្លាំង​នោះ​។ ​ឥឡូវនេះ​យើង​ពិនិត្យមើល​ពាក់ព័ន្ធ​លក្ខខណ្ឌ​ខាងលើ​យើង​ឃើញថា វា​ចូល​ ២ ​លក្ខខណ្ឌ តែ​នៅ​ខ្វះ ​១ ​លក្ខខណ្ឌ​។ ​ចំពោះ​ថា​នៅ​ខ្វះ​ ១​ លក្ខខណ្ឌ​នោះ គឺ​តុល្យភាព​នៃ​កម្លាំង​ពោលគឺ​កម្លាំង​ដែល​ប្រើ​ប្រឆាំង​ទៅនឹង​ក្រុម​ជន​ដែល​ខុសច្បាប់​គឺ​ត្រូវតែ​សមាមាត្រ​គ្នា​។ ​តែ​បើជា​កម្លាំង​ស្របច្បាប់​គឺ​យើង​មិនអាច​តបត​ប្រឆាំង​បានទេ ឧ​ទា​-​ហរ​ណ៍ សមត្ថកិច្ច​ដេញ​អ្នកលក់ដូរ គឺ​អ្នកលក់ដូរ​នោះ មិនអាច​តបត​ប្រឆាំង​សមត្ថកិច្ច​បានទេ ពីព្រោះ​សមត្ថកិច្ច​ជា​កម្លាំង​ស្របច្បាប់​។

ដូចម្តេច​ដែល​ហៅថា តុល្យភាព​នៃ​កម្លាំង​តបត​?

ពាក្យ​តុល្យភាព​គឺ​ការស្មើភាព​គ្នា​ការថ្លឹង​ឱ្យមាន​ទម្ងន់​ស្មើគ្នា​។ ​ឧទាហរណ៍​បទល្មើស​ក្នុង​សំណួរ​ទី​ ១ គឺ​មនុស្ស​ ១ ​ក្រុម​បានមក​វាយ​លោក​ (​ក​)​ ដោយ​ដៃ​។

នៅត្រង់ចំណុច​នេះ​បើ​លោក ​(​ក​) ​មាន​កាំបិត​គឺ​គាត់​អាច​កាប់​ត្រឹមតែ​ឱ្យ​របួស​ ​ឬ​បើ​លោក ​(​ក​)​ គាត់​មាន​កាំភ្លើង​គឺ​គាត់​អាច​បាញ់​ត្រឹមតែ​ជើង​ជនល្មើស​ឱ្យ​របួស​បាន​ហើយ ដែល​នេះ​ជា​ជម្រើស​ចុងក្រោយ​។ ​តែ​ប្រសិនបើ​លោក​ (​ក​)​ គាត់​បាញ់​ក្រុមមនុស្ស​ដែលជា​ជនសង្ស័យ​នោះ​ស្លាប់​ ខណៈដែល​ពួកគេ​រត់​ចេញពី​កន្លែងកើតហេតុ​ទៅហើយនោះ​គឺ​គាត់​មិនត្រូវ​បាញ់​ក្រុម​ជនសង្ស័យ​នោះ​ឱ្យស្លាប់​ទេ​។ ​តែ​លោក​ (​ក​)​ អាច​បាញ់​ត្រឹម​កង់​ម៉ូតូ​របស់​ជនសង្ស័យ​នោះបាន​ ឬក៏​ស្រែក​ឱ្យគេ​ស្ទាក់ចាប់​អ៊ីចឹងទៅ ហើយ​នេះ​គេ​ហៅថា កម្លាំង​តបត​។ ​ខ្ញុំ​សរុប​សេចក្តី​មកវិញ លក្ខខណ្ឌ​ទី ​១ ​គឺ​កម្លាំង​ដែល​បម្រុង​ប្រើ​មក​ប្រឆាំង​ជាមួយ​យើង​គឺជា​កម្លាំង​ខុសច្បាប់​។ ​ហេតុដូច្នេះ​យើង​ឃើញថា មនុស្ស ១​ ក្រុម​នោះបាន​ធ្វើ​សកម្មភាព​វាយ​លោក ​(​ក​)​ មានន័យថា​មនុស្ស​ ១​ ក្រុម​នោះបាន​ធ្វើ​សកម្មភាព​ខុសច្បាប់ ព្រោះ​ពួកគេ​មក​ព្រួត​គ្នា​វាយ​លោក​ (​ក​)​ ខណៈ​គាត់​មិនបាន​បង្ករឿង​មុន​។ ​លក្ខខណ្ឌ​ទី ​២ ​នៅពេល​ដែល​លោក​ (​ក​) ​ត្រូវបាន​គេ​វាយ គឺ​គាត់​ប្រើ​សិទ្ធិ​ការពារ​ខ្លួន និង​ការពារ​ទ្រព្យសម្បត្តិ​របស់គាត់​ប្រឆាំង​តបត​ទៅនឹង​មនុស្ស​ ១​ ក្រុម​នោះ​។​ ប៉ុន្តែ​យើង​ត្រូវ​មើល​កម្លាំង​តបត​នោះ​តើ​មាន​តុល្យភាព​គ្នា​នឹង​កម្លាំង​ម្ខាង​ទៀត​ឬ​អត់​? ​បើ​យោងតាម​មាត្រា​ ៣៣ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​សភាព​ការការពារ​ស្របច្បាប់​មិន​ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​ទេ​។ ការការពារ​ស្របច្បាប់​ត្រូវមាន លក្ខខណ្ឌ​ដូចខាងក្រោម​។ បទល្មើស​ត្រូវ​ចាត់ទុកថា ត្រឹមត្រូវ​ដោយ​ការចាំបាច់​ដើម្បី​ការពារ​ខ្លួន ការពារ​អ្នក​ដទៃ​ ឬ​ការពារ​ទ្រព្យសម្បត្តិ​ប្រឈមមុខ​នឹង​ការឈ្លានពាន​មួយ​ដែល​មិន​ត្រឹមត្រូវ បទល្មើស និង​ការឈ្លានពាន​ត្រូវតែ​កើតឡើង​ក្នុងពេល​ជាមួយគ្នា និង​គ្មាន​វិសមាមាត្រ​រវាង​មធ្យោបាយ​ការពារ​ដែល​ប្រើប្រាស់ និង​ទម្ងន់​នៃ​ការឈ្លានពាន​៕